សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ភាពតានតឹងនៅសមុទ្រក្រហម កំពុងគំរាមសេដ្ឋកិច្ចអាស៊ី
12, Mar 2024 , 11:19 am        
រូបភាព
កប៉ាល់ដឹកកុងតឺន័រមួយផ្លាស់ទីចេញពីកំពង់ផែពាណិជ្ជកម្ម Cape Town ។​រូបភាព ៖ AFP
កប៉ាល់ដឹកកុងតឺន័រមួយផ្លាស់ទីចេញពីកំពង់ផែពាណិជ្ជកម្ម Cape Town ។​រូបភាព ៖ AFP
តាមក្រុមហ៊ុនស្រាវជ្រាវ EIU ភាពតានតឹងនៅសមុទ្រក្រហមអាចបន្ទាបកំណើនសេដ្ឋកិច្ចរបស់អាស៊ី និងបង្កអតិផរណាកើនឡើង។ ប្រទេសដែលរងគ្រោះច្រើនជាងគេគឺ ឥណ្ឌូណេស៊ី ថៃ និងម៉ាឡេស៊ី។

 
យោងតាមទិន្នន័យពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ក្នុងរយៈពេលត្រឹមតែ២ខែនៃដើមឆ្នាំនេះ សកម្មភាពពាណិជ្ជកម្មនៅលើព្រែកជីកស៊ុយអេបានថយចុះ ៥០ភាគរយបើធៀបគ្រាដូចគ្នាកាលពីឆ្នាំមុន។ ការវាយប្រហាររបស់កងកម្លាំងហ៊ូធីលើកប៉ាល់ដឹកទំនិញនៅសមុទ្រក្រហម បានកាត់បន្ថយចរាចរណ៍តាមព្រែកជីក។
 
ព្រែកជីកស៊ុយអេ ជាចម្ងាយផ្លូវសមុទ្រខ្លីបំផុតរវាងអឺរ៉ុប និងអាស៊ីដែលរួមចំណែក១៥ភាគរយនៃពាណិជ្ជកម្មសមុទ្រពិភពលោក។ ដើម្បីចៀសវាងការវាយប្រហារ កប៉ាល់ដឹកទំនិញត្រូវផ្លាស់ប្តូរទិសដៅធ្វើដំណើរតាមផ្លូវវាងជុំវិញទ្វីបអាហ្វ្រិកវិញ។ ការធ្វើដំណើរតាមផ្លូវវាង បង្កើនពេលវេលាដឹកជញ្ជូនជាមធ្យម ១០ថ្ងៃ ដែលប៉ះពាល់ដល់អាជីវកម្មជាច្រើនធ្វើឲ្យខូចគុណភាពទំនិញមានកំណត់ពេល។ 
 
របាយការណ៍ក្រុមហ៊ុនស្រាវជ្រាវ EIU របស់កាសែត Economist ថ្មីៗបង្ហាញថា ផលវិបាកនៃការដឹកជញ្ជូនទាំងនេះ អាចបន្ទាបកំណើនសេដ្ឋកិច្ចរបស់អាស៊ី និងបង្កអតិផរណានៅទីនេះ។
 
«ការនាំចេញរបស់បណ្តាប្រទេសអាស៊ីបានរងផលប៉ះពាល់រួចហើយចាប់តាំងពីឆ្នាំមុន ដោយសារតម្រូវការទន់ខ្សោយពីប្រទេសលោកខាងលិច។ ដូច្នេះហើយ ការវាយប្រហារនាពេលថ្មីៗនេះលើនាវាដឹកទំនិញនឹងដាក់សម្ពាធកាន់តែខ្លាំងលើសេដ្ឋកិច្ចដែលពឹងផ្អែកខ្លាំង លើការនាំចេញ ជាពិសេសបណ្តាប្រទេសអាស៊ីអាគ្នេយ៍»។ របាយការណ៍ដដែលបានបញ្ជាក់បែបនេះ។ បើតាម ​​EIU ប្រទេសដែលរងផលប៉ះពាល់ខ្លាំងជាងគេគឺ ឥណ្ឌូណេស៊ី ថៃ និងម៉ាឡេស៊ី។
 
យោងតាមការគណនារបស់ EIU ការដឹកជញ្ជូនទំនិញពីអឺរ៉ុបទៅកាន់ម៉ាឡេស៊ី និងសិង្ហបុរីបច្ចុប្បន្នត្រូវចំណាយពេល ៥៦ថ្ងៃ។ មុនពេលក្រុមហ៊ូធីចាប់ផ្តើមវាយប្រហារលើនាវាដឹកទំនិញក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ ការដឹកជញ្ជូនប្រើពេលត្រឹមតែ ៣២ថ្ងៃប៉ុណ្ណោះ។ ទន្ទឹមនេះ ពេលវេលាដឹកជញ្ជូនទៅចិនបានកើនឡើងពី ៤២ថ្ងៃទៅ ៥៥ថ្ងៃ។
 
នៅខែមករា ឆ្នាំ២០២៤ ក្រុមហ៊ុន Oxford Economics បានបង្ហាញថា តម្លៃដឹកជញ្ជូនតាមកុងតឺន័របច្ចុប្បន្នបានកើនឡើងទ្វេដងបើធៀបនឹងដើមខែធ្នូឆ្នាំមុន។ ការកើនឡើងថ្លៃដឹកជញ្ជូននឹងប៉ះពាល់ដល់ប្រទេសជាច្រើននៅក្នុងតំបន់អាស៊ី។ ជាពិសេសប្រទេសដែលពឹងផ្អែកលើការនាំចូលអាហារដូចជាឥណ្ឌា និងប៉ាគីស្ថាន។
 
យោងតាមក្រុមហ៊ុន EIU ការរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់ និងការកាត់បន្ថយតម្រូវការ ទំនិញអាចបណ្តាលឱ្យកំណើនសេដ្ឋកិច្ចរបស់អាស៊ីធ្លាក់ចុះចន្លោះពី ០,២-០,៥ភាគរយនៅឆ្នាំនេះ។ ផ្ទុយទៅវិញ អតិផរណានៅក្នុងតំបន់នេះត្រូវបានគេព្យាករថានឹងកើនឡើងប្រមាណ ០,៤ភាគរយ។ ការបង្កើនល្បឿននៃអតិផរណានឹងធ្វើឱ្យវាកាន់តែលំបាកសម្រាប់ធនាគារកណ្តាលនៅហ្វីលីពីន អូស្ត្រាលី និងឥណ្ឌាក្នុងការស្វែងរកឱកាសដើម្បីកាត់បន្ថយអត្រាការប្រាក់។
 
ដោយសារភាពតានតឹងនៅសមុទ្រក្រហមមិនបង្ហាញសញ្ញានៃការបញ្ចប់ក្នុងពេលឆាប់ៗនេះ EIU យល់ថាសកម្មភាពវិនិយោគនៅអាស៊ីក៏អាចរងផលប៉ះពាល់ដែរ។ ដោយសារតែការរំខានច្រវាក់ផ្គត់ផ្គង់ ក្រុមហ៊ុនផលិតនឹងស្វែងរកជម្រើសផ្សេងទៀតដែលនៅជិតអ្នកប្រើប្រាស់ ជំនួសឱ្យការប្រើខ្សែច្រវាក់ផ្គត់ផ្គង់តឹងតែងនៅអាស៊ី៕ 

Tag:
 សេដ្ឋកិច្ច
  សមុទ្រក្រហម
  អាស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com