ជាតិ
ក្រសួងវប្បធម៌គ្រោងដាក់ “អាពាហ៍ពិពាហ៍ក្នុងសង្គមកម្ពុជា” ស្នើទៅយូណេស្កូនៅចុងខែនេះ
13, Mar 2024 , 5:59 pm        
រូបភាព
 រូបពីហ្វេសប៊ុកក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
រូបពីហ្វេសប៊ុកក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
ដោយ: ថ្មីៗ
ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រមូលចងក្រងឯកសារ និងរៀបចំសិក្ខាសាលា ស្ដីពី “អាពាហ៍ពិពាហ៍ក្នុងសង្គមកម្ពុជា” លើកទី១រួចហើយ។ ការងារបន្ទាប់ ក្រសួងនឹងបន្តធ្វើកិច្ចការនេះទៀត ធ្វើយ៉ាងណា ដាក់ឯកសារស្នើទៅយូណេស្កូ ឱ្យបាននៅចុងខែមីនា ឆ្នាំ២០២៤នេះ។

 
លោក ស៊ីយ៉ុន សុភារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រាប់សារព័ត៌មានថ្មីៗថា មរតកវប្បធម៌អរូបី សំដៅសំខាន់ទៅលើប្រពៃណី ទំនៀមទម្លាប់ ដែលមានក្នុងសង្គមសព្វថ្ងៃ ហើយមិនមែននិយាយពីអតីតកាលទេ។ លោក សុភារិទ្ធ បន្តថា ក្នុងសង្គមកម្ពុជា មានវប្បធម៌ នៃការរៀបអាពាហ៍ពាហ៍ប្លែកៗគ្នា ទៅតាមតំបន់ឬតាមភូមិស្រុក ទាំងការរៀបចំកម្មវិធី ទាំងភ្លេង ផ្នួង និងទាំងអាចារ្យជាដើម។ 

លោក ស៊ីយ៉ុន សុភារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ(ឆ្វេង) រូបពីហ្វេសប៊ុក ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ)

«សហគមន៍រៀបអាពាហ៍ពិពាហ៍ មានច្រើនក្រុម មានអ្នកភ្លេង ផ្នួង កញ្ចប់ផ្នួង អាចារ្យ និងមាន​ម្ចាស់ដើមការ។ នេះអ្នកពាក់ព័ន្ធ ក្នុងការប្រតិបត្តិអាពាហ៍ពិពាហ៍។ យើងបានបញ្ជូនក្រុមស្រាវជ្រាវ ទៅខាងបាត់ដំបង សៀមរាប កំពង់ចាម និងកណ្ដាលជាដើម។ យើងមានរូបខ្លះៗហើយ។ កាលថ្ងៃចន្ទ មានអាចារ្យៗ គាត់មកចូលរួម សិក្ខាសាលាច្រើនណាស់។ អ្នកមកចូលរួមហ្នឹង គាត់មកដើម្បីតំណាងឱ្យសហគមន៍របស់គាត់ ដើម្បីស្នើទៅយូណេស្កូ»។ នេះជាការបញ្ជាក់របស់លោក សុភារិទ្ធ។
 
អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌រូបនេះ សង្កត់ធ្ងន់ថា បើទោះបីជា ការដាក់ស្នើមរតកណាមួយ ទៅអង្គការយូណេស្កូ ត្រូវបានចុះហត្ថលេខា ដោយក្រសួងវប្បធម៌  ដែលជាតំណាងនៃរដ្ឋភាគីក៏ពិតមែន ប៉ុន្តែអ្នកស្នើពិតប្រាកដ គឺជាអ្នកភូមិ ឬសហគមន៍ ដែលជាម្ចាស់នៃវប្បធម៌ទាំងអស់នោះទៅវិញទេ ដែលមានអំណាចពេញលេញ ឱ្យយូណេស្កូ សម្រេចចិត្តទទួលស្គាល់មរតកដែលបានស្នើទៅ។
 
នៅក្នុងអំឡុងខែមេសារហូតដល់ខែមិថុនា គណៈកម្មការនៃអង្គការយូណេស្កូ នឹងត្រួតពិនិត្យមើលឯកសារ ដែលរដ្ឋភាគីដាក់ស្នើទៅ ហើយគេនឹងជូនដំណឹងមកវិញ ថាឯកសារនោះគ្រប់គ្រាន់ហើយ ឬមិនទាន់គ្រប់គ្រាន់។ ប្រសិនឯកសារគ្រប់គ្រាន់ គេនឹងបញ្ជូនឡើងទៅលើទៀត ដើម្បីឱ្យគណៈកម្មការវាយតម្លៃ លើខ្លឹមសារ និងភស្តុតាង ដែលបានដាក់ទៅ ថាមានលក្ខណៈគ្រប់គ្រាន់ នឹងអាចឱ្យចុះបញ្ជីក្នុងអង្គការយូណេស្កូឬក៏ទេ។ ប្រសិនឯកសារមិនគ្រប់ គេនឹងបញ្ជូនមកឱ្យរដ្ឋភាគីវិញ ដើម្បីប្រមូលឯកសារបំពេញបន្ថែម។ នេះបើតាមលោក សុភារិទ្ធ។

រូបពីហ្វេសប៊ុក ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

បើតាមលោក សុភារិទ្ធ ទោះបីជា ឯកសាររបស់រដ្ឋភាគីមានគ្រប់គ្រាន់ហើយក៏ដោយ ក៏មិនប្រាកដថា អង្គការយូណេស្កូ ទទួលស្គាល់ដែរ។ គណៈកម្មការវាយតម្លៃ នឹងមើលបន្ថែមទៀត ថាម្ចាស់មរតក ពិតជាបានខំប្រឹងការពារមរតកវប្បធម៌ ដែលខ្លួនដាក់ទៅមែន ឬគ្រាន់តែសរសេរក្នុងរបាយការណ៍។ 
 
លោក ស៊ីយ៉ុន សុភារិទ្ធ ពន្យល់ដូច្នេះ៖«អ្នកដែលសំខាន់ជាងគេបំផុត គឺម្ចាស់មរតក ដែលជាអ្នកប្រតិបត្តិផ្ទាល់ មានអាចារ្យ និងអ្នកភូមិ មិនមែនជាក្រសួងវប្បធម៌ទេណា។ ក្រសួងវប្បធម៌ គ្រាន់តែជាអ្នកជួយសម្របសម្រួល ក្នុងដំណើរការនេះប៉ុណ្ណោះ។ ប៉ុន្តែអ្នកចង់ស្នើ និងអ្នកការពារ គឺជាអ្នកភូមិសុទ្ធសាធ។ បើគេមើលមិនឃើញភស្តុតាង ថាអ្នកភូមិពិតជាបានការពារទេ យើងចេះតែថាការពារតែមាត់ ក៏គេមិនឱ្យជាប់ដែរ។ ការដាក់ទៅហ្នឹង បើមានតែក្រសួងវប្បធម៌ ធ្វើការតែឯង មិនមានអ្នកភូមិចូលរួមសរសេរឯកសារ ឬមិនបានចូលរួមអភិរក្សទេ ក៏មិនជាប់ដែរ។ ព្រោះទាំងអស់នេះ គឺជារឿងរបស់សហគមន៍៕
 

Tag:
 ប្រពៃណី
  ទំនៀមទម្លាប់
  វប្បធម៌
  សិល្បៈ
© រក្សាសិទ្ធិដោយ thmeythmey.com