សហភាពអឺរ៉ុប (EU) សម្រេចផ្តល់ហិរញ្ញប្បទានឥតសំណង ដល់រដ្ឋាភិបាលកម្ពុជា ក្នុងទំហំទឹកប្រាក់ ៧៩ លានអឺរ៉ូ (ប្រមាណ៨៦,៥លានដុល្លារអាម៉េរិក) លើកម្មវិធីសេដ្ឋកិច្ចចំនួន៤។ ការផ្តល់នេះ ត្រូវបានចុះហត្ថលេខាដោយលោកស្រី Jutta Urpilainen ស្នងការ អឺរ៉ុប សម្រាប់ភាពជាដៃគូអន្តរជាតិ (European Commissioner for International Partnerships) ជាមួយលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៅទីស្តីការក្រសួង នាថ្ងៃទី១២មីនា។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង ផ្តោតសំខាន់ លើកការកម្ពស់ខ្សែច្រវាក់តម្លៃប្រកបដោយនិរន្តរភាព, ប្រសិទ្ធភាពថាមពល និងថាមពលកកើតឡើងវិញ។ ក្នុងចំណោមហិរញ្ញប្បទានឥតសំណងទាំងជាង៨៦លានដុល្លារខាងលើនេះ គឺមានប្រមាណ៧,៨លានដុល្លារ សម្រាប់អនុវត្តកម្មវិធីភាពជាដៃគូ ដើម្បីនិរន្តរភាពប្រព័ន្ធកសិកម្ម និងស្បៀងនៅកម្ពុជា (Cambodia Partnership for Sustainable Agriculture and Food Systems - EU CAPSAFE)នៅកម្ពុជា។
សម្រាប់ការអនុវត្តវិធីភាពជាដៃគូសហភាពអឺរ៉ុប ដើម្បីការប្រើប្រាស់ថាមពលដោយចីរភារភាពក្នុងឧស្សាហកម្ម (EU Partnership for Sustainable Energy Practices in Industry) មានថវិកាប្រមាណ ៦,៥ លានដុល្លារ។ រីឯកម្មវិធីភាពជាដៃគូសហភាពអឺរ៉ុប-កម្ពុជា សម្រាប់ការបណ្តុះបណ្តុះបណ្តាលបច្ចេកទេស ២០២៤-២០២៧ (Transforming Technical Education EU-Cambodia Partnership 2024-2027) កម្ពុជាបានថវិកាប្រមាណ ៥៣,១ លានដុល្លារ។
ចំពោះកម្មវិធីភាពជាដៃគូសហភាពអឺរ៉ុប ដើម្បីបើកច្រកទៅកាន់ទីផ្សារសកល និងជំនាញពាណិជ្ជកម្ម (European Union Global Access and Trade Expertise) ដែលជាកម្មវិធីអភិវឌ្ឍទី៤ កម្ពុជា ទទួលបាន ថវិកាពីសហភាពអឺរ៉ុប ៧,៦ លានដុល្លារ និង សហហិរញ្ញប្បទានពីប្រទេសអាល្លឺម៉ង់ ប្រមាណ៣,៣ លានដុល្លារទៀត ផងដែរ ។
ក្រសួងសេដ្ឋកិច្ច បានស្រង់សម្តីរបស់លោកស្រី Jutta Urpilainen មកបញ្ជាក់ថា ការផ្តល់នូវហិរញ្ញប្បទានឥតសំណងដល់រដ្ឋាភិបាលនេះ ចាត់ទុកជាកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងភាគីទាំងពីរ។ បើតាមលោកស្រី Jutta Urpilainen ការចុះហត្ថលេខា និងការប្រកាសឱ្យអនុវត្តកម្មវិធីថ្មីចំនួន៤នេះ ក្នុងវិស័យសំខាន់ៗ នឹងចូលរួមគាំទ្រដល់ការអភិវឌ្ឍ សេដ្ឋកិច្ច ប្រកបដោយចីរភាព និងការបង្កើតការងារបន្ថែមនៅកម្ពុជា។
« សហភាពអឺរ៉ុបបានប្តេជ្ញាចិត្តខ្ពស់ ចំពោះភាពជាដៃគូរបស់ខ្លួនជាមួយកម្ពុជា ដើម្បីលើកកម្ពស់ការផ្លាស់ប្ដូរបៃតង និងឌីជីថល និងរួមដំណើរជាមួយកម្ពុជា ក្នុងការចាកចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួចនាពេលខាងមុខ»។ នេះជាការអះអាងរបស់លោកស្រី ស្នងការ អឺរ៉ុប សម្រាប់ភាពជាដៃគូអន្តរជាតិ ដែលក្នុងន័យនេះ, យុទ្ធសាស្ត្រ Global Gateway នឹងក្លាយជាឧបករណ៍ដ៏សំខាន់របស់សហភាពអឺរ៉ុប ក្នុងការគាំទ្រកម្ពុជាឆ្ពោះទៅដំណាក់កាលថ្មីដ៏សំខាន់នេះ។
ក្រោមយុទ្ធសាស្ត្រ Global Gateway របស់សហភាពអឺរ៉ុប, ការចុះហត្ថលេខា និងការប្រកាសដាក់ឱ្យអនុវត្តកម្មវិធីថ្មីទាំង ៤ នាពេលនេះ នឹងដើរតួយ៉ាងសំខាន់ ក្នុងការគាំទ្រការអនុវត្ត យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១ របស់រដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ដើម្បីឈានទៅសម្រេចគោលដៅ ក្នុងការប្រែក្លាយកម្ពុជា ទៅជាប្រទេសមានចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០ ។ ក្នុងទិសដៅនេះ, លោក អូន ព័ន្ធមុនិរ័ត្ន បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការជំរុញនិងការពង្រឹងភាពជាដៃគូ ស្អិតលូតជាមួយសហភាពអឺរ៉ុប ក្នុងពហុវិស័យអាទិភាពនានា ទៅអនាគត៕