ជាតិ
តួសម្ដែងកំពុងល្បី ស្រីចុប ខំតស៊ូជម្នះពាក្យនិន្ទា ដើម្បីជួយគ្រួសារឱ្យងើបពីភាពទាល់ក្រ
10, Mar 2024 , 8:10 pm        
រូបភាព
រូបពីហ្វេសប៊ុក កាចុប កាចុប
រូបពីហ្វេសប៊ុក កាចុប កាចុប
ភ្នំពេញ៖ ធ្លាប់ទទួលរងពាក្យនិន្ទាជាច្រើន តាំងពីខ្លួននៅក្មេងរហូតដល់ពេញវ័យ ទៅលើរូបសម្រស់ និងជីវភាពក្នុងគ្រួសារ កញ្ញា ភិច ស្រីប៉េន ដែលមានឈ្មោះក្នុងសិល្បៈថា ស្រីចុប ខំប្រឹងប្រែងពុះពារភាពបាក់ទឹកចិត្ត ហើយព្យាយាមយកពាក្យទិតៀនទាំងនោះ ជាកម្លាំងជំរុញចិត្តឡើងវិញ។

កញ្ញា ភិច ស្រីប៉េន ដែលមានឈ្មោះក្នុងសិល្បៈថា ស្រីចុប ហើយអ្នកទស្សនាពេញនិយមហៅ “កាចុប” នោះ បានខឹតខំប្រឹងប្រែង ជម្នះពាក្យនិន្ទារបស់អ្នកភូមិ រហូតមានអ្នកស្គាល់ និងមានអ្នកគាំទ្រ ទៅលើការសម្ដែងរបស់នាង តាមរយៈរឿងខ្លីៗ ដែលដឹកនាំដោយពូណុយ។
 
ពុំមែនត្រឹមតែជាការមើលស្រាលឡើយ ប៉ុន្តែវាជាការរើសអើង ដែលមនុស្សគ្រប់គ្នា ពិបាកនឹងទទួលយកបាន។ មានរូបសម្រស់ មិនស្រស់ស្អាត ដូចជានារីភាគច្រើន ហើយកើតក្នុងគ្រួសារក្រីក្រផង ស្រីចុប មិនត្រឹមតែត្រូវបានមនុស្សស្របាលគ្នា មើលស្រាល សើចចំអក និងមិនឱ្យតម្លៃនោះទេ សូម្បីមនុស្សប្រុស ដែលមានវ័យចំណាស់ទៅហើយនោះ ក៏បានមើលងាយនាងដែរ។
  

 រូបផ្ដល់ឱ្យ

កើតក្នុងគ្រួសារទីទាល់ក្រ ពុំមានដីសម្រាប់ធ្វើស្រែចម្ការ ដូចអ្នកភូមិដទៃ ម្ដាយឪពុករបស់កញ្ញា ភិច ស្រីប៉េន មានតែមុខរបរដើរស៊ីឈ្នួលធ្វើស្រែចម្ការឱ្យគេ ដើម្បីរកប្រាក់មកចិញ្ចឹមកូនៗក្នុងបន្ទុកទាំង៧នាក់។ ដោយសារជីវភាពខ្វះខាតខ្លាំង ស្រីចុប ត្រូវបង្ខំចិត្តឈប់រៀន នៅថ្នាក់ទី១ គ្រាដែលនាងមានអាយុ៨ឆ្នាំ ក្រោយចូលរៀនបានតែមួយរយៈខ្លីប៉ុណ្ណោះ។ 
 
ក្នុងឆ្នាំដដែលនោះ ស្រីចុប បានចាកចេញពីស្រុកកំណើត ឯខេត្តត្បូងឃ្មុំ ហើយឡើងមករាជធានីភ្នំពេញ ដើម្បីសម្ដែងកំប្លែងជាមួយបងប្រុសបង្កើត គឺនាយចយ ក្នុងក្រុមរបស់នាយក្រឹម ដោយសង្ឃឹមថា នឹងអាចរកប្រាក់យកទៅជូនឪពុកម្ដាយវិញ។ ឆ្នាំ២០០៨ គឺជាឆ្នាំដំបូងដែលនារីកូនទី៦ ក្នុងគ្រួសាររូបនេះ ប្រឡូកក្នុងវិស័យសិល្បៈ។ នាងបន្តជីវិតលើវិថីនេះ បានប្រមាណ៧ឆ្នាំ ក៏ត្រឡប់ទៅស្រុកកំណើតវិញ ដើម្បីបន្តការសិក្សា។ 
 
ឆ្នាំ២០១៤ អាយុ១៤ឆ្នាំ រៀនថ្នាក់ទី១ ជាមួយក្មេងៗ គឺជាពេលវេលាដែល ស្រីប៉េន ទទួលរងការរើសអើង និងមើលងាយខ្លាំងជាទីបំផុត។ មិនត្រឹមតែប៉ុណ្ណោះ អ្នកភូមិបានមើលស្រាលនាងជាខ្លាំង ដោយសារតែនាង ធ្វើជាតួសម្ដែងច្រើនឆ្នាំទៅហើយ ប៉ុន្តែពុំឃើញបានជួយជីវភាពគ្រួសារ ឱ្យប្រសើរឡើងសោះ។
 
ស្រីចុប អះអាង៖«អាយុ១៤ឆ្នាំ រៀនថ្នាក់ទី១ ជាពេលដែលគេរើសអើងខ្លាំង ថាធំហើយមករៀនជាមួយក្មេងៗ។ ភាគច្រើនអ្នកនៅផ្សារ គេថាមកភ្នំពេញរាប់ឆ្នាំមិនឃើញសល់អ្វីទៅផ្ទះ។ គេថារូបរាងបែបនេះ ទៅធ្វើអ្វីបាន? អ្នកនិយាយនោះ មិនមែនស្រីទេ ជាប្រុសទៀត»។
  

រូបផ្ដល់ឱ្យ
 
ខំតស៊ូរៀនរហូតដល់ថ្នាក់ទី៧ ដោយសារតែចង់មានចំណេះដឹងក្នុងខ្លួន។ ប៉ុន្តែទោះជាយ៉ាងណា នាងក៏ពុំអាចទ្រាំទ្រនឹងភាពឯកោ ដែលមិនមានមិត្តភ័ក្ដិនឹងគេ ហើយត្រូវរងការរើសអើងជាច្រើនបានឡើយ។ កំពុងជួបភាពបាក់ទឹកចិត្តធ្ងន់ធ្ងរ ស្របពេលពុំមានមធ្យោបាយធ្វើដំណើរ ទៅសាលារៀន ដែលមានចម្ងាយផ្លូវប្រមាណ២គីឡូម៉ែត្រផងនោះ ធ្វើ​ឱ្យនាងសម្រេចចិត្ត ឈប់រៀនជាថ្មី បើទោះបីជាមានការជំរុញ និងលើកទឹកចិត្ត ពីលោកគ្រូ អ្នកគ្រូ រួមទាំងម្ដាយឪពុកក្ដី។ 
 
ស្រីចុប អះអាងបណ្ដើរយំបណ្ដើរទាំងរអាក់រអួល៖«នៅពេលចូលថ្នាក់ទី៧ ខ្ញុំទៅរៀននៅវិទ្យាល័យ ខ្ញុំអត់មានមិត្តភ័ក្ដិ ខ្ញុំមានអារម្មណ៍បាក់ទឹកចិត្ត ខ្ញុំរៀនអត់ចូល។ ថ្នាក់ទី៧ខ្ញុំរៀនបានតែ ពាក់កណ្ដាលឆ្នាំទេ។ ដល់ពេលប្រឡង អត់មានឈ្មោះប្រឡង ណាមួយម្នាក់ឯង មិនដឹងទៅផ្លូវណា។ និយាយទៅ វ័យប៉ុណ្ណឹងគេកំពុងពេញរើសអើង។ ម៉ែពុកថា ទៅរៀនកូន។ ប៉ុន្តែខ្ញុំថាខ្ញុំអត់ទៅទេ ខ្ញុំតែម្នាក់ឯងហ្នឹង ខ្ញុំមិនដែលស្គាល់គេផង។ គេអត់ដើរជាមួយខ្ញុំ ខ្ញុំដើរតែម្នាក់ឯងហ្នឹង។ ខ្ញុំក៏សម្រេចចិត្ត ឈប់ទៅរៀន»។ 
  

 រូបផ្ដល់ឱ្យ

ឆ្លងកាត់ដំណាក់កាលបាក់ទឹកចិត្ត ជាច្រើនលើកច្រើនសារ ធ្វើឱ្យ ស្រីចុប រៀនស្វែងយល់ពីតម្លៃ និងរៀនមើលពីចំណុចល្អរបស់ខ្លួន។ ពេលនេះនាងមិនបាក់ទឹកចិត្តទៀតឡើយ។  ហើយមនុស្សនៅជុំវិញខ្លួនរបស់នាង ទាំង​ក្រុមការងារសម្ដែង ពិសេសគ្រួសាររបស់នាង តែងតែលើកទឹកចិត្ត ឱ្យតម្លៃ និងផ្ដល់ភាពកក់ក្ដៅដល់នាងជានិច្ច។ 
 
«ឃើញខ្ញុំបែបនេះ ប៉ុន្តែខ្ញុំចង់ទៅណា ខ្ញុំទៅបាន។ បើអ្នកពិការដៃជើង គាត់ចង់ទៅណាក៏មិនបាន។ អ្នកពិការភ្នែក គាត់ចង់ឃើញដូចគេ ប៉ុន្តែគាត់មិនអាចមើលបាន។ ប៉ុន្តែខ្ញុំវិញ អាចធ្វើបានគ្រប់យ៉ាង។ ពីមុនឆោតខឹង អន់ចិត្ត។ ប៉ុន្តែពេលនេះខ្ញុំឈប់ឆោតហើយ។ ឥឡូវអ្នកណាថាអីក៏ថាទៅ ខ្ញុំរស់ជាខ្លួនខ្ញុំ។ អ្នកថានោះមិនមានអ្វីល្អជាងខ្ញុំទេ ប្រសិនមនុស្សល្អ គេមិននិយាយពាក្យបែបនោះទេ»។ នេះជាអ្វីដែល ស្រីចុប យល់ឃើញ។
 
រហូតមកដល់ពេលនេះ ស្រីចុប ថាខ្លួនពុំទាន់អាចជួយគ្រួសារបានច្រើនឡើយ ដោយនាងអាចត្រឹមជួយសម្រាលបន្ទុកគ្រួសារ បានខ្លះៗប៉ុណ្ណោះ។ ទោះជាយ៉ាងណា នាងអះអាងថា បំណងធំបំផុតក្នុងជីវិតរបស់នាង គឺនាងចង់ជួយម្ដាយឪពុក ឱ្យរស់ស្រួល ឈប់លំបាកដូចសព្វថ្ងៃ។ ហើយបំណងទី២របស់នាង គឺនាងគ្រាន់តែចង់មានតូបលក់កាហ្វេតូចមួយ គ្រាន់រកចំណូលទ្រទ្រង់ជីវភាព ក្រោយពេលនាងអស់ទីផ្សារ ក្នុងវិស័យសិល្បៈ។ 
  

រូបផ្ដល់ឱ្យ
 
«ខ្ញុំធ្លាប់គិតថា ខ្ញុំនឹងពុះពារដើម្បីឱ្យម៉ែពុកសុខស្រួល ខ្ញុំអត់អ្វីក៏អត់ចុះ។ ខ្ញុំឃើញគាត់ហត់ តាំងពីពួកខ្ញុំនៅតូច រហូតដល់ពួកខ្ញុំធំហើយ ក៏គាត់នៅតែហត់ទៀត។ ពេលនេះខ្ញុំក៏មិនបានជួយគ្រួសារច្រើនដែរ ខ្ញុំជួយបានតែ៥០ភាគរយប៉ុណ្ណោះ។ ខ្ញុំធ្លាប់ចង់បានម៉ូតូជូនពុកម៉ែ១ ឥឡូវខ្ញុំទិញជូនគាត់បានហើយ។ ហើយខ្ញុំក៏ចង់បានម៉ូតូ សម្រាប់ខ្លួនឯង១ដែរ ហើយឥឡូវខ្ញុំក៏ទិញបានហើយដែរ»។ នេះជាអ្វីដែល នារីសម្ដីមួយៗ តែច្បាស់លាស់ ស្រីចុប សម្រេចបាន។
 
បើទោះបីជា នារីវ័យ២៤ឆ្នាំ ដែលភាគច្រើនសម្ដែងជាតួកាច ឆ្នាស សម្ដីម៉ាត់ៗ ស្រីចុប ធ្លាប់ទទួលរងពាក្យរើសអើង ថារូបសម្រស់នាងមិនស្អាតក្ដី ប៉ុន្តែនាងមិនដែលមានបំណង ទៅកែសម្ផស្សឡើយ។ នាងថាធម្មជាតិនាងមកប៉ុណ្ណា នាងក៏ទទួលយកប៉ុណ្ណោះ។
 
នារីកូនទី៦ ក្នុងចំណោមបងប្អូន៧នាក់រូបនេះ ពិតជាអរគុណមនុស្សដែលធ្លាប់ មើលស្រាលនិងទិតៀននាងពីមុន។ នាងថាបើកុំបានពួកគេ ម្ល៉េះសមនាងមិនមានលទ្ធផល ដូចសព្វថ្ងៃនេះឡើយ។ ពិសេសនាងអរគុណអ្នកគាំទ្រ និងអ្នកដែលបានផ្ដល់ការងារឱ្យនាងធ្វើផងដែរ៕

Tag:
 សិល្បៈ
  កុន
  ភាពយន្ត
 
© រក្សាសិទ្ធិដោយ thmeythmey.com