អន្តរជាតិ
ក្រុងវ៉ាសូវីនឹងចំណាយ ៣០លានដុល្លារកសាងជម្រកការពារគ្រាប់បែក
14, Mar 2024 , 7:29 pm        
រូបភាព
ទីក្រុងវ៉ាសូវីរបស់ប៉ូឡូញ។ រូបភាព AFP
ទីក្រុងវ៉ាសូវីរបស់ប៉ូឡូញ។ រូបភាព AFP
រដ្ឋធានីវ៉ាសូវីរបស់ប៉ូឡូញនឹងចំណាយថវិកាជាតិប្រមាណ ៣០លានដុល្លារ ក្នុងរយៈពេល ២ទៅ៣ឆ្នាំខាងមុខលើជម្រកការពារគ្រាប់បែក និងវិធានការសន្តិសុខផ្សេងៗ។ នេះបើតាមការបញ្ជាក់របស់អភិបាលក្រុងវ៉ាសូវី នៅថ្ងៃទី១៣ ខែមីនា។

 
ទោះប៉ូឡូញដែលជាសមាជិកសម្ព័ន្ធយោធាណាតូអាចធានាដល់ពលរដ្ឋថា សមាជិកភាព ក្នុងសម្ព័ន្ធយោធាអាចបង្ការការវាយប្រហារពីប្រទេសណាមួយក្តី ការពង្រឹងសន្តិសុខក្នុងប្រទេសនៅតែសំខាន់ និងចាំបាច់ត្រៀមឱ្យរួចរាល់ក្នុងករណីវាយប្រហារណាមួយ។ ស្របពេលសង្រ្គាមនៅអ៊ុយក្រែនស្ថិតក្នុងឆ្នាំទី៣ ប៉ូឡូញ នឹងចំណាយថវិកាប្រមាណ ៣០លានដុល្លារ ដើម្បីកសាងជម្រកការពារគ្រាប់បែក និងវិធានការសន្តិសុខផ្សេងៗ។ 
 
«តាមគំនិតផ្តួចផ្តើមរបស់ពួកយើង យើងរៀបចំកន្លែងសម្រាប់ជម្រក»។ អភិបាលក្រុងវ៉ាសូវី លោក Rafal Trzaskowski បានប្រាប់សន្និសីទសារព័ត៌មានមួយបែបនេះនៅថ្ងៃទី១៣ ខែមីនា បន្ទាប់ពីការចេញផ្សាយរបាយការណ៍ពីការិយាល័យសវនកម្មកំពូលប៉ូឡូញលើជម្រកការពារគ្រាប់បែកក្នុងប្រទេស។ 
 
លោក Trzaskowski បន្តផងដែរថា ថវិកាចំនួន ៣០លានដុល្លារនឹងជួយធ្វើឱ្យសន្តិសុខប្រសើរឡើង។ ថវិកានេះ នឹងត្រូវប្រើប្រាស់ក្នុងរយៈពេលពី ២ទៅ៣ឆ្នាំខាងមុខ។ 
 
តាមការបញ្ជាក់របស់ទីភ្នាក់ងារពន្លត់អគ្គីភ័យ ប្រជាជនតិចជាង ៤ភាគរយប៉ុណ្ណោះនៃចំនួនប្រជាជនសរុបអាច ពឹងផ្អែកលើកន្លែងជ្រកកោនសម្រាប់សុវត្ថិភាព។
 
របាយការណ៍ខាងលើ ក៏បានរកឃើញពីកង្វះខាតបទបញ្ញត្តិជាមូលដ្ឋានសម្រាប់ជម្រកការពារ រួមទាំង ឧបករណ៍ចាំបាច់ និងលក្ខណៈបច្ចេកទេសដែលត្រូវការសម្រាប់រចនាសម្ព័ន្ធការពារ។ ចំណត រថយន្តក្រោមដី និងស្ថានីយ៍រថភ្លើងក្រោមដី ស្ថិតក្នុងចំណោមកន្លែងទំនេរប្រហែល ៧លាន ម៉ែត្រការ៉េនៅក្នុងទីក្រុងវ៉ាសូវីដែលអាចបម្រើជាជម្រកសុវត្ថិភាព។
 
លើសពីនេះ មន្ទីរពេទ្យនឹងត្រូវបានរៀបចំឱ្យបានរួចរាល់ ក្នុងករណីមានការគំរាមកំហែងណាមួយ ហើយសមាជិកសាធារណៈនឹងត្រូវបានអប់រំអំពីរបៀបធ្វើសកម្មភាពក្នុងគ្រាអាសន្នផងដែរ៕

Tag:
 ប៉ូឡូញ
  ណាតូ
© រក្សាសិទ្ធិដោយ thmeythmey.com