អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
បោះឆ្នោតអាម៉េរិក៖ លោកត្រាំ និង បៃឌិន បានសំឡេងគ្រប់គ្រាន់ដើម្បីប្រជែងតំណែងនៅសេតវិមានជាថ្មី
13, Mar 2024 , 9:59 pm        
រូបភាព
លោក ដូណាល់ ត្រាំ (ឆ្វេង) និង លោក ចូ បៃឌិន ។ រូបភាព ៖ Vox
លោក ដូណាល់ ត្រាំ (ឆ្វេង) និង លោក ចូ បៃឌិន ។ រូបភាព ៖ Vox
ប្រធានាធិបតី ចូ បៃឌិន និងអតីតប្រធានាធិបតី ដូណាល់ ត្រាំ នឹងប្រកួតប្រជែងតំណែងប្រធានាធិបតីអាម៉េរិកជាថ្មីក្រោយលោកដូណាល់ ត្រាំ ទទួលបានសំឡេងក្នុងការបោះឆ្នោតបឋម ១២៤៧។ បេក្ខជនបក្សសាធារណរដ្ឋសល់តែលោកត្រាំម្នាក់ប៉ុណ្ណោះ ខណៈបេក្ខជនផ្សេងទៀត បានដើរចេញ។

 
ទាំងលោក ចូ បៃឌិន ទាំងលោក ដូ ណាល់ ត្រាំ សុទ្ធតែទទួលបានសំឡេងគ្រប់គ្រាន់ដូចគ្នា ពីសមាជិកបក្សប្រជាធិបតេយ្យ និងសាធារណរដ្ឋ ដើម្បីឈោងចាប់តំណែងបេក្ខជនជាផ្លូវការ។ 
បេក្ខជនមកពីគណបក្សសាធារណរដ្ឋត្រូវការគាំទ្រពីអ្នកតំណាងយ៉ាងហោចណាស់ ១២១៥នាក់  ខណៈបេក្ខជនប្រជាធិបតេយ្យត្រូវការ ១៩៦៨នាក់ពីអ្នកតំណាងបក្សរបស់ខ្លួននៅក្នុងការបោះឆ្នោតបឋម ដើម្បីក្លាយបេក្ខជនប្រធានាធិបតីតំណាងបក្សសម្រាប់ការបោះឆ្នោតក្នុងខែវិច្ឆិកា។ 
 
នៅថ្ងៃទី១២​ ខែមីនា គណបក្សសាធារណៈរដ្ឋបានរៀបចំការបោះឆ្នោតបឋមនៅរដ្ឋ Georgia, Hawaii, Mississippi និង Washington State ដោយលទ្ធផលបានបង្ហាញថា លោក ត្រាំ ទទួលបានការគាំទ្រ ១២៤១សម្លេង។ 
 
នៅថ្ងៃដដែលនោះ គណបក្សប្រជាធិបតេយ្យបានរៀបចំការបោះឆ្នោតបឋមនៅរដ្ឋ Georgia, Mississippi, Washington និងកោះ Northern Mariana Islands និងសមាជិកគណបក្សប្រជាធិបតេយ្យដែលរស់នៅក្រៅប្រទេស។ លទ្ធផលបានបង្ហាញថា លោក បៃឌិន ទទួលបាន ២១០៧សំឡេងពីសន្លឹកឆ្នោតដែលកំពុងរាប់ ដែលតួលេខនេះគ្រប់គ្រាន់សម្រាប់ការបន្តការពារកៅអីប្រធានាធិបតី។
 
អ្នកនយោបាយវ័យចំណាស់ទាំងពីររូបនេះ  នឹងជួបគ្នាក្នុងការប្រជែងតំណែងនៅសេតវិមានម្តងទៀតនៅខែវិច្ឆិកាខាងមុខ។ 
 
នេះនឹងក្លាយជាការប្រកួតឡើងវិញជាលើកដំបូងក្នុងរយៈពេលជិត ៧០ឆ្នាំចាប់តាំងពីឆ្នាំ១៩៥៦ នៅពេលដែលប្រធានាធិបតី Dwight Eisenhower បានឈ្នះលើលោក Adlai Stevenson ជាអតីតអភិបាលរដ្ឋ Illinois ខណៈដែលលោក Eishenhower បានចាញ់។ 
 
ការបោះឆ្នោតប្រធានាធិបតីអាម៉េរិកនឹងធ្វើនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤៕
 

Tag:
 អាម៉េរិក
  ប្រធានាធិបតី
  ដូណាល់ ត្រាំ
  ចូ បៃឌិន
© រក្សាសិទ្ធិដោយ thmeythmey.com