អន្តរជាតិ
រុស្ស៊ី អុីរ៉ង់ និងចិនធ្វើសមយុទ្ធនៅឈូងសមុទ្រអូម៉ង់ ដើម្បីការពារសេដ្ឋកិច្ចសមុទ្រ
12, Mar 2024 , 10:11 am        
រូបភាព
រូបភាព AFP
រូបភាព AFP
រុស្ស៊ី នៅថ្ងៃទី១១ ខែមីនាបានប្រកាសថា នាវាចម្បាំងរបស់ខ្លួនមួយក្រុម បានទៅដល់អ៊ីរ៉ង់ហើយ ដើម្បី ចូលរួមក្នុងសមយុទ្ធជាមួយអ៊ីរ៉ង់ និងចិននៅឈូងសមុទ្រអូម៉ង់ និងសមុទ្រអារ៉ាប់។ សមយុទ្ធនេះ ធ្វើឡើង ដើម្បីការពារសកម្មភាពសេដ្ឋកិច្ចលើដែនសមុទ្រ និងចោរសមុទ្រ។

 
តាមសេចក្តីថ្លែងការណ៍មួយរបស់ក្រសួងការពារជាតិរុស្ស៊ី ​ សមយុទ្ធរួមគ្នា «ខ្សែក្រវាត់សន្តិសុខដែនសមុទ្រឆ្នាំ ២០២៤» ដែលមានទាំងវត្តមាននាវាចម្បាំង និងយន្តហោះចម្បាំង កំពុងប្រព្រឹត្តិឡើងចាប់ពីថ្ងៃទី១១ ដល់ ថ្ងៃទី១៥ខែមីនា។ សមុទ្រមួយនេះ ធ្វើឡើងនៅឈូងសមុទ្រអូម៉ង់ និងសមុទ្រអារ៉ាប់។ 
 
«ការអនុវត្តជាក់ស្តែងមួយផ្នែកនៃសមយុទ្ធនឹងធ្វើឡើងនៅក្នុងដែនទឹកនៃឈូងសមុទ្រអូម៉ង់នៃសមុទ្រអារ៉ាប់»។ ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់បែបនេះនៅថ្ងៃទី១១ ខែមីនា ដោយបន្ថែមថា គោលបំណងសំខាន់នៃការធ្វើសម យុទ្ធ គឺដើម្បីការពារសុវត្ថិភាពនៃសកម្មភាពសេដ្ឋកិច្ចដែនសមុទ្រ។ 
 
ចំណែកចិន បានបញ្ជូននាវាចម្បាំងបំពាក់មីស៊ីលប្រដេញ និងនាវា​ផ្គត់ផ្គង់​មួយ​គ្រឿង​ទៅ​ចូលរួម​ក្នុង​សមយុទ្ធ​ខាងលើ។
 
សមយុទ្ធ «ខ្សែក្រវាត់សន្តិសុខដែនសមុទ្រឆ្នាំ ២០២៤» ធ្វើឡើង ដើម្បីពង្រឹងសន្តិសុខនៃផ្លូវពាណិជ្ជកម្មដែនសមុទ្រ, ដោះស្រាយការគំរាមកំហែងពីចោរសមុទ្រ និងការគំរាមកំហែងភេរវកម្មតាមសមុទ្រ, ការអនុវត្តវិធានការមនុស្សធម៌ និងការចែករំលែកព័ត៌មានសំខាន់ៗទាក់ទងនឹងប្រតិបត្តិការជួយសង្គ្រោះតាមសមុទ្រទៅវិញទៅមក។ 
 
ប្រទេសដែលចូលរួមក៏ផ្លាស់ប្តូរបទពិសោធន៍ប្រតិបតិ្តការ និងយុទ្ធសាស្ត្រ ដើម្បីបង្កើនការត្រៀមខ្លួនរបស់ពួកគេក្នុងការដោះស្រាយបញ្ហាប្រឈមដែនសមុទ្រប្រកបដោយប្រសិទ្ធភាព។
 
តំណាងមកពីកងទ័ពជើងទឹកប៉ាគីស្ថាន កាហ្សាក់ស្ថាន អាស៊ែបៃហ្សង់ អូម៉ង់ ឥណ្ឌា និងអាហ្វ្រិកខាងត្បូង ក៏ចូលរួមផងដែរ ក្នុងនាមជាជាប្រទេសសង្កេតការណ៍។ 
 
សេចក្តីប្រកាសនៃសមយុទ្ធនាវាចម្បាំងរួមគ្នា ធ្វើឡើងស្របតាមការប្រកាសរបស់មេបញ្ជាការកងទ័ពជើងទឹកអ៊ីរ៉ង់ ឧត្តមនាវីទោ លោកShahram Irani នៅពេលថ្មីៗនេះ ទាក់ទងនឹងផែនការរបស់កងកម្លាំងជើងទឹកអ៊ីរ៉ង់ ដើម្បីធ្វើសមយុទ្ធយោធាជើងទឹករួមគ្នាជាមួយកងកម្លាំងសម្ព័ន្ធមិត្ត។ កងទ័ពជើងទឹកអ៊ីរ៉ង់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ បានបោះជំហានយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសមត្ថភាពកងទ័ពជើងទឹករបស់ខ្លួន៕ 

Tag:
 រុស្ស៊ី
  អ៊ីរ៉ង់
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com