អន្តរជាតិ
ច្បាប់សន្តិសុខជាតិ ៖ហុងកុងគ្រោងដាក់ទណ្ឌកម្មកាន់តែតឹងរ៉ឹង និងទោសកាន់តែយូរឆ្នាំ
10, Mar 2024 , 9:30 am        
រូបភាព
ប្រទេសហុងហុង បា​នចេញផ្សាយសេចស្ដីព្រាងច្បាប់សន្តិសុខជាតិថ្មីរបស់ខ្លួន ដោយដាក់ទណ្ឌកម្មកាន់តែតឹងរ៉ឹង លើអ្នកដែលត្រូវបានផ្តន្ទាទោសពីបទឧក្រិដ្ឋកម្ម ដូចជាសកម្មភាពទាក់ទងនឹងការញុះញង់ និងអាថ៌កំបាំងរ​ដ្ឋជាដើម។​

ក្រុមប្រឹក្សានីតិប្បញ្ញត្តិបានចាប់ផ្តើមពិភាក្សាលើសេចក្តីព្រាងច្បាប់នេះនៅថ្ងៃទី៨ ខែមីនា ចំពេលសន្តិសុខតឹងតែង ហើយសមាជិកមួយចំនួននៃស្ថាប័នដែលគាំទ្រទីក្រុងប៉េកាំងភាគ ច្រើនបាននិយាយថា ពួកគេរំពឹងច្បាប់នឹងត្រូវបានអនុម័ត មុនពាក់កណ្តាលខែមេសា ។ មេដឹកនាំហុងកុង លោក John Lee ជំរុញឱ្យសមាជិកសភាអនុម័តច្បាប់នេះ ក្នុងល្បឿនផងដែរ។
 
«ភូមិសាស្ត្រនយោបាយកាន់តែស្មុគស្មាញ ហើយហានិភ័យសន្តិសុខជាតិនៅតែកើតមាន ឡើង»។ សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលបានសង្កត់ធ្ងន់បែបនេះពីហេតុផលនៃតម្រូវការ ដាក់ចេញនៃច្បាប់ទាំងនេះ។
 
ច្បាប់​ខាង​រួម​បញ្ចូល​ការ​កាត់ទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​ពី​បទ​ក្បត់ជាតិ ការបះបោរ ដោយហិង្សាប្រឆាំងនឹងអាជ្ញាធរ ឬរដ្ឋាភិបាល និង​ការ​បំផ្លិចបំផ្លាញ ហើយការជាប់ទោស ២០ ឆ្នាំ​សម្រាប់សកម្មភាព​ចារកម្ម និង ១០ ឆ្នាំ​សម្រាប់​ឧក្រិដ្ឋកម្ម​ទាក់ទង​នឹង​ការ​សម្ងាត់​រដ្ឋ និង ការញុះញង់មនុស្សឱ្យបះបោរប្រឆាំងនឹងអំណាចនៃរដ្ឋ។
 
ទោសសម្រាប់ការញុះញង់មនុស្សឱ្យបះបោរប្រឆាំងនឹងអំណាចនៃរដ្ឋដែលកំណត់ថាជាការញុះញង់ឱ្យមានការមិនសប្បាយចិត្ត ឬការស្អប់ខ្ពើមចំពោះអាជ្ញាធរ តាមរយៈសកម្មភាព ពាក្យ សម្ដី ឬការបោះពុម្ពផ្សាយ ត្រូវបានពង្រីកពី ២ ទៅ ១០ ឆ្នាំសម្រាប់បទល្មើសនៅក្នុងការ ឃុបឃិតជាមួយកងកម្លាំងបរទេស។ បន្ថែមពីនេះការដាក់ពន្ធនាគាររហូតដល់ ៣ ឆ្នាំ ចាប់ពី ១ឆ្នាំឡើងទៅពីបទកាន់កាប់ការបោះពុម្ពផ្សាយញុះញង់ ហើយប៉ូលីសមានសិទ្ធិឆែកឆេរទីតាំង ណាមួយ ដើម្បីរឹបអូស និងបំផ្លាញសម្ភារទាំងនោះ។
 
សេចក្តីព្រាងច្បាប់ថ្មីដែលបញ្ចូល ការក្បត់ជាតិ ចារកម្ម និងការជ្រៀតជ្រែកពីខាងក្រៅ កំពុង ត្រូវបានឃ្លាំមើលយ៉ាងដិតដល់ពីអ្នកការទូត និងធុរកិច្ចបរទេស។ ការឃ្លាំមើលនេះក៏ព្រោះតែ មានក្ដីបារម្ភ ចំពោះច្បាប់ទាំងនេះ អាចដាក់កម្រិតបន្ថែមទៀតនៅទីក្រុងហុងកុងក្នុងការទទួលរងការបង្ក្រាប និងការជិះជាន់សិទ្ធិមនុស្សទាក់ទងនឹងសិទ្ធិការការបញ្ចេញមតិ និងការទាមទារប្រជាធិបតេយ្យ។ លើសពីនេះ អ្នកនយោបាយ និងសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យ ជាច្រើននាក់ នៅទីក្រុងហុងកុងត្រូវបានជាប់ពន្ធនាគារជាច្រើនឆ្នាំ ឬត្រូវបាននិរទេសខ្លួនទៀតផង។
 
មេធាវីមួយចំនួនសម្គាល់ថា និយមន័យនៃអាថ៌កំបាំងរដ្ឋក៏មានលក្ខណៈទូលំទូលាយផងដែរ ដែលរួមមានទាំងអាថ៌កំបាំងយោធា សន្តិសុខ និងការទូត ព្រមទាំងព័ត៌មានសង្គម សេដ្ឋកិច្ច និងបច្ចេកវិទ្យាដែលចាត់ថ្នាក់ពាក់ព័ន្ធនឹងរដ្ឋាភិបាលចិន និងហុងកុង និងទំនាក់ទំនងរបស់ ពួកគេ។
 
ហុងកុងស្នើឱ្យពន្យារពេលការឃុំខ្លួនដោយប៉ូលីសសម្រាប់អ្នកដែលត្រូវបានចាប់ខ្លួនដោយមិនមានការចោទប្រកាន់រហូតដល់ ១៤ ថ្ងៃ ដោយមានការយល់ព្រមពីចៅក្រម និងលទ្ធភាព ទទួលបានមេធាវីមានកម្រិត ខណៈបច្ចុប្បន្នមានត្រឹមតែ ៤៨ ម៉ោងទៅហើយ។
 
ជុំវិញរឿងនេះ សហភាពអឺរ៉ុបនៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ទីភ្នាក់ងារសារព័ត៌មាន Reuters បាន និយាយថា ខ្លួនបានបញ្ជាក់យ៉ាងច្បាស់នៅក្នុងកំណត់សម្គាល់ការទូតមួយ អំពី ការព្រួយបារម្ភយ៉ាងខ្លាំងចំពោះបទប្បញ្ញត្តិដ៏ទូលំទូលាយនៅក្នុងច្បាប់ស្តីពីការជ្រៀតជ្រែកពីខាងក្រៅ និង ការឈានទៅដល់ផ្នែកផ្សេងៗទៀត។ អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិក លើកឡើងថា អាម៉េរិកកំពុងតាមដានយ៉ាងដិតដល់អំពីការអភិវឌ្ឍដែលហៅថា ច្បាប់មាត្រា ២៣ និងផលប៉ះពាល់របស់វាចំពោះពលរដ្ឋ និងក្រុមហ៊ុនអាម៉េរិកដែលកំពុងប្រតិបត្តិការនៅ ក្នុងទីក្រុងហុងកុង ។
 
មេធាវីមួយចំនួនដែលវិភាគលើសេចក្តីព្រាងច្បាប់នេះមើលឃើញថា វិសាលភាពនៃច្បាប់ខាង លើមួយចំនួនស្រដៀងទៅនឹងបទប្បញ្ញត្តិរបស់លោកខាងលិច ប៉ុន្តែបទប្បញ្ញត្តិមួយចំនួន ដូចជាបទញុះញង់ និងការសម្ងាត់រដ្ឋ គឺមាន លក្ខណៈទូលំទូលាយ និងតឹងតែងជាង៕

© រក្សាសិទ្ធិដោយ thmeythmey.com