កីឡាជាតិ
ជាតិ
អុកចត្រង្គ៖ សុខ លីមហេង និងហេង សៅឌី ជាប់ជម្រើសជាតិ ចំណោម៦រូប តែ ឈាវ បូរ៉ា ធ្លាក់
14, Mar 2024 , 2:41 pm        
រូបភាព
សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា បានរកឃើញជ័យលាភី៦រូប ជាប់ជាកីឡាករជម្រើសជាតិកម្ពុជា ឆ្នាំ២០២៤ ដើម្បីត្រៀមការប្រកួតស៊ីហ្គេម លើកទី៣៣ នៅថៃ ឆ្នាំ២០២៥ និងការប្រកួតអន្ដរជាតិនានា។ ម្ចាស់មេដាយមាសស៊ីហ្គេម និងជាស្ដេចអុកអង្គរសង្ក្រាន្ដ ឆ្នាំ២០២៣ សុខ លីមហេង រួមជាមួយ ហេង សៅឌី ស្ដេចអុកអង្គរសង្ក្រាន្ដឆ្នាំ២០១៧ សុទ្ធតែជាប់ក្នុងចំណោម៦រូប ខណៈឈាវ បូរ៉ា ម្ចាស់មេដាយប្រាក់ស៊ីហ្គេម និងជើងឯករងស្ដេចអុកអង្គរសង្ក្រាន្ដ ឆ្នាំ២០២៣ គ្មានឈ្មោះឡើយ។



សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា រៀបចំការប្រកួតជ្រើសរើសកីឡាករជម្រើសជាតិឆ្នាំ២០២៤ នៅថ្ងៃទី១៣ ខែមីនា ដើម្បីជ្រើសរើសយកកីឡាករ ៦រូប ចំណោមសមាសភាពចូលរួម ១២នាក់ ដែលសុទ្ធតែជាម្ចាស់មេដាយស៊ីហ្គេម និងជាស្ដេចអុកអង្គរសង្ក្រាន្ដ។ ការប្រកួតនេះ បែងចែកជា៣ក្រុម ដោយក្នុងក្រុមនីមួយៗ មានកីឡាករចំនួន ៤រូប ហើយក្នុង១ក្រុមយក តែ២រូបប៉ុណ្ណោះ។ 
 
ក្រោយប្រកួតប្រជែងរយៈេពលមួយថ្ងៃ សហព័ន្ធបានរកឃើញកីឡាករអុកចត្រង្គ ៦រូបនោះហើយ ដែលរួមមាន ឡាករ សុខ លីមហេង, ហេង សៅឌី, ឆយ វីរ៉ា, សំ កក្កដា, ជា ស៊ីដេត និង កីឡាករ ម៉េង សេរីសម្បត្តិ។ កីឡាករទាំង៦នេះ នឹងត្រូវជាប់ក្នុងជម្រើសជាតិកម្ពុជា ដើម្បីហ្វឹកហាត់ត្រៀមប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅថៃ និងព្រឹត្តិការណ៍អន្តរជាតិផ្សេងៗ។



កីឡាករទាំង ១២រូបដែលប្រកួតប្រជែងគ្នាចម្រាញ់យកតែ៦រូប មានដូចជា៖ 
 
១-កីឡាករ សុខ លឹមហេង ម្ចាស់មេដាយមាសស៊ីហ្គេម និងជាស្ដេចអុកអង្គរសង្ក្រាន្ដ ឆ្នាំ២០២៣
២-កីឡាករ ឈាវ បូរ៉ា ម្ចាស់មេដាយប្រាក់ស៊ីហ្គេម និងជើងឯករងស្ដេចអុកអង្គរសង្ក្រាន្ដ ឆ្នាំ២០២៣
៣-កីឡាករ យ៉ាន សុខលាង ម្ចាស់មេដាយប្រាក់ស៊ីហ្គេម
៤-កីឡាករ សំ កក្កដា ម្ចាស់មេដាយប្រាក់ស៊ីហ្គេម
៥-កីឡាករ ម៉េង សេរីសម្បត្តិ ម្ចាស់មេដាយប្រាក់ស៊ីហ្គេម
៦-កីឡាករ ប៊ិន គាសេង ម្ចាស់មេដាយប្រាក់ស៊ីហ្គេម
៧-កីឡាករ ឆយ វីរ៉ា ម្ចាស់មេដាយប្រាក់ស៊ីហ្គេម
៨-កីឡាករ ប៊ូ ប៉ុណ្ណម៉ាលីកា ម្ចាស់មេដាយប្រាក់ស៊ីហ្គេម
៩-កីឡាករ ជា ស៊ីដេត ម្ចាស់មេដាយប្រាក់ស៊ីហ្គេម 
១០-កីឡាករ នូ ច័ន្ទផានិត ម្ចាស់មេដាយសំរិទ្ធស៊ីហ្គេម
១១-កីឡាករ ហេង សៅឌី ស្ដេចអុកអង្គរសង្ក្រាន្ដឆ្នាំ២០១៧
១២-កីឡាករ សុខ ប៊ុនថន ម្ចាស់ជ័យលាភីលេខ៣ ជើងឯកថ្នាក់ជាតិឆ្នាំ២០២៣៕

Tag:
 អុកចត្រង្គ
© រក្សាសិទ្ធិដោយ thmeythmey.com