ជាតិ
ក្រសួងការងារ ចេញដំណោះស្រាយឱ្យកម្មករ ហើយឱ្យសមត្ថកិច្ចឃាត់ខ្លួនម្ចាស់រោងចក្រ Y & W
13, Mar 2024 , 3:49 pm        
រូបភាព
កម្មករកាត់ដេរនៃរោងចក្រ Y&W បិទផ្លូវតវ៉ាឱ្យថៅកែបើកប្រាក់ខែ។
កម្មករកាត់ដេរនៃរោងចក្រ Y&W បិទផ្លូវតវ៉ាឱ្យថៅកែបើកប្រាក់ខែ។
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បញ្ជាក់ថា ថៅកែរោងចក្រកាត់ដេរ Y & W GARMENT CO.,LTD ពិតជារត់ចោលក្រុមហ៊ុនមែន។ ករណីនេះ ក្រសួងបានស្នើទៅសមត្ថកិច្ច ឱ្យជួយឃាត់ខ្លួនម្ចាស់រោងចក្រ បើឃើញវត្តមាននៅក្នុងកម្ពុជា ។ បច្ចុប្បន្នក្រសួង បានចេញដំណោះស្រាយពីរចំណុចឱ្យកម្មករ។

 
មានការសង្ស័យថា ថៅកែ Y & W រត់ចោលក្រុមហ៊ុន កាលពីអំឡុងខែកុម្ភៈ។ ហេតុនេះ មន្ត្រីក្រសួងការងារ និងអាជ្ញាធរដែនដី ក៏បានចុះទៅផ្ទៀងផាត់ព័ត៌មាន ហើយកំណត់ឱ្យគណនេយ្យករនៃរោងចក្រ បើកប្រាក់ឈ្នួល លើកទី១នៃខែកុម្ភៈ ដល់កម្មករ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការងារ ចេញថ្ងៃទី១២ មីនា ។
 
ក្រសួងបានពន្យល់បន្ថែមថា នៅអំឡុងពេលដាក់កំហិតឱ្យបើកប្រាក់ឈ្នួលនេះ  ក្រសួងបន្តព្យាយាមទាក់ទងថៅកែរោងចក្រតាមគ្រប់វិធី ប៉ុន្តែនៅតែមិនអាចទាក់ទងបាន។ ដូច្នេះ ក្រសួងបានសន្និដ្ឋានថា ថៅកែរោងចក្រពិតជារត់ចោលកម្មករ ដោយមិនទទួលខុសត្រូវលើប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗដល់និយោជិត។ ក្រោមការសម្របស្រមួលរបស់ក្រសួង កម្មករប្រមាណ៤៥០០នាក់ ក្នុងចំណោម៤៨៤៩នាក់ បានយល់ព្រមរង់ចាំការដោះស្រាយ តាមនីតិវិធីច្បាប់។ 
 
ក្រសួងបង្ហាញដំណោះស្រាយពីរ គឺដោះស្រាយតាមច្បាប់ស្ដីពីក្ស័យធន ប៉ុន្តែត្រូវប្រើពេលយូរ។ ដំណោះស្រាយមួយទៀត គឺស្នើសុំដីការសម្រេចរក្សាការពារ ដើម្បីរឹបអូសទ្រព្យសម្បត្តិទាំងអស់របស់ក្រុមហ៊ុន យកលក់ឡៃឡុង សម្រាប់ទូទាត់ប្រាក់ឈ្នួល និងប្រាក់បំណាច់ដល់កម្មករ។ 
 
តាមរយៈការសម្របសម្រួលនេះ ក្រសួង បានស្នើសុំដីការសម្រេចរក្សាការពារទ្រព្យសម្បត្តិ ទៅតុលាការរាជធានីភ្នំពេញ នៅថ្ងៃទី១១ មីនា។ តុលាការក៏បានចេញដីកាសម្រេចរឹបអូស បណ្ដោះអាសន្ន នៅថ្ងៃទី១២ មីនា។
 
ពាក់ព័ន្ធអត្ថប្រយោជន៍និងបញ្ហាផ្សេងៗទៀត ដែលកម្មករបារម្ភខ្លាចបាត់បង់ ក្រសួងបានអះអាងថា កម្មករនៅអាចប្រើប្រាស់ប័ណ្ណ ប.ស.ស លើផ្នែកថែទាំសុខភាព ,អត្ថប្រយោជន៍ពេលមានផ្ទៃពោះ និងសម្រាលកូន បានដូចធម្មតា រហូតដល់រយៈពេល៣ខែ។ ចំពោះទ្រព្យសម្បត្តិ និងសម្ភារផ្សេងៗនៅទីតាំងរោងចក្រ នឹងត្រូវរក្សាទុកសម្រាប់ទូទាត់ឱ្យកម្មករតាមដីកាតុលាការ ហើយក្រសួងនឹងជូនដំណឹងដល់កម្មករនិយោជិត ជាសាធារណៈ នៅពេលលក់ឡៃឡុង ត្រូវបានកំណត់ថ្ងៃ។
 
អាជ្ញាធរដែនដី ក៏បានស្នើទៅដល់ម្ចាស់ផ្ទះជួលទាំងអស់ ឱ្យពន្យារពេលយកថ្លៃឈ្នួលផ្ទះ អំឡុងពេលរង់ចាំបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗពីរោងចក្រ Y & W។ 
 
«ក្រសួងបាននិងកំពុងជូនដំណឹងទៅក្រសួងពាណិជ្ជកម្ម ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋានពន្ធដារ ដើម្បីចាត់វិធានការតាមដែនសមត្ថកិច្ចរៀងៗខ្លួនស្វែងរកបន្ថែមនូវ អាជីវកម្មរបស់ថៅកែក្រុមហ៊ុនខាងលើ និងអាចឃាត់ខ្លួនក្នុងករណីថៅកែរូបនេះបង្ហាញមុខនៅក្នុងទឹកដីកម្ពុជា»។ នេះបើតាមការសង្កត់ធ្ងន់របស់ក្រសួងការងារ។
 
ក្រសួងក៏កំពុងបំពេញនីតិវិធីច្បាប់ ដើម្បីបញ្ជូនដំណឹងអំពីដីកាតុលាការ ទៅដល់ប្រទេសកំណើតរបស់ថៅកែក្រុមហ៊ុន Y & W ដើម្បីឱ្យមកទទួលខុសត្រូវកាតព្វកិច្ចផ្សេងៗដែលមាននៅកម្ពុជា។ បើតាមដីការបស់តុលាការ ម្ចាស់រោងចក្រ Y & W មានឈ្មោះ YUEN PO FAI  ជាជនជាតិចិន។
 
ហេតុនេះ ក្រសួងបានអំពាវនាវដល់កម្មករនិយោជិតឱ្យរក្សាភាពនឹងនរ និងចុះឈ្មោះស្វែងរកការងារថ្មីជាមួយទីភ្នាក់ងារជាតិមុខរបរនិងការងារ៕

Tag:
 កម្មករ
© រក្សាសិទ្ធិដោយ thmeythmey.com