អន្តរជាតិ
វិមានក្រេមឡាំងការពារលោកពូទីនថាមិនបានគំរាមប្រើអាវុធនុយក្លេអ៊ែរ
15, Mar 2024 , 11:31 am        
រូបភាព
លោកវ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី។ រូបភាព AP
លោកវ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី។ រូបភាព AP
វិមានក្រេមឡាំង នៅថ្ងៃទី១៤ ខែមីនា បានលើកឡើងថា ពាក្យសម្តីរបស់លោកវ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី ពាក់ព័ន្ធនឹងអាវុធនុយក្លេអ៊ែរ មិនមែនជាការគំរាមកំហែងក្នុងការប្រើប្រាស់អាវុធទាំងនោះទេ។ បើតាមវិមានក្រេមឡាំង អាម៉េរិកទៅវិញទេ ដែលមានចេតនាបង្ខូចការលើកឡើងរបស់មេដឹកនាំខ្លួន។

 
លោក ពូទីន មានប្រសាសន៍ក្នុងកិច្ចសម្ភាសន៍ដែលបានចេញផ្សាយ នៅថ្ងៃទី១៣ ខែមីនាថា រុស្ស៊ីបានត្រៀមលក្ខណៈបច្ចេកទេសសម្រាប់សង្គ្រាមនុយក្លេអ៊ែរ ហើយព្រមានថា ប្រសិន បើអាម៉េរិកបញ្ជូនទាហានទៅអ៊ុយក្រែននោះ រុស្ស៊ីនឹងចាត់ទុកជាការជ្រៀតជ្រែក ហើយសង្រ្គាមនឹងរីកធំឡើង។ 
 
សម្ដីរបស់លោកពូទីនពាក់ព័ន្ធនឹងអាវុធនុយក្លេអ៊ែរបែបនេះ ត្រូវបានអ្នកនាំពាក្យសេតវិមាន លោស្រី Karine Jean-Pierre ចោទលោកពូទីនថា គ្មានការទទួលខុសត្រូវ និងធ្វេសប្រហែស ពាក់ព័ន្ធនឹងសម្តីគំរាមកំហែងប្រើប្រាស់នុយក្លេអ៊ែរនៅក្នុងជម្លោះអ៊ុយក្រែន។
 
ជាការឆ្លើយតប អ្នកនាំពាក្យវិមានក្រេមឡាំង លោក Dmitry Peskov បានការពារថា លោកពូទីន គ្រាន់តែបានឆ្លើយសំណួររបស់អ្នកកាសែតលើប្រធានបទនុយក្លេអ៊ែរ និងបានរម្លឹកឡើងវិញនូវ កាលៈទេសៈដែលបង្ខំឱ្យរុស្ស៊ីប្រើប្រាស់អាវុធនុយក្លេអ៊ែរ។ 
 
«(ទង្វើ) នេះគឺចេតនានិយាយខុសពីបរិបទ។ លោកពូទីនមិនបានគំរាមកំហែងអំពីការ ប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅក្នុងបទសម្ភាសនេះទេ។ ប្រធានាធិបតីគ្រាន់តែនិយាយអំពីហេតុ ផលដែលអាចធ្វើឱ្យការប្រើប្រាស់អាវុធនុយក្លេអ៊ែរចៀសមិនរួច»។ លោក Peskov បានសង្កត់ធ្ងន់បែបនេះ រួចបន្តថា បណ្ដាលោកខាងលិចមានចេតនាមិនយល់ពីប្រសាសន៍មេដឹកនាំ ព្រមទាំងបំភ្លៃបរិបទ​ និងមិនមានបំណងស្ដាប់ការលើកឡើងផងដែរ។
 
លោក Peskovបានបន្ថែមថា លោកពូទីនមិនដែលមានគំនិតប្រើប្រាស់អាវុធនុយក្លេអ៊ែរលើអ៊ុយក្រែននោះឡើយ ទោះបីជាស្ថានភាពរឹតតែមានភាពតានតឹងក្នុង​ដំណើរ​ការ​ប្រយុទ្ធក៏ដោយ៕

Tag:
 អាម៉េរិក
  រុស្ស៊ី
  លោកខាងលិច
© រក្សាសិទ្ធិដោយ thmeythmey.com