ជាតិ
មនុស្សជាង៤០០នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមអនឡាញ ត្រូវបានឃាត់ខ្លួន នៅខេត្តព្រះសីហនុ
12, Mar 2024 , 3:20 pm        
រូបភាព
ក្រុមមន្ត្រីជំនាញក្រសួងមហាផ្ទៃ បានចុះប្រតិបត្តិការបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Scammed online) នាទីតាំងចំនួន៣ផ្សេងគ្នា នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី៩ និង១០ មីនា ២០២៤។ ប្រតិបត្តិការនេះ សមត្ថកិច្ច បានឃាត់ខ្លួនមនុស្សជាង៤០០នាក់។ រូបពីហ្វ៊េសបុកក្រសួងមហាផ្ទៃ។
ក្រុមមន្ត្រីជំនាញក្រសួងមហាផ្ទៃ បានចុះប្រតិបត្តិការបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Scammed online) នាទីតាំងចំនួន៣ផ្សេងគ្នា នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី៩ និង១០ មីនា ២០២៤។ ប្រតិបត្តិការនេះ សមត្ថកិច្ច បានឃាត់ខ្លួនមនុស្សជាង៤០០នាក់។ រូបពីហ្វ៊េសបុកក្រសួងមហាផ្ទៃ។
ក្រុមការងារជំនាញក្រសួងមហាផ្ទៃ បានចុះបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Scammed online) នៅខេត្តព្រះសីហនុ ដោយឃាត់ខ្លួនមនុស្សជាង៤០០នាក់។ ក្នុងនោះជនបរទេសជិត២០០នាក់ នឹងត្រូវបណ្ដេញចេញពីកម្ពុជា។

 
ក្រុមមន្ត្រីជំនាញក្រសួងមហាផ្ទៃ បានចុះប្រតិបត្តិការបង្រ្កាបនេះ អស់រយៈពេល២ថ្ងៃ នៅទីតាំងចំនួន៣ផ្សេងគ្នា។ តាមរយៈប្រតិបត្តិការនេះ ក្រុមមន្ត្រីជំនាញបានរកឃើញ រកឃើញជនបរទេស១៧២នាក់ (ស្រី៤៣នាក់) ដោយមាន៤សញ្ជាតិ រួមមានវៀតណាម ១០៩នាក់ (ស្រី១៧នាក់), ថៃ៥៤នាក់ (ស្រី២៤នាក់), ចិនតៃវ៉ាន់ ៨នាក់ (ស្រី២នាក់) និងចិន១នាក់ រួមទាំងអ្នកគ្រប់គ្រងចំនួន ៥នាក់ (ស្រី២នាក់) មាន២សញ្ជាតិ ចិនតៃវ៉ាន់ ៤រូប (ស្រី២នាក់) និងចិន១នាក់ នៅអតីតកាស៊ីណូ ភែរឺដល អាយលែន (Paradis Island) កាលពីថ្ងៃទី៩ មីនា។ សមត្ថកិច្ច កំពុងបន្តនីតិវិធីកសាងសុំណុំរឿងទៅសាលាដំបូងខេត្តព្រះសីហនុ ចាត់ការតាមច្បាប់ជាធរមាន។
 
ជាមួយគ្នានោះ មន្ត្រីជំនាញក៏បានបង្ក្រាបទីតាំងផ្សេងទៀត ដោយបានរកឃើញជនជាតិខ្មែរចំនួន ២៧៩នាក់ (ស្រី២២៧នាក់) និងជនបរទេសចំនួន ២៨នាក់ (ស្រី៣នាក់) មាន២សញ្ជាតិ រួមមានចិន ២៧នាក់ និងមីយ៉ាន់ម៉ា១នាក់។ 
 
បើតាមក្រសួងមហាផ្ទៃ ជនបរទេស១៩៥នាក់ ក្នុងនោះ វៀតណាម១០៩នាក់ , ថៃ ៥៤នាក់ , ចិន២៧នាក់ , ចិនតៃវ៉ាន់៤នាក់ និងមីយ៉ាន់ម៉ា១នាក់ បានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រៀមបណ្តេញចេញ។
 
គោលបំណងនៃប្រតិបត្តិការនេះ គឺលុបបំបាត់ឱ្យអស់នូវទីតាំង ដែលមានបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Scammed Online) គ្រប់ប្រភេទ នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។

លោក សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការចំពោះកិច្ច ដើម្បីបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ដឹកនាំប្រតិបត្តិការនេះ បានថ្លែងកាលពីថ្ងៃទី១០ មីនាថា៖«ជាគោលការណ៍រដ្ឋាភិបាល ខិតខំបំបិទបំបាត់ល្បែងខុសច្បាប់នេះ ជាពិសេសលើទឹកដីខេត្តព្រះសីហនុនេះ ដើម្បីយកឱកាសឱ្យអាជ្ញាធរខេត្ត មន្ទីរជុំវិញខេត្ត ធ្វើការអភិវឌ្ឍខេត្តឱ្យទៅជាខេត្តទេសចរណ៍ឈានមុខ»។
 
សម្រាប់ទឹកដីខេត្តមាត់សមុទ្រនេះ ក៏មានអាជីវកម្មល្បែង ដែលទទួលបានអាជ្ញាបណ្ណ និងការអនុញ្ញាតស្របច្បាប់ពីក្រសួងពាក់ព័ន្ធ ដែលជាសេនាធិការរបស់រដ្ឋាភិបាលដែរ។ ប៉ុន្តែសម្រាប់អាជីវកម្មល្បែងអនឡាញ ដែលលបលួចបើកដំណើរការខុសច្បាប់នោះ នឹងរងការបង្ក្រាប ក៏ដូចជាចំណាត់ការពីសំណាក់អាជ្ញាធរ។ នេះបើតាមលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ។
 
លោក គួច ចំរើន បានសង្កត់ធ្ងន់ថា អាជ្ញាធរ នឹងបន្តចុះត្រួតពិនិត្យ និងបង្ក្រាបល្បែងអនឡាញខុសច្បាប់ ឬបទល្មើសឆបោកតាមប្រព័ន្ធអនឡាញនេះថែមទៀត ដោយមិនបញ្ឈប់សកម្មភាពត្រឹមនេះឡើយ។
 
ទាំងលោក គួច ចំរើន ទាំងលោក សុខ ផល សុទ្ធអំពាវនាវឱ្យអ្នកបើកល្បែងអនឡាញខុសច្បាប់ បញ្ឈប់សកម្មភាពអាជីវកម្មខ្លួន ហើយងាកទៅប្រកបអាជីវកម្ម ដែលសមស្របតាមគោលនយោបាយ និងចក្ខុវិស័យរបស់រដ្ឋាភិបាល ក្នុងការអភិវឌ្ឍខេត្តព្រះសីហនុនេះ។ បើមិនដូច្នោះទេ ម្ចាស់អាជីវកម្មល្បែងអនឡាញ នឹងប្រឈមមុខច្បាប់៕

Tag:
 សុខ ផល
  គួច ចំរើន
  ល្បែងអនឡាញ
© រក្សាសិទ្ធិដោយ thmeythmey.com