អន្តរជាតិ
អតីតប្រធានាធិបតីប៉ាគីស្ថាន លោក Zardari ឡើងកាន់តំណែងក្នុងអាណត្តិទីពីរ
10, Mar 2024 , 2:40 pm        
រូបភាព
អតីតប្រធានាធីបតីប៉ាគីស្ថាន លោក Asif Ali Zardari ឈ្នះការបោះឆ្នោតមេដឹកនាំប្រទេស សម្រាប់អាណត្តិទី២ នៅថ្ងៃទី៩ ខែមីនាដែលត្រូវបានគាំទ្រដោយសម្ព័ន្ធកំពុងកាន់អំណាច ក្នុងការបោះឆ្នោតដោយសភា និងសន្និបាតប្រចាំតំបន់។ នេះបើយោងតាមមន្ត្រីរៀបចំការ បោះឆ្នោត លោក Justice Amir Farooq។

 
សេចក្ដីថ្លែងការមួយរបស់សភាប្រកាសថា លោក Zardari​ ទទួលបានសំឡេងឆ្នោត ៤១១ សំឡេង វ៉ាដាច់មេដឹកនាំជាតិនិយម លោក Mehmood Khan Achakzai ដែលទទួល បានត្រឹមតែ​ ១៨១ សំឡេងប៉ុណ្ណោះ។ លោក Achakzai ត្រូវបានគាំទ្រដោយគណបក្សរបស់មេដឹកនាំជាប់ពន្ធនាគារ Imran Khan ។
 
ប្រធានាធិបតីត្រូវបានជ្រើសរើសដោយការបោះឆ្នោតនៅក្នុងសភាជាន់ទាប និងជាន់ខ្ពស់ និងសភានីតិបញ្ញត្តិខេត្តចំនួនបួន។ 
 
យោងតាមសេក្ដីប្រកាសរបស់មន្ត្រីរៀបចំការបោះឆ្នោតប៉ាគីស្ថាន លោក Farooq​​ អំពី លទ្ធផលបោះឆ្នោតតាមរយៈការផ្សាយបន្តផ្ទាល់តាមទូរទស្សន៍ លោក Zardari ត្រូវបាន ជ្រើសរើសជាប្រធានាធិបតី និងព្រមទាំងជាមេបញ្ជាការកំពូលនៃកងកម្លាំងយោធា ប្រទេស ផងដែរ ដែលនឹងអនុញ្ញាតឱ្យលោកបង្រួបបង្រួម ឬបំបែកជួររដ្ឋាភិបាលឡើងវិញ។ 
 
លោក Zardari ត្រូវបានស្គាល់ជា បុគ្គលឆ្នើមក្នុងការស្ដារទំនាក់ទំនងឱ្យល្អប្រសើរ ដែល នឹងជួយដល់សមាជិកសម្ព័ន្ធគ្រប់គ្រងទទួលបានការឯកភាពគ្នាដោយគ្មានជំទាស់ ដើម្បីកែ តម្រូវសេដ្ឋកិច្ចដែលកំពុងទន់ខ្សោយដោយការត្រួសត្រាយផ្លូវ និងស្វែងរកជំនួយពីមូលនិធិ រូបិយវត្ថុអន្តរជាតិ (IMF)។
 
Zardari គឺជាស្វាមីរបស់អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោកស្រី Benazir Bhutto ដែល លោកទទួលបានឋានៈនយោបាយបន្ទាប់ពីការស្លាប់របស់ភរិយារបស់លោកក្នុងការ ធ្វើឃាតដោយការបំផ្ទុះគ្រាប់បែកក្នុងខែធ្នូឆ្នាំ ២០០៧។ លោកបានបន្តកាន់កាប់គណបក្សប្រជាជនប៉ាគីស្ថាន (PPP) ស្របតាមបំណងប្រាថ្នាដែលបានបង្ហាញនៅក្នុងឆន្ទៈរបស់ លោកស្រី Bhutto។
 
ចាប់ពីដើមទសវត្សរ៍ឆ្នាំ ១៩៩០ ដល់ឆ្នាំ ២០០៤ លោកត្រូវបានជាប់ពន្ធនគារ ១១ ឆ្នាំពីបទចោទប្រកាន់អំពើពុករលួយ ដែលមិនដែលមានភស្តុតាងនៅក្នុងតុលាការណាមួយឡើយ ។ ក្រោយមកលោកបានក្លាយជាប្រធានាធិបតីក្នុងឆ្នាំ ២០០៨ និងបានបម្រើការរហូតដល់ឆ្នាំ ២០១៣ ដែលជារយៈពេលដែលកងកម្លាំងពិសេសរបស់អាម៉េរិកបានវាយឆ្មក់នៅក្នុងប៉ាគីស្ថាន និងបានរកឃើញ ហើយសម្លាប់​ លោក Osama bin Laden នៅក្នុងឆ្នាំ ២០១១។
 
ស្នាដៃដ៏សំខាន់របស់លោក Zardari គឺអំឡុងអាណត្តិដំបូងរបស់លោកដែលលោក សម្រេចបានការព្រមព្រៀងនយោបាយដ៏កម្រមួយក្នុងការដាក់ចេញប្រើប្រាសនៃច្បាប់ និង ក្របខ័ណ្ឌថ្មីមួយដើម្បីធ្វើវិមជ្ឈការអំណាច និងទប់ស្កាត់អំណាចប្រធានាធិបតី ដែលកាន់ដោយអតីតមេដឹកនាំយោធា៕

© រក្សាសិទ្ធិដោយ thmeythmey.com