ជាតិ
លោកស្រី ឡេង ចាន់ណា ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធនឹងការឆបោក និងចេញសែកស្អុយ
12, Mar 2024 , 8:00 pm        
រូបភាព
ដោយ: ថ្មីៗ
ស្នងការនគរបាលខេត្តសៀមរាប បានឃាត់ខ្លួន លោកស្រី ឡេង ចាន់ណា អគ្គនាយកក្រុមហ៊ុនទ្រីលាន ស៊ីធីមើលដ៍ ឯ.ក និងបក្ខពួក តាមដីកាបញ្ជាឲ្យចូលខ្លួន របស់តំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យអយ្យការអម សាលាដំបូងខេត្តសៀមរាប ចុះថ្ងៃទី១២ មីនានេះ។

 
អ្នកនាំពាក្យ អយ្យការអមសាលាដំបូងខេត្តសៀមរាប បញ្ជាក់ទៀតថា ការឃាត់ខ្លួនលោកស្រី ឡេង ចាន់ណា  និងគ្នីគ្នានេះ ធ្វើឡើងដោយផ្អែកតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងបទល្មើស ឆបោក រំលោភលើទំនុកចិត្ត និងចេញមូលប្បទានបត្រគ្មានសាច់ប្រាក់។ សេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តសៀមរាប ចុះថ្ងៃទី១២ មីនានេះ បញ្ជាក់ថាបន្ថែមដូច្នេះ៖«ជនសង្ស័យ និងបក្ខពួក នឹងត្រូវបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធី»។
 
 ជុំវិញករណីនេះ មានពលរដ្ឋប្រមាណ៤ទៅ៥ពាន់នាក់ បានអះអាងថា បានចាញ់បោកក្រុមហ៊ុនខាងលើក្រោមរូបភាពដាក់ប្រាក់វិនិយោគ ដោយទទួលបានការប្រាក់ប្រចាំខែ។ ប៉ុន្តែការប្រាក់ដែលក្រុមហ៊ុនទូទាត់ឱ្យពលរដ្ឋ មិនបានប៉ុន្មានផង ក្រុមហ៊ុនក៏ឈប់ទូទាត់ ហើយក្រោយមកក៏ប្រកាសថាមិនមានលទ្ធភាពទូទាត់ឱ្យពលរដ្ឋក្រោមហេតុផលវិបត្តិសេដ្ឋកិច្ចសកល៕

© រក្សាសិទ្ធិដោយ thmeythmey.com