កីឡាអន្តរជាតិ
អន្តរជាតិ
Klopp ថា Liverpool ត្រូវបានគេលួចជ័យជម្នះ ក្នុងជំនួប Man City ដោយលទ្ធផល១-១
11, Mar 2024 , 11:59 am        
រូបភាព
ក្រុម Liverpool បានត្រឹមបញ្ចប់លទ្ធផល ១​-១ ​ទល់នឹងក្រុម Manchester City នៃក្របខណ្ឌ Premier League ក្នុងកីឡដ្ឋាន Anfield។ នាជំនួបជក់ចិត្តនេះ លោក Jurgen Klopp បានសរសើរកូនក្រុម ដែលបង្ហាញទម្រង់លេងខ្លាំងមិនគួរឱ្យជឿ ទល់នឹងក្រុមការពារជើងឯក Man City។ តែយ៉ាងណាក៏ដោយ លោក Klopp បាននិយាយបែបផ្លែផ្កាថា ក្រុមលោកត្រូវបានគេលួចជ័យជម្នះ ក្រោយការសម្រេចមិនផ្តល់បាល់ពិន័យ ១១ម៉ែត្រ។



ជំនួបនៅវគ្គទីមួយ Manchester City បង្ហាញទម្រង់លេងល្អជាងក្រុមម្ចាស់ផ្ទះ ដោយអាចស៊ុតបាល់នាំមុខ ១-០ នៅនាទី២៣ ដោយខ្សែការពារ​ John Stones ក្រោយការបញ្ជូនបាល់ពីខ្សែបម្រើកំពូល Kevin De Bruyne។ ​ឈានដល់វគ្គទីពីរ ខ្សែបម្រើ Alexis Mac Allister បានស៊ុតបាល់ពិន័យ ១១ម៉ែត្រក្នុងនាទី៥០ ​ជួយឱ្យ Liverpool តាមស្មើលទ្ធផល ១-១ មកវិញ។ 
 
អំឡុងការប្រកួតក្នុងនាទីបន្ថែម ៩០បូកនោះ ​Liverpool បានវាយសម្រុកខ្លាំង នៅក្នុងប្រអប់ទីរបស់ក្រុមភ្ញៀវ​ Man City ពេលនោះខ្សែប្រយុទ្ធស្លាប Jeremy Doku បានប្រជែងបាល់ប៉ះទង្គិចជាមួយនឹង Mac Allister។​ ពេលនោះ Doku លើកជើងព្យាយាមបម្រុងទាត់បាល់ចេញពីគ្រោះថ្នាក់ តែបែរជាត្រូវចំដើមទ្រូងរបស់កីឡាករសញ្ជាតិអាហ្សង់ទីន របស់ក្រុម Liverpool ។ ការប៉ះទង្គិចក្នុងប្រអប់ទីនោះ អាជ្ញាកណ្ដាល មិនបាន​ផ្ដល់បាល់ពិន័យ១១ម៉ែត្រ ឱ្យក្រុម Liverpool ឡើយ។
 
លោក Jurgen Klopp អ្នកចាត់ការហង្សក្រហម បានចោទ​ថា ក្រុមរបស់លោកត្រូវបានលួចគេជ័យជម្នះ ចំពោះការប៉ះទង្គិចក្នុងតំបន់គ្រោះថ្នាក់ ហើយមិនទទួលបានបាល់ពិន័យនេះ។ «ការប៉ះទង្គិចត្រូវចំដើមទ្រូងរបស់គេ។ តើរូបគេបានប៉ះបាល់ពីមុនមកឬទេ? ពិតណាស់ ថាតើវានឹងមានភាពខុសប្លែកគ្នានៅលើទីលាន នៅទីតាំងណាមួយ ប្រសិនបើជើងរបស់អ្នកស្ថិតក្នុងកម្ពស់ខ្ពស់បែបនោះ? អ្នកអាចនឹងទាត់បាល់មុន ហើយបន្ទាប់មក ជើងគឺនៅលើដើមទ្រូងរបស់គេ ហើយអ្នកត្រូវពិន័យ។»។ លោក Klopp បានលើកឡើងពីបញ្ហាដែលកីឡាករ Doku របស់ Man City បានប៉ះទង្គិចលើ Mac Allister កូនក្រុមរបស់លោក។
 
មន្រ្តីអាជ្ញាកណ្តាល បានបដិសេធពិនិត្យប្រព័ន្ធ VAR ហើយក៏គ្មានការសម្រេចចិត្តត្រួតពិនិត្យលើកទីពីរដែរ។
 
លោក Klopp បន្តថា ៖«ហេតុអ្វីបានជាបុរសនៅក្នុងបន្ទប់ ​VAR គិតថា វាជារឿងមិនច្បាស់ និងច្បាស់? […] ខ្ញុំត្រូវតែនិយាយញឹកញាប់អំពីវា ហើយខ្ញុំពិតជាមិនខ្វល់ទេ។ ខ្ញុំបាននិយាយចប់ហើយ វាពិតជាមិនអីទេ។»។
 
បញ្ចប់លទ្ធផលស្មើគ្នា ១-១ Liverpool រកបានត្រឹមតែ ១ពិន្ទុ ហើយឈរនៅចំណាត់ថ្នាក់លេខ ២ មាន ៦៤ពិន្ទុក្នុងដៃ។ ចំណែក Man City ស្ថិតនៅចំណាត់ថ្នាក់លេខ ៣ មាន ៦៣ពិន្ទុ សុទ្ធសឹងតែឈរពីក្រោមក្រុម Arsenal ឡើងឈរកំពូលតារាងមាន ៦៤ពិន្ទុ៕

Tag:
 Jurgen Klopp
  Liverpool
  Man City
© រក្សាសិទ្ធិដោយ thmeythmey.com