អន្តរជាតិ
ថៃហាមលក់គ្រឿងស្រវឹងនៅកន្លែងលេងបាញ់ទឹកក្នុងពេលសង្រ្កាន្ត
13, Mar 2024 , 9:56 am        
រូបភាព
សង្រ្កាន្តនៅថៃក្នុងឆ្នាំ២០២៣។ រូបភាព AFP
សង្រ្កាន្តនៅថៃក្នុងឆ្នាំ២០២៣។ រូបភាព AFP
រាល់កន្លែងលេងបាញ់ទឹកនៅទូទាំងប្រទេស ក្នុងអំឡុងពេលសង្រ្គាន្តនៅថៃ នឹងមិនអនុញ្ញាតឱ្យមានការលក់គ្រឿងស្រវឹងឡើយ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការពារអនីតិជន។ អាជ្ញាធរថៃបានបញ្ជាក់បែបនេះ នៅថ្ងៃទី១២ ខែមីនា។



ពិធីចូលឆ្នាំប្រពៃណីថៃ នឹងចាប់ផ្តើមពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមេសា ខណៈពិធីបុណ្យសង្រ្កាន្តពិភពលោក នឹងចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែមេសា ដើម្បីទាក់ទាញភ្ញៀវទេសចរបន្ថែម។ ដើម្បីការពារអនីតិជន និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ អាជ្ញាធរថៃ នឹងដាក់ចេញវិធានការហាមលក់គ្រឿងស្រវឹងនៅកន្លែងលេងបាញ់ទឹកនៅទូទាំងប្រទេសក្នុងពេលសង្រ្កាន្ត។ 
 
«ការហាមឃាត់លក់គ្រឿងស្រវឹងទាំងស្រុង នឹងត្រូវបានអនុវត្តនៅទីតាំងសង្រ្កាន្តទាំងអស់ ក្នុងរយៈពេលចូលឆ្នាំប្រពៃណី»។ កាសែតបាងកកប៉ុស្តិ៍ ដែលបានស្រង់សម្តីរបស់មន្រ្តីគណៈកម្មាធិការគ្រប់គ្រងគ្រឿងស្រវឹងថៃ បានចុះផ្សាយបែបនេះ។ 
 
ការហាមប្រាមគ្រឿងស្រវឹង នឹងត្រូវបានអនុវត្តយ៉ាងតឹងរ៉ឹងដោយមានការយកចិត្តទុកដាក់ជាពិសេស ដើម្បីធានាថាអនីតិជនមិនអាចទទួលគ្រឿងស្រវឹងបានទេ ហើយការលក់នៅកន្លែងផ្សេងទៀតនឹងស្ថិតតាមម៉ោងអនុញ្ញាតប៉ុណ្ណោះ។
 
រដ្ឋមន្ត្រីក្រសួងសុខាភិបាលសាធារណៈ លោក Cholnan Srikaew ដែលបានធ្វើជាប្រធាន កិច្ចប្រជុំនៃគណៈកម្មាធិការគ្រប់គ្រងគ្រឿងស្រវឹងថៃ បានបញ្ជាក់ថា ការណែនាំអំពីការគ្រប់គ្រងគ្រឿងស្រវឹង ដែលស្នើឡើងដោយនាយកដ្ឋានគ្រប់គ្រងជំងឺ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវបានអនុម័ត។ វិធានការនេះ ធ្វើឡើងដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេស និងគោរពតាមគោលការណ៍ជាតិគ្រប់គ្រងគ្រឿងស្រវឹងឆ្នាំ២០២២ ដល់ឆ្នាំ២០២៧។ 
 
អភិបាលខេត្ត និងអាជ្ញាធរមូលដ្ឋាន នឹងកំណត់តំបន់គ្មានគ្រឿងស្រវឹងសម្រាប់ពិធីសង្ក្រាន្ត ដើម្បីរក្សា
សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈផងដែរ។
 
អ្នកបើកបរ និង​អ្នក​បើក​ម៉ូតូ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​គ្រោះថ្នាក់​ចរាចរណ៍ ​នឹង​ត្រូវ​ទទួល​បាន​ការ​ធ្វើតេស្ត​ឈាម ឬ​ការ​ផ្លុំខ្យល់។ ក្នុងករណីដែលអ្នកបើកបររថយន្តដែលមានវ័យក្រោម ២០ឆ្នាំ មានកម្រិតជាតិអាល់កុលក្នុងឈាមលើសពី ២០ មីលីក្រាមនឹងប្រឈមការស៊ើបអង្កេត ហើយកំណត់អត្តសញ្ញាណអ្នកលក់ស្រា។ មន្ត្រីថៃ បានសម្គាល់ផងដែរថា អ្នក​លក់​អាច​នឹងរងការកាត់ទោស៕ 

Tag:
 ថៃ
  សង្រ្កាន្ត
© រក្សាសិទ្ធិដោយ thmeythmey.com