កីឡាអន្តរជាតិ
អន្តរជាតិ
MotoGP ៖ ម្ចាស់ការពារជើងឯក Bagnaia ឈ្នះការប្រណាំងបើកឆាកឆ្នាំ​ ២០២៤​ នៅកាតា
11, Mar 2024 , 4:59 pm        
រូបភាព
Francesco Bagnaia ម្ចាស់ការពារជើងឯក MotoGP បើកបរឱ្យក្រុម Ducati Lenovo Racing ​​ប្រណាំងឈ្នះការប្រកួតបើករដូវកាល ២០២៤ ក្នុងទីលានប្រណាំង Lusail International Circuit ប្រទេសកាតា នាថ្ងៃទី១០ ខែមីនា ក្រោយបញ្ចប់ការប្រណាំងនាំមុខលើកីឡាករ Brad Binder នៅលេខ ២ និងកីឡាករ Jorge Martin លេខ៣។



កីឡាករសញ្ជាតិអ៊ីតាលី មុនពេលប្រកួតផ្លូវការមួយថ្ងៃ រូបគេបានបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ ៤ សម្រាប់ការប្រណាំង Sprint Race។ តែឈានដល់ថ្ងៃប្រណាំងដណ្តើមពិន្ទុផ្លូវការ ម្ចាស់ជើងឯក ២សម័យ MotoGP បានប្រជែងខ្លាំងរហូតអាចបញ្ចប់ចំណាត់ថ្នាក់កំពូលតារាង ដោយរកបាន ៣១ពិន្ទុក្នុងដៃ។
 
ចំណែក Brad Binder របស់ក្រុម Red Bull KTM មានចំណាត់ថ្នាក់លេខ ២ នៅក្នុងការប្រណាំង Sprint Race ក៏បន្តរក្សាចំណាត់ថ្នាក់ដដែល ដោយមាន ២៩ពិន្ទុ ឈរពីលើកីឡាករ Jorge Martin ជើងឯករងរដូវកាលមុន និងជាកីឡាករលេខ ១ ក្នុងវគ្គ Sprint Race បញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ​៣ រកបាន ២៨ពិន្ទុ។
  


«យើងបានព្យាយាមធ្វើឱ្យមានអតិបរមាដោយដឹងថាអ្វីដែលសំខាន់ត្រូវតែផ្លាស់ប្តូរសម្រាប់ការប្រណាំងថ្ងៃនេះ។ បន្ទាប់ពីការឡើងកំដៅថ្ងៃនេះ ការប្រកួតប្រជែងព្រមទាំងសំបកកង់ថ្ងៃនេះគឺខុសប្លែកពីការប្រណាំងម្សិលមិញ។»។ Pecco Bagnaia បាននិយាយបែបនេះ នៅក្នុងជ័យជម្នះបើកឆាកលើកដំបូងរបស់គេក្នុងប្រទេសកាតា។
 
ម្ចាស់ជើងឯក MotoGP ៨សម័យ Marc Marquez ម្ចាស់លេខ ៩៣ បញ្ចប់ចំណាត់ថ្នាក់លេខ ៤ ចំពោះការបើកបរឱ្យក្រុម Gresini Racing ក្រោយពីជួបបញ្ហាបើកបរ មិនចេះចប់ជាមួយនឹងក្រុម Repsol Honda នារដូវកាលកន្លងមក។ 
 
បើកបរឱ្យក្រុមថ្មីជាមួយនឹងម៉ូដែលម៉ូតូថ្មី Marquez ធ្វើបានល្អ ហើយត្រូវបានគេរំពឹងថា កីឡាករសញ្ជាតិអេស្ប៉ាញ អាចនឹងវិលប្រជែងពានពិភពលោក សម្រាប់រដូវកាល ២០២៤។
​បងប្អូនបង្កើត Alex Marquez ម្ចាស់លេខសម្គាល់ ៧៣ ស្ថិតក្នុងក្រុម Gresini ដូចគ្នា ធ្វើបានចំណាត់ថ្នាក់លេខ ៥ ក្រោយបងប្រុសរបស់ខ្លួន។ 


 
កីឡាករវ័យក្មេង ១៩ឆ្នាំ Pedro Acosta ម្ចាស់ជើងឯក Moto 2 ដែលទើបឡើងមកបើកបរឱ្យក្រុម Red Bul GasGas Tech 3 បើកបរម៉ូតូម៉ាក KTM បានធ្វើឱ្យមានភាពភ្ញាក់ផ្អើលក្នុងការប្រណាំង។ Acosta បានប្រជែងជាមួយនឹងរៀមច្បង ដោយប្រើសមត្ថភាពដ៏ប៉ិនប្រសប់ បើកបរប្រជែងជាមួយនឹង Marc Marquez រហូតឡើងដល់លេខ ៤ ក្នុងជុំប្រណាំង។ 
 
ប៉ុន្តែ ៥ជុំចុងក្រោយ កីឡាករវ័យក្មេងហាក់ធ្វើមិនបានល្អ ធ្វើឱ្យភ្លាត់ស្នៀតធ្លាក់ដល់បញ្ចប់ចំណាត់ថ្នាក់លេខ ៩ ក្នុងការប្រណាំង MotoGP លើកដំបូង៕



Tag:
 MotoGP
© រក្សាសិទ្ធិដោយ thmeythmey.com