អន្តរជាតិ
រុស្ស៊ី​កោះហៅ​ទូត​ស្វ៊ីស​ ក្រោយសភាអនុម័តញត្តិអនុញ្ញាតរដ្ឋរឹបអូសទ្រព្យខ្លួន
13, Mar 2024 , 10:51 am        
រូបភាព
ក្រសួងការបរទេសរុស្ស៊ី នៅថ្ងៃទី១២ ខែមីនា បានកោះហៅអគ្គរដ្ឋទូតស្វ៊ីសជុំវិញការអនុម័តរបស់សភាលើច្បាប់មួយ ដែលត្រួសត្រាយឱ្យរដ្ឋាភិបាលចាត់ចែង រឹបអូស និងផ្ទេរទ្រព្យសម្បត្តិរុស្ស៊ី ទៅមូលនិធិសំណងសម្រាប់អ៊ុយក្រែន។ ប្រសិនបើទ្រព្យសម្បត្តិណាមួយរបស់ខ្លួនត្រូវបានរឹបអូស រុស្ស៊ីព្រមានសងសឹកស្វ៊ីសវិញ។

 
បន្ទាប់ពីសភាស្វ៊ីសអនុម័តច្បាប់មួយ ដែលអនុញ្ញាតរដ្ឋាភិបាលរឹបអូសទ្រព្យសម្បត្តិរុស្ស៊ី ដើម្បីបង្វែរជាសំណងសម្រាប់អ៊ុយក្រែន រុស្ស៊ីបានកោះហៅអគ្គរដ្ឋទូតស្វ៊ីសប្រចាំនៅក្រុងមូស្គូ លោកស្រី Krystyna Marty Lang ដើម្បីតវ៉ា។ 
 
«រុស្ស៊ីសូមថ្កោលទោសយ៉ាងខ្លាំង ចំពោះជំហានរបស់អាជ្ញាធរស្វ៊ីស ដែលបានបំពានយ៉ាងធ្ងន់ធ្ងរលើគោលការណ៍ជាមូលដ្ឋាន និងបទដ្ឋាននៃច្បាប់អន្តរជាតិទាក់ទងនឹងអភ័យឯកសិទ្ធិរបស់រដ្ឋ»។ ក្រសួងការបរទេសរុស្ស៊ី បានបញ្ជាក់បែបនេះ នៅថ្ងៃទី១២ ខែមីនា។
 
បើតាមក្រសួងការបរទេសរុស្ស៊ី រាល់ការរឹបអូសយកទ្រព្យរបស់រុស្ស៊ី ក្រោមការលាក់បាំងនៃយន្តការសំណងណាមួយ គឺស្មើនឹងការលួចទ្រព្យធននៅកម្រិតរដ្ឋ។ ក្នុងករណីទ្រព្យសម្បត្តិរបស់ខ្លួនត្រូវបានរឹបអូស រដ្ឋាភិបាលក្រុងមូស្គូ បានប្រកាសព្រមានសងសឹកវិញ។ 
 
ចំណែកក្រសួងការបរទេសស្វ៊ីស នៅក្នុងថ្ងៃដដែល បានបញ្ជាក់ផងដែរថា អគ្គរដ្ឋទូតខ្លួន ត្រូវបានរុស្ស៊ីកោះហៅ ដោយសារតែសភាអនុម័តច្បាប់ខាងលើ។ 
 
គួររម្លឹកថា ស្វ៊ីសកាលពីឆ្នាំមុន បានបង្កកទ្រព្យសម្បត្តិហិរញ្ញវត្ថុ ៨,៨១ពាន់លាន ដុល្លារដែលជាកម្មសិទ្ធិរបស់ជនជាតិរុស្ស៊ី ដើម្បីដាក់
សម្ពាធរុស្ស៊ី ក្រោយឈ្លានពានលើអ៊ុយក្រែន៕ 

© រក្សាសិទ្ធិដោយ thmeythmey.com