អន្តរជាតិ
ចិន​កែ​ច្បាប់ឱ្យ​បក្ស​កុម្មុយនីស្តមានអំណាចកាន់តែច្រើន ដើម្បីគ្រប់គ្រងរដ្ឋាភិបាល
12, Mar 2024 , 2:03 pm        
រូបភាព
រូបភាព Xinhua
រូបភាព Xinhua
សភាចិន នៅថ្ងៃទី១១ ខែមីនា បានធ្វើវិសោធនកម្មច្បាប់រៀបចំក្រុមប្រឹក្សារដ្ឋ ដើម្បីផ្តល់សិទ្ធិឱ្យបក្សកុម្មុយនីស្តមានអំណាចកាន់តែខ្លាំងក្នុងការគ្រប់គ្រងបន្ថែមទៀតលើគណៈរដ្ឋមន្ត្រី។ ការកែប្រែច្បាប់បែបនេះ ត្រូវបានអ្នកជំនាញមើលឃើញថា នឹងធ្វើឱ្យរដ្ឋាភិបាលគោរពតាមបទបញ្ជាបក្សកុម្មុយនីស្តយ៉ាងមុតមាំ។

 
បន្ទាប់ពីបើកកិច្ចប្រជុំជាច្រើនថ្ងៃ សភាប្រជាជនចិន នៅថ្ងៃទី១១ ខែមីនា បានអនុម័ត ការធ្វើវិសោធនកម្មច្បាប់រៀបចំក្រុមប្រឹក្សារដ្ឋ ដែលចែងពីការរៀបចំ និងប្រព្រឹត្តទៅរបស់រដ្ឋាភិបាលចិន។ ការឯកភាពនោះ ធ្វើឡើងក្នុងសំឡេងគាំទ្រ ២៨៨៣, សំឡេប្រឆាំង៨ និងអនុប្បវាទ៩ សំឡេងក្នុងអំឡុងពេលថ្ងៃបិទសភាប្រជាជនជាតិនៅទីក្រុងប៉េកាំង។ 
 
ការកែប្រែចុងក្រោយនេះ ជាការកាត់បន្ថយអំណាចរដ្ឋាភិបាល ដែលដឹកនាំដោយលោក លី ឈាំង នាយករដ្ឋមន្រ្តីចិន។ ប្រមុខរដ្ឋាភិបាលចិន លោក លី ឈាំង ជាអ្នកត្រួតពិនិត្យលើក្រសួងចំនួន ២១ និងរដ្ឋាភិបាលថ្នាក់តំបន់របស់ចិន។ 
 
ទន្ទឹមនេះ ការធ្វើវិសោធនកម្មនោះ បានរៀបចំឱ្យរដ្ឋាភិបាល ត្រូវតែគោរពសេចក្តីសម្រេច និងអំណាចរបស់ គណៈកម្មាធិការមជ្ឈិមបក្ស និងដើរតាមទស្សនៈរបស់លោកស៊ី ជិនភីង ប្រធានាធិបតីចិន។ នេះបើតាមមាត្រាថ្មី ដែលទើបបន្ថែម នៅក្នុងច្បាប់រៀបចំក្រុមប្រឹក្សារដ្ឋ។ ទស្សនៈរបស់លោក ស៊ី កន្លងមក ត្រូវបានចិនចែងនៅក្នុងរដ្ឋធម្មនុញ្ញផងដែរ។ 
 
ជុំវិញការកែប្រច្បាប់រៀបចំរដ្ឋាភិបាលខាងលើ អ្នកជំនាញផ្នែកច្បាប់ បានកត់សម្គាល់ថា វិសោធនកម្មច្បាប់រៀបចំ ក្រុមប្រឹក្សារដ្ឋជាលើកដំបូង ចាប់តាំងពីឆ្នាំ១៩៨២ ជាការបន្តនិន្នាការផ្ទេរអំណាចកាន់តែច្រើនពីរដ្ឋទៅក្នុងដៃរបស់បក្ស។ ទន្ទឹមនេះ វាជាការទុកឱ្យរដ្ឋាភិបាលអនុវត្តតាមទាំងស្រុងចំពោះការណែនាំរបស់បក្ស។
 
«នេះគឺជាការផ្លាស់ប្តូរដ៏សំខាន់នៅក្នុងការរៀបចំឡើងវិញនៃអង្គនីតិប្រតិបត្តិនៅចិន»។ សាស្ត្រាចារ្យច្បាប់នៅសាកលវិទ្យាល័យចិនហុងកុង លោក Ryan Mitchell សម្គាល់បែបនេះ។ 
 
សូមបញ្ជាក់ថា ចាប់តាំងពីឡើងកាន់អំណាចនៅក្នុងឆ្នាំ២០១២ លោកស៊ី បានបង្កើតគណៈកម្មាធិការបក្សថ្មីៗជាច្រើន ដើម្បីត្រួតពិនិត្យលើក្រសួងមួយចំនួន ពាក់ព័ន្ធនឹងសេដ្ឋកិច្ច និងគោលនយោបាយ។ គណៈកម្មាធិការបក្សទាំងនោះ តែងធ្វើរបាយការណ៍ទៅកាន់លោក ស៊ី ពាក់ព័ន្ធនឹងសេដ្ឋកិច្ច និងគោលនយោបាយមួយចំនួន ដែលជាប្រពៃណីស្ថិតក្រោមការពិនិត្យរបស់ប្រមុខរដ្ឋាភិបាល៕ 

Tag:
 សភាចិន
  បក្សកុម្មុយនីស្ត
© រក្សាសិទ្ធិដោយ thmeythmey.com