ដោយ៖អៀង សុខម៉ិញ/RFI ខេមរភាសា
នៅឆ្នាំ២០២៣ វិស័យថាមពលផូស៊ីលបានបញ្ចេញមេតាន ឧស្ម័នបំពុលបរិយាកាសដ៏អាក្រក់ជាងគេបំផុតមួយ ក្នុងកំរិតដ៏ខ្ពស់សឹងបំបែកឯតទគ្គកម្មថ្មី។ នេះបើតាមរបាយការណ៍របស់ទីភ្នាក់ងារថាមពលអន្តរជាតិ ចេញផ្សាយនៅថ្ងៃពុធទី ១៣មីនា២០២៤។ បរិមាណមេតានដ៏ខ្ពស់ក្នុងបរិយាកាសនេះ ពិតជាមិនសមហេតុផលសោះ ព្រោះគេបានដឹងអំពីដំណោះស្រាយនិងអាចបញ្ចៀស ដោយមធ្យោបាយងាយធ្វើបាន។
ផលិតកម្មថាមពលផូស៊ីល (ប្រេង ឧស្ម័ននិងធ្យូងថ្ម) បានបញ្ចេញឧស្ម័នមេតានចំនួន១២០លានតោននៅឆ្នាំ២០២៣ ពោលគឺច្រើនជាងឆ្នាំ២០២២ទៀត និងជាបរិមាណដ៏ច្រើនក្នុងកំរិតឯតទគ្គកម្ម។ នេះបើតាមការទិន្នន័យវិភាគនៃរបាយការណ៍ស្តីពី Global Methane Tracker របស់ទីភ្នាក់ងារថាមពលអន្តរជាតិ ចេញផ្សាយនៅថ្ងៃពុធនេះ។ បើតាមទីភ្នាក់ងារដដែល ពីរភាគបីនៃការបញ្ចេញឧស្ម័នមេតានបំពុលបរិយាកាសជាស្នាដៃរបស់មនុស្ស ហើយមួយភាគទៀត បញ្ចេញដោយតំបន់សើមធម្មជាតិ។
ជាឧស្ម័នផ្ទះកញ្ចក់សំខាន់ទីពីរ បន្ទាប់ពីឧស្ម័នកាបូនិក មេតានគឺជាមូលេគុលឧស្ម័នធម្មជាតិ ដែលធ្លាយចេញពីការបូមឧស្ម័ន ពីការជីកយករ៉ែធ្យូងថ្ម និងពីការចង្ក្រានហ្កាសដាំស្លរបស់ប្រជាពលរដ្ឋទូទៅ ព្រមទាំងបញ្ចេញដោយសត្វគោ (ផោម) ការធ្វើកសិកម្មដាំស្រូវ និងសំរាម។
មេតានមានចំណែកប្រមាណ៣០% ក្នុងការឡើងកម្តៅសីតុណ្ហភាពនៃភពផែនដី។ ប៉ុន្តែបរិមាណមេតានបញ្ចេញដោយឧស្សាហកម្មផូស៊ីល នៅតែខ្ពស់ត្រដែត តើធ្វើម្តេចនឹងអាចសម្រេចកម្មវត្ថុអាកាសធាតុបាន។
ដើម្បីទប់ស្កាត់ការឡើងកម្តៅអាកាសធាតុត្រឹម១,៥អង្សាដូចមានចែងក្នុងកិច្ចព្រមព្រៀងប៉ារីស ឧស្សាហកម្មថាមពលផូស៊ីលត្រូវកាត់បន្ថយការបញ្ចេញមេតានឱ្យបាន៧៥% នៅឆ្នាំ២០៣០។ ឯអ្នកជំនាញរបស់ទីភ្នាក់ងារថាមពលអន្តរជាតិលោកChristophe McGlade គណនាឃើញថា បើបូកតាមពាក្យសន្យាបន្ថែមរបស់រដ្ឋនិងក្រុមហ៊ុនកាលនៅCOP២៨ និងក្នុងករណីគ្រប់ភាគីធ្វើតាមសំដីរបស់ខ្លួន នោះបរិមាណមេតានអាចថយចុះបាន៥០% នៅឆ្នាំ២០៣០។ ហើយបើគិតតាមស្ថានភាពជាក់ស្តែងនៅពេលនេះ ពោលគឺសេចក្តីប្រកាសភាគច្រើនគ្មានសកម្មភាពស្របតាមផែនការលម្អិតវិញ នៅរវាងពីឆ្នាំ២០២៣ដល់២០៣០ កំរិតមេតានអាចថយត្រឹមតែ២០%ប៉ុណ្ណោះ។
បន្តមានបរិមាណមេតានដ៏ខ្ពស់ក្នុងបរិយាកាសនេះ ពិតជាមិនសមហេតុផលសោះ ព្រោះគេបានដឹងអំពីដំណោះស្រាយនិងអាចបញ្ចៀស ដោយមធ្យោបាយងាយធ្វើបាន។ គេអាច
កាត់បន្ថយការបញ្ចេញមេតានក្នុងបរិយាកាសបានដល់ទៅ២ភាគបីឯណោះ តាមរយៈបច្ចេកទេសដែលគេស្គាល់ស្រាប់និងមិនអស់ថ្លៃហើយអាចនាំចំនូលបានខ្លះទៀត។ កាត់បន្ថយមេតាន៧៥% ធ្វើឱ្យចំណូលរបស់ក្រុមហ៊ុនចុះមិនដល់៥%ផង ហើយមានតែ១០ប្រទេសតែប៉ុណ្ណោះដែលបញ្ចេញឧស្ម័នពុលមេតានច្រើនជាងគេ គឺចិន អាមេរិក បន្ទាប់មករុស្ស៊ី។
តើ២០២៤ អាចជារបត់ថ្មី ព្រោះអ្នកនយោបាយចាប់ផ្តើមដាក់ឱ្យដំណើរផែនការអាកាសធាតុរបស់ខ្លួន ប្រកបដោយតម្លាភាព? ទីភ្នាក់ងារថាមពលអន្តរជាតិ ក៏បានអបអរការបង្កើនបរិមាណផ្កាយរណបតាមដានការធ្លាយមេតានបំពុលបរិយាកាស៕