កីឡាអន្តរជាតិ
អន្តរជាតិ
Leverkusen ​បំបាក់ Wolfsburg បន្តកំណត់ត្រា ៣៦ប្រកួតមិនចាញ់
11, Mar 2024 , 2:04 pm        
រូបភាព
ក្រុម Bayer Leverkusen បំបាក់ក្រុម VFL Wolfsburg លទ្ធផល ២-០ ដើម្បីបន្តរក្សាកំណត់ត្រាមិនដែលចាញ់ជាង ៣០ប្រកួតជាប់ៗគ្នា និងបន្តការនាំមុខដាច់ ១០ពិន្ទុ កំពូលតារាងក្របខណ្ឌ Bundesliga និង ៣៦ប្រកួតគ្រប់ពានរង្វាន់មិនចាញ់។ ក្រុមស្ថិតក្រោមការដឹកនាំរបស់អ្នកចាត់ការ​លោក Xabi Alonso កំពុងសម្លឹងការឈ្នះពានលីគកំពូលអាល្លឺម៉ង់លើកដំបូង។



ក្រុមភ្ញៀវ Wolfsburg បានថយចំនួនកីឡាករមកនៅត្រឹម ១០នាក់ ត្រឹមនាទី២៨ ក្រោយពេលដែលកីឡាករ ​Moritz Jenz ទទួលបានកាតលឿង ២លើកជាប់គ្នាៗ។ 
 
​ក្រោយគូប្រជែងថយចំនួនកីឡាករ មិនចាំបាច់ប្រើពេលយូរ ក្រុមម្ចាស់ផ្ទះអាចរកបានគ្រាប់ទី១ ដែលកើតមាននៅក្នុងនាទី៣៧ ធ្វើបានដោយកីឡាករ Alejandro Grimaldo។
 
ចូលវគ្គទីពីរ កីឡាករ Florian Wirtz ដែលខកខានឱកាសស៊ុតបញ្ចូលទីដំបូងនៅនាទី២៥ ដោយស៊ុតប៉ះចំបង្គោលទី បានរកគ្រាប់ទី២ឱ្យក្រុមនៅនាទី៨៧ ដែលជាគ្រាប់ជ័យជម្នះ សម្រាប់ក្រុមដឹកនាំដោយលោក Xabi Alonso។
 
Bayer Leverkusen នាការប្រកួតក្របខណ្ឌ Bundesliga ក្នុងរដូវកាល ២០២៣-២៤​ គិតទាំងជ័យជម្នះលើក្រុម Wolfsburg ពេលនេះ បានបន្តកំណត់ត្រាថ្មីមួយ ដោយប្រកួត ២៥លើកមិនដែលចាញ់ម្តងឡើយ។
 
មកដល់បច្ចុប្បន្នក្រុមរបស់លោក Alonso បន្តកំណត់ត្រាជោគជ័យការប្រកួត ៣៦លើក រាល់ពានរង្វាន់ទាំងអស់ក្នុងរដូវកាលនេះ ។ ក្នុងលីគកំពូលអាល្លឺម៉ង់ ក្រុម Bayer Leverkusen មាន ៦៧ពិន្ទុនាំមុខដាច់ពីក្រុមលេខ ២ Bayern Munich ដែលមានត្រឹម ៥៧ពិន្ទុ ទោះពួកគេបានលត់លទ្ធផល ៨-១ ក្រុម Mainz 05 ក្តី៕

Tag:
 Bayer Leverkusen
  Bundesliga
© រក្សាសិទ្ធិដោយ thmeythmey.com