កីឡាជាតិ
ជាតិ
១០០ភាគរយសម្រាប់នារី ព្រឹត្តិការណ៍ Raid Amazones នៅទឹកដីអង្គរ មានសកម្មភាពលើសពីកីឡា
12, Mar 2024 , 8:57 am        
រូបភាព
ព្រឹត្តិការណ៍ Raid Amazones នៅសៀមរាប កាលពីឆ្នាំ២០១៨។​ រូបថត  Raid Amazones / ZBO
ព្រឹត្តិការណ៍ Raid Amazones នៅសៀមរាប កាលពីឆ្នាំ២០១៨។​ រូបថត Raid Amazones / ZBO
រត់ ជិះកង់ ចែវទូក ដំណើរស្វែងរកកំណប់អាថ៌កំបាំង ផ្សងព្រេងក្នុងព្រៃធម្មជាតិ និងការឈ្វេងយល់ពីជីវិតប្រចាំថ្ងៃរបស់អ្នកស្រុក..។ ទាំងនេះ ជាការទទួលបាននូវបទពិសោធន៍ដ៏អស្ចារ្យរបស់បេក្ខនារីក្នុងព្រឹត្តិការណ៍លំដាប់ពិភពលោក Raid Amazones ដែលនឹងវិលមកកាន់ទឹកដីអង្គរសារជាថ្មី ក្រោយខកខានអស់រយៈពេល៦ឆ្នាំ។



ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែមីនា កម្ពុជាក្លាយជាទឹកដីនៃការប្រកួតប្រជែងដ៏ស្វិតស្វាញរវាងបេក្ខនារីអន្តរជាតិពីបារាំង អូស្ត្រាលី បែលហ្សិក អង់គ្លេស អេស្ប៉ាញ ស្វីស តួកគី និងអាម៉េរិកខាងជើង ប្រមាណ៣០០នាក់ក្នុងព្រឹត្តិការណ៍ Raid Amazones លើកទី២៥។ នេះក៏ជាលើកទី៤ផងដែរ សម្រាប់ព្រះរាជាណាចក្រអច្ឆរិយៈ ដែលត្រូវជ្រើសរើសជាទីតាំងនៃការប្រកួតប្រជែង បន្ទាប់ពីឆ្នាំ២០១៤, ២០១៧ និង២០១៨។



១០០ភាគរយសម្រាប់នារី ព្រឹតិ្តការណ៍ Raid Amazones ដំណើរការបាន២៣ឆ្នាំកន្លងមកហើយ។ លោក Alexandre Debanne ពិធីករទូរទស្សន៍ដ៏ល្បីល្បាញនៅបារាំង និងជានាយកប្រតិបត្តិក្រុមហ៊ុន ZBO Media Group បានផ្តួចផ្តើមបង្កើតកម្មវិធីនេះឡើងដើម្បីឱ្យស្ត្រីបារាំង ស្ត្រីពីបណ្តាប្រទេសនិយាយភាសាបារាំង និងស្ត្រីទូទាំងពិភពលោក អាចស្គាល់ខ្លួនឯងកាន់តែច្បាស់ តាមរយៈសកម្មភាព ដំណើរកម្សាន្ត និងបទពិសោធន៍ផ្សងព្រេង ដែលនៅឆ្ងាយពីទឹកដីកំណើត។



២៤លើកក្នុងរយៈពេល២៣ឆ្នាំ ក្នុងនោះ៣លើកនៅតំបន់អង្គរ..

នារយៈពេល២៣ឆ្នាំកន្លងមក កម្ពុជាស្ថិតក្នុងចំណោមប្រទេស/តំបន់ ជាង១០លើពិភពលោក ដែលត្រូវបានជ្រើសរើសជាទីតាំងនៃព្រឹត្តិការណ៍ Raid Amazones។ ហ្គីយ៉ាណាបារាំង ជាទីតាំងដំបូងនៃព្រឹត្តិការណ៍នាឆ្នាំ២០០១ ហើយដែនដីឯនាយសមុទ្របារាំងមួយនេះ ទទួលម្តងទៀតនៅឆ្នាំ២០១១។
កម្ពុជា ជាពិសេសតំបន់សៀមរាប-អង្គរ ធ្លាប់ជាគោលដៅនៃព្រឹត្តិការណ៍ចំនួន៣លើករួចមកហើយ គឺក្នុងឆ្នាំ២០១៤, ឆ្នាំ២០១៧ និងឆ្នាំ២០១៨។ ឆ្នាំ២០១៤ ជាដែលមានចំនួនចូលរួមច្រើនជាងគេបំផុតក្នុងចំណោមព្រឹត្តិការណ៍ទាំង២៤លើកកន្លងមក ដោយមានបេក្ខនារីសរុបដល់ទៅ៣៤៥នាក់។

ដែនដីឯនាយសមុទ្របារាំងផ្សេងទៀតដែលធ្លាប់ស្វាគមន៍ព្រឹត្តិការណ៍ Raid Amazones រួមមាន កោះ Ile de la Réunion (ឆ្នាំ២០០២, ២០០៨ និង២០២១), កោះ Mayotte (ឆ្នាំ២០១០)។ កោះម៉ូរីស នៅមហាសមុទ្រឥណ្ឌា ធ្លាប់រៀបចំបាន៤លើក គឺនៅឆ្នាំ២០០៣, ២០០៦, ២០១២ និង២០២១។



កេនយ៉ា ជាប្រទេសតែមួយគត់នៅតំបន់អាហ្វ្រិកដែលធ្លាប់ត្រូវបានជ្រើសរើសសម្រាប់ការរៀបចំព្រឹត្តិការណ៍ Raid Amazones ពោលគឺនៅឆ្នាំ២០០៥ ខណៈរដ្ឋកាលីហ្វនីញ៉ា សហរដ្ឋអាម៉េរិក ធ្លាប់ទទួលព្រឹត្តិការណ៍នេះ កាលពីឆ្នាំ២០០៦។

ក្រៅពីកម្ពុជា បណ្តាប្រទេសអាស៊ីផ្សេងទៀត ដែលបានរៀបចំព្រឹត្តិការណ៍បែបផ្សងព្រេងសម្រាប់នារីនេះ រួមមាន ស្រីលង្កា (ឆ្នាំ២០០៤, ២០០៩, ២០១៨, ២០១៩, ២០២២ និង២០២៣), ម៉ាឡេស៊ី (ឆ្នាំ២០១៣), កោះបាលី ឥណ្ឌូណេស៊ី (ឆ្នាំ២០១៥) និងវៀតណាម (ឆ្នាំ២០១៩)។

លើសពីកីឡា..



នាជំនួបជាមួយលោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីចុងខែវិច្ឆិកា ឆ្នាំ២០២៣ លោក Alexandre Debanne បានបញ្ជាក់ថា៖ «កម្មវិធី Raid Amazones អនុញ្ញាតឱ្យប្រជាជនបារាំង ប្រជាជននៃបណ្តាប្រទេសនិយាយភាសាបារាំង និងបេក្ខនារីទាំងអស់ បានយល់ពីតថភាពជាក់ស្តែងនៅកម្ពុជា»។

ពិតណាស់ កីឡាជិះកង់ភ្នំ ចែវទូកកានូ រត់ប្រណាំង បាញ់ធ្នូ ជាសកម្មភាពកីឡាដ៏ចម្បងនៃកម្មវិធី ប៉ុន្តែអ្វីដែលសំខាន់ក្នុងបេសកកម្មរយៈពេល៦ថ្ងៃនោះ គឺការពង្រឹងស្មារតីជាក្រុមដែលមានសមាជិកពីពីរ ទៅបីនាក់ ការផ្សេងព្រេង សាមគ្គីភាព ការចែករំលែកក្នុងសហគមន៍ និងសកម្មភាពផ្សេងៗដែលជាប្រយោជន៍សម្រាប់បរិស្ថាន ធនធានធម្មជាតិ ក៏ដូចជាពលរដ្ឋមូលដ្ឋាន។



បន្ថែមពីលើការឈ្វេងយល់វប្បធម៌ ប្រវត្តិសាស្ត្រ ព្រមទាំងការផ្សព្វផ្សាយពីទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក Raid Amazones ក៏ជាសកម្មភាពដែលជួយដល់កម្មវិធីសប្បុរសធម៌ផងដែរ ក្នុងនោះរួមមានការគាំទ្រដល់សមាគមបារាំង A Chacun Son Everest! លើគាំពារស្ត្រី និងកុមារី ពីជំងឺមហារីកសុដន។


ព្រឹត្តិការណ៍លើកទី២៥ នៅតំបន់សៀមរាបអង្គរពីថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែមីនា

បេក្ខនារីដែលចូលរួមប្រកួតប្រជែងសរុបមានចំនួន២៧៥នាក់ ដោយមានសរុប១១២ក្រុម ក្នុងនោះ៩១ក្រុមមានសមាជិក២នាក់ និង៣១ក្រុម មានសមាជិក៣នាក់។ ក្រុមភាគច្រើនបំផុតគឺក្រុមស្ត្រីបារាំង។



-ថ្ងៃទីមួយ៖ រត់ចម្ងាយ១៥គីឡូម៉ែត្រ (Trail Running) ពីប្រាសាទតាព្រហ្ម ទៅប្រាសាទបី (ឆ្លងកាត់ប្រាសាទតាកែវ, ប្រាសាទតានៃ, មុខប្រាសាទព្រះខ័ន, ខ្លោងទ្វារអង្គរធំ រួមមានខ្លោងទ្វារជ័យ, ខ្លោងទ្វារខ្មោច និងខ្លោងទ្វារទន្លេអុំ។

-ថ្ងៃទីពីរ៖ ចែវទូកកានូចម្ងាយ១៥គីឡូម៉ែត្រ (Canoe) នៅកំពង់ឃ្លាំង។ បេក្ខនារី អាចឈ្វេងយល់ពីធម្មជាតិ និងការរស់នៅរបស់ពលរដ្ឋនៅភូមិបណ្តែតទឹក ក្នុងឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម។

-ថ្ងៃទីបី៖ ជិះកង់ និងរត់ ចម្ងាយ២១,៥គីឡូម៉ែត្រ ដោយចេញពីគោលដៅផ្លូវជាតិលេខ៦ ឆ្ពោះទៅវត្តភ្នំក្រោម។ តាមផ្លូវ បេក្ខនារី អាចមើលឃើញទិដ្ឋភាពផ្សេងៗនៅទីជនបទ ជាពិសេសវាលស្រែដ៏ខៀវស្រងាត់។

-ថ្ងៃទីបួន៖ ស្វែងរកកំណប់អាថ៌កំបាំង (Treasure Hunt) នៅតាព្រហ្ម, អង្គរវត្ត និងអង្គរធំ (ប្រាសាទបាយ័ន, ទីលានជល់ដំរី, ប្រាសាទទេពប្រណម, ប្រាសាទព្រះបាលីល័យ, ប្រាសាទបាពួន, ប្រាសាទព្រះពិធូរ, ប្រាសាទឃ្លាំង និងប្រាសាទសួរព្រ័ត្រ)។ នេះជាសកម្មភាពវប្បធម៌ ដោយអ្នកចូលរួមអាចយល់ដឹងកាន់តែច្បាស់អំពីប្រាង្គប្រាសាទបុរាណ និងគុណតម្លៃជាប្រវត្តិសាស្ត្រ។


-ថ្ងៃទីប្រាំ៖ ជិះកង់ភ្នំ (Mountain Bike) ចម្ងាយ៣៨គីឡូម៉ែត្រ ដោយចេញពីផ្លូវលេខ៦៤ ទៅបញ្ចប់នៅប្រាសាទចៅស្រីវិបុល។ ជាដំណើរដែលនាំឱ្យក្រុមបេក្ខនារី ស្គាល់គ្រប់រសជាតិនៃស្ថានភាពផ្លូវ ការឆ្លងភូមិតូច តំបន់ព្រៃឈើ ក៏ដូចជាបរិវេណជុំវិញប្រាសាទចៅស្រីវិបុល ដែលមានចម្ងាយប្រមាណ២៥គីឡូម៉ែត្រពីក្រុងសៀមរាប។

-ថ្ងៃទីប្រាំមួយ៖ រត់ (Trail Running) ចម្ងាយ១០គីឡូម៉ែត្រ ដោយចេញពីប្រាសាទបាយ័ន ទៅបញ្ចប់នៅប្រាសាទបី។ អ្នកប្រកួតប្រជែងត្រូវឆ្លងកាត់ខ្លោងទ្វារជ័យ ខ្លោងទ្វារខ្មោច រួមទាំងដំណើរផ្សងព្រេងនៅក្នុងព្រៃអង្គរ៕



រូបថតទាំងអស់ គឺជារូបថតក្នុងព្រឹត្តិការណ៍ Raid Amazones នៅសៀមរាប កាលពីឆ្នាំ២០១៨។ រូបថត Amazones/ZBO



© រក្សាសិទ្ធិដោយ thmeythmey.com