សង្គមអន្តរជាតិ​
អន្តរជាតិ
កូរ៉េខាងត្បូង​​អំពាវនាវ​គ្រូបង្រៀនពេទ្យ​កុំ​លាលែង​ពី​តំណែង
13, Mar 2024 , 8:29 pm        
រូបភាព
លោក Park Min-soo  អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលកូរ៉េខាងត្បូង ។ រូបភាព ៖ Yonhap
លោក Park Min-soo អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលកូរ៉េខាងត្បូង ។ រូបភាព ៖ Yonhap
ក្រសួងសុខាភិបាលកូរ៉េខាងត្បូង បានអំពាវនាវឱ្យ​គ្រូបង្រៀនពេទ្យកុំលាលែងពីតំណែង ដើម្បីគាំទ្រដល់ការធ្វើកូដកម្មរបស់និស្សិតពេទ្យកម្មសិក្សា ដែលធ្វើឱ្យវិបត្តិវេជ្ជសាស្ត្រនៅក្នុងប្រទេសនេះកាន់តែមានស្ថានភាពធ្ងន់ធ្ងរ។



កូដកម្មរបស់ក្រុមវេជ្ជបណ្ឌិតកម្មសិក្សាបានចាប់ផ្តើមនៅថ្ងៃទី២០ ខែកុម្ភៈ នៅពេលដែល រដ្ឋាភិបាលកូរ៉េបាននិយាយថា ការបង្កើនកូតាសិស្សសាលាពេទ្យនៅឆ្នាំ២០២៥ គឺភាពចាំបាច់សម្រាប់ប្រទេសដែលមានអត្រាគ្រូពេទ្យទាបបំផុតបើធៀបចំនួនប្រជាជនក្នុងចំណោមប្រទេសអភិវឌ្ឍន៍។ 
 
ផ្ទុយពីការយល់ឃើញរបស់រដ្ឋាភិបាល វេជ្ជបណ្ឌិតកម្មសិក្សាដែលចូលរួមកូដកម្មយល់ឃើញថា ចំនួនគ្រូពេទ្យនៅក្នុងប្រទេសមានភាពគ្រប់គ្រាន់ ហើយការបង្កើនការចុះឈ្មោះនឹងកាត់បន្ថយគុណភាពនៃការបណ្តុះបណ្តាល ក៏ដូចជាសេវាពិនិត្យ និងព្យាបាលជំងឺ ដោយសំអាងថា ប្រជាជនមានការថយចុះ ហើយប្រជាជនកូរ៉េមានងាយស្រួលក្នុងការទទួលបានសេវាវេជ្ជសាស្រ្ត។ 
 
លើសពីនេះ ពួកគេបានអំពាវនាវឱ្យរដ្ឋាភិបាលដោះស្រាយគោលនយោបាយប្រាក់បៀវត្សរ៍ទាបសម្រាប់អ្នកឯកទេស និងធ្វើឱ្យប្រសើរឡើងនូវការការពារផ្លូវច្បាប់ប្រឆាំងនឹងការប្តឹងផ្តល់សេវាវេជ្ជសាស្រ្តហួសហេតុ ជំនួសឱ្យការបង្កើនកូតានិស្សិតចូលរៀនភ្លាមៗនោះ។
 
អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Park Min-soo បាននិយាយនៅថ្ងៃទី១៣ ខែមីនាថា ប្រសិនបើសាស្រ្តាចារ្យពេទ្យក៏លាលែងពីតំណែងដែរនោះ គ្មានផ្លូវសម្រាប់គ្រូពេទ្យកម្មសិក្សាដែលបានចាកចេញពីកន្លែងធ្វើការត្រឡប់មកវិញនោះទេ។ នេះបើតាមសារព័ត៌មាន Yonhap។ 
 
លោក Park បានបន្ថែមថា គ្រូបង្រៀនពេទ្យនឹងបាត់បង់អ្នកជំងឺ ប្រសិនបើពួកគេលាលែងពីតំណែង ហើយរដ្ឋាភិបាលសុខចិត្តអង្គុយនៅតុចរចាជាមួយក្រុមសាគ្រូបង្រៀនទាំងនេះ។ កូរ៉េខាងត្បូង នឹងខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងដើម្បីរារាំងសាស្រ្តាចារ្យពីការលាលែងពីតំណែង។ រដ្ឋាភិបាលមិនអាចរក្សាស្ថានភាពអាសន្នបច្ចុប្បន្នបានទេ ប្រសិនបើគ្រូបង្រៀនផ្នែកវេជ្ជសាស្រ្តធ្វើដូចគ្រូពេទ្យកម្មសិក្សាដទៃទៀត។ 
 
សេចក្តីថ្លែងការណ៍របស់អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលរូបនេះ ធ្វើឡើងក្នុងបរិបទនៃការកើនឡើងចំនួនគ្រូបង្រៀននៅតាមសាលាពេទ្យ មានគម្រោងដាក់សំណើសុំលាលែងពីតំណែង លុះត្រាតែរដ្ឋាភិបាលចាត់វិធានការជាក់លាក់ ដើម្បីកែលម្អស្ថានការណ៍កូដកម្មរបស់និស្សិតពេទ្យ។ 
 
ជាក់ស្តែង នៅថ្ងៃទី១១ខែមីនា គ្រូបង្រៀនសាលាវេជ្ជសាស្ត្រនៅសាកលវិទ្យាល័យជាតិសេអ៊ូល (SNU) គ្រោងនឹងដាក់សំណើសុំលាលែងពីតំណែងក្នុងសប្តាហ៍នេះ។ គ្រូបង្រៀនពេទ្យនៃសាកលវិទ្យាល័យកាតូលិកក៏បានព្រមានថា ពួកគេនឹងបន្តផ្អាកការវះកាត់ និងកាត់បន្ថយសកម្មភាពព្យាបាលទាំងអ្នកជំងឺខាងក្នុង និងអ្នកជំងឺក្រៅមន្ទីរពេទ្យ។
 
នៅថ្ងៃទី១២ ខែមីនា តំណាងមកពីសាលាពេទ្យចំនួន១៩ បានប្រមូលផ្តុំគ្នាក្នុងកិច្ចប្រជុំតាមប្រព័ន្ធអ៊ីនធឺណិត ដើម្បីពិចារណាលើផែនការសកម្មភាព ដោយសម្រេចប្រមូលមតិ រហូតដល់ល្ងាចថ្ងៃទី១៥ ខែមីនា។ នៅថ្ងៃដដែលនោះ រដ្ឋាភិបាលបានសម្រេចផ្តល់ថវិកាចំនួន ៩៤,៨ពាន់លានវ៉ុន (៧២,២ លានដុល្លារ) ដល់មន្ទីរពេទ្យរដ្ឋក្នុងឆ្នាំនេះ ដើម្បីដោះស្រាយកង្វះខាតធនធានមនុស្សនៅក្នុងវិស័យនេះ។ 
 

Tag:
 កូរ៉ខាងត្បូង
  ពេទ្យ
© រក្សាសិទ្ធិដោយ thmeythmey.com