ការថែទាំសុខភាព គឺជារឿងចាំបាច់ណាស់សម្រាប់មនុស្សគ្រប់រូប ព្រោះវានឹងធ្វើឱ្យយើងមានសុខភាពល្អ និងមិនងាយឈឺ។បន្ថែមពីលើនេះដែរ ការថែទាំសុខភាពមិនមែនធ្វើឡើងតែនៅពេលដែលយើងឈឺ ឬកំពុងតែសម្រាកព្យាបាលនោះទេ តែផ្ទុកទៅវិញ យើងត្រូវយកចិត្តទុកដាក់ថែទាំសុខភាពជារៀងរាល់ថ្ងៃ។
គន្លឹះ៥យ៉ាងធ្វើឲ្យចំណីអាហារមានសុវត្ថិភាព ដែលលោកអ្នកគួរតែអនុវត្តដូចជា ៖
១-រក្សាឲ្យស្អាតជានិច្ច ៖
-លាងដៃមុនរៀបចំអាហារ កាន់អាហារ បញ្ចុកអាហារ និងក្រោយពេលចេញពីបង្គន់ ។
-លាងសម្អាតឧបករណ៍ដាក់ចំណីអាហារ ក្រណាត់ជូត ។
-ផ្ទះបាយត្រូវតែស្អាត កុំមានសត្វល្អិត កណ្តុរ និងសត្វ ផ្សេងៗ ។
២-ទុកដាក់អាហារឆៅ និងឆ្អិតនៅដាច់ដោយឡែកពីគ្នា៖
-សាច់ឆៅនិងសាច់ឆ្អិន ដាក់ដោយឡែងពីគ្នា ។
-បន្លែឆៅនិងបន្លែឆ្អិន ដាក់ដោយឡែកពីគ្នា ។
-ត្រូវមានកំបិត ជ្រញ់ សម្រាប់ចិត ឬហាន់បន្លែ សាច់ឆៅ និងឆ្អិនផ្សេងគ្នា ។
៣-ចំអិនឲ្យបានឆ្អិនជានិច្ច៖
-ចំអិនអាហារឲ្យបានឆ្អិនល្អ ជាពិសេសសាច់សត្វស្លាប ពងមាន់ ពងទា គ្រឿងសមុទ្រ ។
-ត្រូវដាក់កម្តៅឡើងវិញឲ្យកំដៅលើសពី៧០អង្សាសេ ។
៤-ទុកដាក់ម្ហូបក្នុងកម្រិតកម្តៅសុវត្ថិភាព ៖
-កុំរក្សាទុកអាហារក្នុងកម្តៅធម្មតាលើសពី២ម៉ោង ។
-បើចង់រក្សាទុកអាហារក្នុងកម្រិតត្រជាក់ គឺត្រូវរក្សាឲ្យទាបជាង៥អង្សាសេ ទើបមានសុវត្ថិភាព ឬបើចង់រក្សាទុកអាហារក្នុងកម្រិតក្តៅ គឺត្រូវរក្សាឲ្យខ្ពស់ជាង៦០អង្សាសេ ទើបមានសុវត្ថិភាព ។ មិនត្រូវទុកអាហារជាច្រើនថ្ងៃនោះទេ ទោះជាស្ថិតក្នុងកម្រិតកម្តៅ ឬត្រជាក់សុវត្ថិភាពក៏ដោយ ។
៥-ប្រើប្រាស់ទឹកស្អាត និងម្ហូបអាហារឆៅដែលស្អាត៖
-ប្រើប្រាស់ទឹកស្អាតសម្រាប់លាងសម្អាត ។
-ជ្រើសរើសអាហារឆៅដែលស្រស់និងនៅទាំងមូល ។
-ជ្រើសរើសទឹកដោះគោឆៅដែលបញ្ជាក់ថា បានសម្លាប់មេរោគ និងសម្អាតជាតិពុលអស់ ។ កុំប្រើប្រាស់ចំណីអាហារហួសការកំណត់ ។
កន្លងមកមានករណីពុលចំណីអាហារដូចជា ពុលនំបញ្ចុក ពុលនំបុ័ងប៉ាតេ ពុលបាយកញ្ចប់សាច់ជ្រូក ឬសាច់មាន់ និងពុលស្រាជាដើម ។ ភាគច្រើនការពុលចំណីអាហារបណ្តាលមកពីផលិតផលដើមមិនមានគុណភាព រៀបចំអាហារខ្វះអនាម័យ ឬរក្សាទុកមិនបានល្អត្រឹមត្រូវ ឬទុកដាក់ក្នុងចន្លោះសីតុណ្ហភាពគ្រោះថ្នាក់ ដើម្បីសុវត្ថិភាពម្ហូបអាហារ ៕