អន្តរជាតិ
អាម៉េរិក អង់គ្លេស និងបារាំងបាញ់ទម្លាក់ដ្រូនក្រុមឧទ្ទាម Houthi បន្ទាប់ពីវាយប្រហារលើនាវា ផ្ទុកយន្តហោះ និងនាវាពិឃាតខ្លួន
10, Mar 2024 , 7:40 pm        
រូបភាព
យោធាអាម៉េរិកថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងអាម៉េរិក បារាំង និងអង់គ្លេសបាន បាញ់ទម្លាក់យន្តហោះដ្រូនជាច្រើនគ្រឿងនៅក្នុងតំបន់សមុទ្រក្រហមពេញមួយយប់ និងនៅថ្ងៃ ទី៩ ខែមីនា បន្ទាប់ពីក្រុមឧទ្ទាម Houthi បានកំណត់គោលដៅលើនាវាផ្ទុកយន្តហោះ Propel Fortune និងនាវាពិឃាតអាម៉េរិកនៅក្នុងតំបន់។

ក្រុម Houthis បន្តវាយប្រហារនាវានៅសមុទ្រក្រហម និងឈូងសមុទ្រ Aden ចាប់តាំង ពីខែ វិច្ឆិកាឆ្នាំមុនមកម្ល៉េះ ក្នុងសកម្មភាពមួយដែលពួកគេអះអាងថាជាយុទ្ធនាការនៃ សាមគ្គីភាពជា មួយប៉ាឡេស្ទីនក្នុងអំឡុងពេលសង្រ្គាមរបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាសនៅតំបន់ កាហ្សា។
 
អ្នកនាំពាក្យយោធារបស់ក្រុមលោកឧទ្ទាមលោក Yahya Sarea មានប្រសាសន៍នៅក្នុងសុន្ទរក ថាតាមទូរទស្សន៍ថា ពួកគេបានកំណត់គោលដៅលើនាវាដឹកទំនិញ និងនាវាពិឃាតរបស់ អាម៉េរិកមួយចំនួននៅសមុទ្រក្រហម និងឈូងសមុទ្រ Aden ជាមួយនឹងយន្តហោះដ្រួូនចំនួន ៣៧ គ្រឿង។ ហើយជាការឆ្លើយតប ទីបញ្ជាការកណ្តាលអាម៉េរិក (CENTCOM) បញ្ជាក់ថា កងកម្លាំងយោធា និងកងកម្លាំងចម្រុះអាម៉េរិកបានបាញ់ទម្លាក់ដ្រូន  (UAVs) របស់ក្រុមប្រដាប់ អាវុធយ៉ាងហោចណាស់ ២៨ គ្រឿង នៅលើសមុទ្រក្រហមនាព្រឹកព្រលឹមនៃថ្ងៃកើតហេតុ​ នោះ។
 
«គ្មាននាវាកងទ័ពជើងទឹកអាម៉េរិក ឬសម្ព័ន្ធមិត្តត្រូវបានខូចខាតក្នុងការវាយប្រហារនោះទេ ហើយក៏មិនមានរបាយការណ៍ពីការខូចខាតនាវាពាណិជ្ជកម្មដែរ»។ CENTCOM សម្គាល់ក្នុង សេចក្តីថ្លែងការណ៍មួយអំពីស្ថានភាពក្រោយការវាយប្រហារខាងលើ។ យោធាអាម៉េរិកឆ្លើយ តបទៅនឹងការវាយប្រហារទ្រង់ទ្រាយធំនេះចន្លោះពីម៉ោង ៤ ព្រឹកដល់ម៉ោង ៦ និង ៣០ នាទី ព្រឹក។
 
ទន្ទឹមនេះ CENTCOM បានបង្ហោះសារលើបណ្ដាញសង្គម X ថា UAVs មានបំណងបង្ហាញ គំរាមកំហែងចំពោះនាវាពាណិជ្ជករ កងទ័ពជើងទឹកអាម៉េរិក និងនាវាចម្រុះនៅក្នុងតំបន់។
ដោយឡែក សេចក្តីថ្លែងការណ៍របស់កងទ័ពបារាំងបានលើកឡើងផងដែរថា នាវា ចម្បាំង និង យន្តហោះចម្បាំងរបស់បារាំងក៏បានបាញ់ទម្លាក់យន្តហោះដ្រូនប្រយុទ្ធចំនួន ៤ គ្រឿងដែល កំពុងឆ្ពោះទៅរកនាវាកងទ័ពជើងទឹកដែលជាកម្មសិទ្ធិរបស់បេសកកម្មអឺរ៉ុប Aspides នៅក្នុង តំបន់។ បារាំងមាននាវាចម្បាំងនៅក្នុងតំបន់ក៏ដូចជាយន្តហោះចម្បាំងនៅ មូលដ្ឋានរបស់ខ្លួន នៅជីប៊ូទី និងអេមីរ៉ាតអារ៉ាប់រួម។
 
ក្រសួងការពារជាតិរបស់ចក្រភពអង់គ្លេសបាននិយាយថា នាវាចម្បាំងរបស់ខ្លួន HMS Richmond បានចូលរួមជាមួយសម្ព័ន្ធមិត្តអន្តរជាតិក្នុងកាវាយបកទៅក្រុម Houthi ពេញមួយ យប់ ប៉ុន្តែមិនបង្កឱ្យមានការរងរបួស ឬការខូចខាតនោះទេ៕

© រក្សាសិទ្ធិដោយ thmeythmey.com