ជាតិ
EU ផ្តល់ជំនួយ១៣លានដុល្លារ គំាទ្រដល់គម្រោងរោងចក្រផលិតទឹកស្អាតបាក់ខែង ដំណាក់កាលទី៣
13, Mar 2024 , 7:59 pm        
រូបភាព
ភ្នំពេញ៖ ក្រោយ​បញ្ចប់ការ​សាងសង់រោង​ចក្រផលិតទឹកស្អាតបាក់ខែង ដំណាក់កាលទី១ និងដំណាក់កាលទី២ សហភាពអឺរ៉ុប បន្តគាំទ្រកម្ពុជាក្នុងការផលិតទឹកស្អាត​ដំណាក់​កាលទី​៣បន្ថែម​ទៀត។ ក្នុងដំណើរ​ទស្សនកិច្ច​លោកស្រី ជូតា អេភើលឡៃនីន ​បាន​លើក​ឡើងថា៖«តាមរយៈការបន្តកិច្ចសហប្រតិបត្តិការនេះ ខ្ញុំមានមោទនភាពក្នុងការប្រកាសការសន្យាផ្តល់ជំនួយឥតសំណង១៣លានដុល្លារ ដើម្បីគំាទ្រដល់គម្រោងបាក់ខែងដំណាក់កាលទី៣ ដោយសហការជាមួយដៃគូអឺរ៉ុបរបស់យើង គឺទីភ្នាក់ងារអភិវឌ្ឍន៌បារាំង (AFD)»។



នៅថ្ងៃទី១៣ ខែមីនានេះ លោកស្រី​ ជូតា អេភើលឡៃនីន ស្នងការអឺរ៉ុបទទួលបន្ទុកភាពជាដៃគូអន្តរជាតិ រួមដំណើរជាមួយលោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍  មក​បំពេញទស្សនកិច្ចនៅរោងចក្រផលិតទឹកស្អាតបាក់ខែង។ រោងចក្រផលិតទឹកស្អាតបាក់ខែង ជាគម្រោងវិនិយោគរបស់អឺរ៉ុបដ៏ធំជាងគេមួយនៅកម្ពុជា ក្រោមយុទ្ធសាស្រ្តវិនិយោគច្រកចូលទៅកាន់ពិភពលោករបស់អឺរ៉ុប (EU Global Gateway)។ ការវិនិយោគនេះ បានជួយធ្វើឱ្យប្រសើរឡើងនូវការទទួលបានសេវាទឹកស្អាតសម្រាប់ប្រជាពលរដ្ឋជាង២លាននាក់ នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ។
 
លោកស្រី​ស្នងការអឺរ៉ុប ជូតា អេភើលឡៃនីន បាន​សរសើរ​ពីភាពជាដៃគូដ៏រឹងមាំរវាងទីភ្នាក់ងារអភិវឌ្ឍន៌បារាំង (AFD) ធនាគារវិនិយោគអឺរ៉ុប និងសហភាពអឹរ៉ុប ដែល​ផ្ដោត​សំខាន់​លើ​វិស័យទឹកស្អាត។ លោកស្រី​ក៏បានរំលេច​ពីសារៈសំខាន់នៃការទទួលបានសេវាទឹកស្អាត ថាជាសិទ្ធិមូលដ្ឋានដ៏សំខាន់មួយ និងជាកត្តាដ៏ចំបងក្នុងការជួយដល់ការអភិវឌ្ឍប្រកបដោយនិរន្តភាពនៅកម្ពុជា។



«ជាមួយនឹងការអនុវត្តប្រកបដោយជោគជ័យនៃគម្រោងទឹកស្អាតបាក់ខែងដំណាក់កាលទី១ និងដំណាក់កាលទី២  សហភាពអឺរ៉ុបនឹងបន្តគាំទ្រកម្ពុជា ក្នុងការផលិតទឹកស្អាត និងប្រកបដោយសុវត្ថិភាព ទាំងនៅក្នុងរាជធានីភ្នំពេញ និងតំបន់ផ្សេងទៀត»។ នេះ​ជាការ​បញ្ជាក់​បន្ថែម​របស់​លោកស្រី ជូតា អេភើលឡៃនីន ដោយ​បន្តថា សហភាព​អឺរ៉ុប នឹង​ផ្តល់ជំនួយឥតសំណងចំនួន១៣លានដុល្លារ ដើម្បីគំាទ្រដល់គម្រោងបាក់ខែងដំណាក់កាលទី៣។
 
លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍  បាន​លើកឡើងថា រោងចក្រផលិតទឹកស្អាតបាក់ខែង គឺជាសក្ខីភាពមួយនៃការប្តេជ្ញាចិត្ត ក្នុងការផ្គត់ផ្គង់ទឹកស្អាតប្រកបដោយគុណភាព សុវត្ថិភាព និរន្តរភាព និងតម្លៃសមរម្យ ដែលចាំបាច់សម្រាប់ទាំងការប្រើប្រាស់ប្រចាំថ្ងៃ។ លោករដ្ឋមន្រ្តី​ បន្តថា៖«ការផ្គត់ផ្គង់ទឹកស្អាត ក៏​ជា​កត្តាសំខាន់សម្រាប់ការអភិវឌ្ឍរបស់កម្ពុជា។ យើងសូមថ្លែងអំណរគុណដល់សហភាពអឺរ៉ុប និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធចំពោះការបន្តគាំទ្រដ៏ខ្ជាប់ខ្ជួនក្នុងការអភិវឌ្ឍវិស័យទឹកស្អាតរបស់កម្ពុជា»។



រោងចក្រផលិតទឹកស្អាតដំណាក់កាលទី១ និងដំណាក់កាលទី២ មានសមត្ថភាពផលិតទឹកស្អាតបាន ចំនួន ៣៩០.០០០ ម៉ែត្រគីបក្នុង១ថ្ងៃ។ សមត្ថភាពនេះ ជាសមិទ្ធផលលេចធ្លោមួយ ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតនៅកម្ពុជា ដែលធានាបាននូវការផលិតទឹកស្អាតដល់ប្រជាពលរដ្ឋរាប់លាននាក់។ បើតាម​សេចក្ដីប្រកាសរួម​របស់​សហភាពអឺរ៉ុប និង​​ក្រសួងឧស្សាហកម្ម គម្រោងនេះ ក៏បានរួមចំណែកដល់ការតភ្ជាប់បណ្តាញទឹកស្អាតថ្មីដល់ប្រជាពលរដ្ឋប្រមាណ ១៧០,០០០ តំណ រួមទាំងប្រជាពលរដ្ឋក្រីក្រ និងរោងចក្រសហគ្រាសប្រមាណជា ២៥.០០០ តំណផងដែរ។ 
 
សូម​បញ្ជាក់ថា គម្រោងបាក់ខែងដំណាក់កាលទី៣ គឺជាគម្រោងពង្រីកសមត្ថភាពផលិតទឹកស្អាតបន្ថែម ដែលជាការបោះជំហានទៅមុខមួយទៀតគួរឱ្យកត់សម្គាល់ ឆ្ពោះទៅរកការកសាងហេដ្ឋារចនាសម្ពន្ធ័ទឹកស្អាតប្រកដោយនិរន្តរភាព និងឆ្លើយតបទៅនឹងកំណើននៃតម្រូវការទឹកស្អាតនៅក្នុងរាជធានីភ្នំពេញ និងតំបន់ជុំវិញ៕











Tag:
 EU
 ​​ រោងចក្រផលិតទឹកស្អាតបាក់ខែង
© រក្សាសិទ្ធិដោយ thmeythmey.com