ជាតិ
ក្រសួងការងារ រកដំណោះស្រាយទូទាត់ប្រាក់ឈ្នួលដល់កម្មករ ក្រោយរោងចក្រ Y&W បិទទ្វារ
10, Mar 2024 , 3:10 pm        
រូបភាព
បាតុកម្មរបស់កម្មកររោងចក្រ Y&W ដើម្បីទាមទារឱ្យរដ្ឋាភិបាល និងភាគីរោងចក្រ ដោះស្រាយទាត់ប្រាក់ឈ្នួលដល់ពួកគេ។ រូបភាព៖ សហជីពការពារសិទ្ធិកម្មករ Y&W
បាតុកម្មរបស់កម្មកររោងចក្រ Y&W ដើម្បីទាមទារឱ្យរដ្ឋាភិបាល និងភាគីរោងចក្រ ដោះស្រាយទាត់ប្រាក់ឈ្នួលដល់ពួកគេ។ រូបភាព៖ សហជីពការពារសិទ្ធិកម្មករ Y&W
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវឱ្យកម្មកររោងចក្រ វ៉ាយ និងដាប់បែលយូ (Y&W) បញ្ឈប់សកម្មភាពបាតុកម្មបន្ទាន់ ហើយងាកមករកដំណោះស្រាយតាមផ្លូវច្បាប់វិញ។ ការតវ៉ានៅនឹងមុខរោងចក្រ ស្ថិតក្នុងភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោនេះ គឺផ្ទុះឡើងនៅព្រឹកថ្ងៃទី៩ ខែមីនា បន្ទាប់ពីរោងចក្រប្រកាសបិទទ្វារ ដោយមិនទាន់បានបង់ប្រាក់ឈ្នួលដល់ពួកគេ។

តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការងារ នៅថ្ងៃទី៩ ខែមីនា វិវាការងារនៅក្រុមហ៊ុន Y&W ជាករណីក្រុមហ៊ុនបិទទ្វារ ដោយថៅកែបានរត់ចោលរោងចក្រ ដែលទាមទារឱ្យមានការដោះស្រាយទៅតាមច្បាប់ស្តីពីការងារ និងតាមច្បាប់ស្តីពីក្ស័យធន។ យោងតាមនីតិវិធីច្បាប់ ក្រសួងនឹងប្ដឹងក្រុមហ៊ុនទៅតុលាការ ដើម្បីស្នើសុំដីការចាត់ចែងរក្សាការពារទ្រព្យសម្បត្តិ និងដោះស្រាយលើបណ្តឹងអង្គសេចក្តី ដើម្បីអាចមានលទ្ធភាពទូទាត់ ប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗជូនកម្មករនិយោជិតទាំងអស់។
 
ទន្ទឹមនេះ ក្រសួងបានណែនាំដល់អ្នកប្រឹក្សាយោបល់ផ្នែកច្បាប់ សហជីពមូលដ្ឋាន និងអ្នកពាក់ព័ន្ធផ្សេងទៀត ស្វែងយល់ឱ្យបានច្បាស់អំពីវិធានច្បាប់ ប្រកបដោយវិជ្ជាជីវៈ និងមនសិការទទួលខុសត្រូវ ហើយមិនត្រូវឆ្លៀតឱកាសកេងចំណេញក្នុងរូបភាពណាមួយពីករណីវិវាទការងារនេះ តាមរយៈការបកស្រាយ និងធ្វើសកម្មភាពនានា ផ្ទុយពីខ្លឹមសារ និងគោលការណ៍ច្បាប់ឡើយ។ 
ក្រសួងការងារព្រមានថា ជនណាដែលព្យាយាមបកស្រាយច្បាប់ដោយមិនត្រឹមត្រូវ ក្នុងចេតនាបង្កឱ្យមានការតវ៉ាដោយខុសច្បាប់ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕ 

Tag:
 ក្រសួងការងារ
  Y&W
 
© រក្សាសិទ្ធិដោយ thmeythmey.com