RFI
អន្តរជាតិ
សហភាព​អឺរ៉ុប​អនុម័ត​ច្បាប់​គ្រប់គ្រង​បច្ចេកវិទ្យា​បញ្ញាសិប្បនិម្មិតដំបូង​គេ
15, Mar 2024 , 8:29 am        
រូបភាព
សហភាពអឺរ៉ុបអនុម័តច្បាប់គ្រប់គ្រងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត © DADO RUVIC REUTERS
សហភាពអឺរ៉ុបអនុម័តច្បាប់គ្រប់គ្រងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត © DADO RUVIC REUTERS
ដោយ៖អៀង សុខម៉ិញ/RFI ជាខេមរភាសា
 
ច្បាប់​ស្តីពី​បញ្ញា​សិប្បនិម្មិត​ ដំបូង​គេ​តែមួយ​គត់​ត្រូវ​បានសភា​អឺរ៉ុប​អនុម័ត​នៅថ្ងៃពុធ​ទី ១៣​មីនា​២០២៤ ​ដោយ​មាន​ការ​គាំទ្រ​ ៥២៣​សំឡេង ទល់​នឹង​៤៦​ប្រឆាំង។ ជា​ច្បាប់​ដែល​សម្រួល​ដល់​ការ​ធ្វើ​ទំនើប​កម្មបច្ចេកវិទ្យា​បញ្ញាសិប្បនិម្មិត​នៅអឺរ៉ុប​ផង និង​​កំរិត​គ្រោះ​ថ្នាក់​បង្ក​ឡើង​ដោយ​បច្ចេកវិទ្យា​នេះ​ផង។

 
កាលពី​ឆ្នាំ​មុន ចិន​និង​សហរដ្ឋ​អាមេរិក​បាន​ចេញ​វិធាន​ស្តីពី​បញ្ញា​សិប្បនិម្មិត​នេះ​ហើយ​ តែ​ពេល​នេះ អឺរ៉ុបមាន​ច្បាប់ស្តី​ពី​ការ​គ្រប់​គ្រង​បច្ចេកវិទ្យា​បញ្ញាសិប្បនិម្មិត​​យ៉ាង​ពេញ​លេញ​តែម្តង។ សហភាព​អឺរ៉ុប​ តាក់តែង​ច្បាប់​នេះ​ឡើង​ដោយ​ផ្អែក​លើ​ច្បាប់​ដែល​មាន​ស្រាប់​ក្នុង​វិស័យ​សន្តិសុខ​ និង​ដោយ​ឈរ​លើ​មូល​ដ្ឋាន​ត្រួត​ពិនិត្យ​ហានិភ័យ​ទាក់ទង​ប្រជាធិបតេយ្យ សុខភាព​សាធារណៈ​សិទ្ធមនុស្ស និង​នីតិរដ្ឋ។ ក្រោយ​ការ​អនុម័ត​របស់​សភា​នៅ​ថ្ងៃ​ពុធ​ទី​១៣​មីនា​២០២៤​នេះ អឺរ៉ុប​​នឹងចាប់​​អនុវត្ត​​ច្បាប់​នេះមួយ​ដំណាក់​ម្តងៗ។
 
ការ​ហាមឃាត់​មិន​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​បញ្ញាសិប្បនិម្មិត​ដែលចាត់ទុកថា​មាន​​គ្រោះ​ថ្នាក់​ខ្លាំង នឹង​ចូល​ជា​ធរមាន​នៅ​ក្នុង​ឆ្នាំ​នេះ​តែ​ម្តង។ ចំណែកច្បាប់​ពាក់​ព័ន្ធនឹង​ការ​កម្មវិធី​បញ្ញាសិប្បនិម្មិត្ត​ដូច​យ៉ាង​ChatGPT ដែល​មាន​សមត្ថភាព​សរសេរ​តែង​សេចក្តី តែង​កំណាព្យ ឬ​សរសេរ​អត្ថបទ​ស្មុគស្មាញ​ក្នុង​រយៈ​ពេល​តែ​ពីរបី​វិនាទី ត្រូវ​ចាប់​អនុវត្ត​នៅ​ឆ្នាំ​ក្រោយ និងចាប់​ពី​ឆ្នាំ​២០២៦​ ​សម្រាប់​វិធានការ​ផ្សេង​ទៀត​។
 
គណៈកម្មការ​អឺរ៉ុប​​បាន​បើក​ការិយាល័យបញ្ញាសិប្បនិម្មិត​ទទួល​បន្ទុក​គ្រប់​គ្រង​និង​ត្រួត​ពិនិត្យ​ការ​អនុវត្ត​ច្បាប់​រួច​ហើយ។ អំណើះ​តទៅ សហភាពអឺរ៉ុប​មាន​ច្បាប់​ពិសេស​សម្រាប់​គ្រប់​គ្រង កម្មវិធី​​បញ្ញាសិប្បនិម្មិតក្នុង​បម្រើបម្រាស់​ទូទៅ​ប្រចាំ​ថ្ងៃ ពោល​គឺ​រ៉ូបូ។ អ្នក​ផលិត​គំរូ​រ៉ូបូ ត្រូវ​ផ្តល់​ព័ត៌មាន​លម្អិត​​ស្តី​ពី​ខ្លឹមសារ​ មាន​អាទិ៍​ ឃ្លា អត្ថបទ រូបភាព​ដែល​រ៉ូបូ​ត្រូវ​ចេះ​ និង​គោរព​កម្មសិទ្ធិ​បញ្ញា​តាម​ច្បាប់​អឺរ៉ុប។
 
កម្មវិធី​ឆ្លាត​ខ្លាំង​ដែលជា​ប្រព័ន្ធ​អាច​មាន​បង្កប់​​គ្រោះថ្នាក់​សម្រាប់​ក្រសែ​ភ្នែក​អឺរ៉ុប ដូច​ជា​កម្មវិធី ChatGPTរបស់​ OpenAI ឬ Geminiរបស់​Google ត្រូវ​ស្ថិត​នៅ​ក្រោម​ច្បាប់​កាន់​តែ​តឹង​តែង។ ក្រុមហ៊ុន​អ្នក​ផលិត​កម្មវិធី​នេះ ត្រូវផ្តល់​ការ​វាយតម្លៃ និង​របៀប​ស្រាយ​ហានិភ័យ​ ដោយ​បញ្ជាក់​ជា​មុន​អំពី​គ្រោះ​ថ្នាក់​ដែល​អាច​កើត​ឡើង​ជា​យថាហេតុ ព្រមទាំង​ធានា​សុវត្ថិភាព​ខាង​ផ្នែក​សន្តិសុខ​ព័ត៌មាន​វិទ្យា​ទៀត។
 
ប្រព័ន្ធ​បញ្ញាសិប្បនិម្មិត​ប្រើ​ក្នុង​វិស័យ​សំខាន់ៗ រសើបៗ​ខ្លាំង ដូច​ជា​សេវា​សុខាភិបាល ហេដ្ឋា​រចនា​សម្ព័ន្ធ អប់​រំ ធនធាន​មនុស្ស​និង​ការ​រក្សា​សណ្តាប់​ធ្នាប់​សង្គម ត្រូវ​មាន​កាតព្វកិច្ច​គោរព​តាម​លក្ខខណ្ឌ​ជា​ចាំបាច់។ ច្បាប់អឺរ៉ុប​តម្រូវ​​ឱ្យ​ប្រព័ន្ធ​បញ្ញាសិប្បនិម្មិតដែល​អាច​ឆ្លើយ​ឆ្លង​ជាមួយ​មនុស្ស​បាន ត្រូវ​បញ្ជាក់​ប្រាប់​ថា​នេះ​ជា​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយម៉ាស៊ីន។ អ្នក​ផ្គត់ផ្គង់​និង​អភិវឌ្ឍ​កម្មវិធី​បញ្ញាសិប្បនិម្មិត​ណា​មិន​គោរព​ច្បាប់​អឺរ៉ុប អាច​នឹង​ត្រូវ​ទទួល​ការ​ផាក​ពិន័យ​ពី ៧លាន​អឺរ៉ូកន្លះ​ទៅ ៣៥​លានអឺរ៉ូ​ ឬ​ត្រូវ​ជា​ ​១,៥%ទៅ​៧%​នៃ​ប្រាក់​ចំណូល​ពិភពលោក។
 
​ផ្ទុយ​នឹង​គោល​ការណ៍​ជា​មូល​ដ្ឋាន​របស់​អឺរ៉ុប គំរូ​ឬ​កម្មវិធី​បញ្ញាសិប្បនិម្មិត​ខ្លះ​ត្រូវ​ហាមឃាត់​ដោយ​ច្បាប់​នៅ​ក្នុង​សហភាព​អឺរ៉ុប​តែម្តង គឺ​មានដូច​ជា ប្រព័ន្ធ​​សម្គាល់​ទឹក​មុខ នៅក្នុង​កន្លែងធ្វើការឬនៅ​សាលា​រៀន ប្រព័ន្ធ​សម្គាល់​ឋានៈ​ក្នុង​សង្គម​តាម​រយៈ​ឥរិយាបថ។ បច្ចេកវិទ្យា​ថត​មុខ​​សម្គាល់​អត្តសញ្ញាណ​ភ្លាមៗ ក៏​ត្រូវ​បាន​ហាមឃាត់​ដោយ​ច្បាប់​អឺរ៉ុប​ដែរ លើក​លែងមាន​​សំណើ​សុំ​ពី​អាជ្ញាធរ​ ឬ​ពី​តុលាការ ដើម្បី​អង្កេត​ភេរវកម្ម​ឬ​បទ​ឧក្រិដ្ឋធ្ងន់ធ្ងរ​ណាមួយ តែ​​ត្រូវ​ធ្វើ​ក្នុង​ដែន​បរិវេណ​ច្បាស់​លាស់ និង​ក្នុង​រយៈ​ពេល​មាន​កំណត់៕​

© រក្សាសិទ្ធិដោយ thmeythmey.com