អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
រុស្ស៊ីចាប់ផ្តើមបោះឆ្នោតជ្រើសប្រធានាធិបតី ដោយគ្មានសំឡេងប្រឆាំង
15, Mar 2024 , 2:29 pm        
រូបភាព
ការបោះឆ្នោតនៅរុស្ស៊ី។ រូបភាព AFP
ការបោះឆ្នោតនៅរុស្ស៊ី។ រូបភាព AFP
ការបោះឆ្នោតប្រធានាធិបតីរុស្ស៊ីចាប់ពីថ្ងៃទី ១៥-១៧ ខែមីនា ឆ្នាំ២០២៤ ប្រព្រឹត្តិទៅដោយគ្មានសំឡេងប្រឆាំង។ ក្រុមអ្នកសង្កេតការណ៍បាននិយាយថា លោក វ៉្លាឌីមៀ ពូទីន ប្រាកដជាជាប់ឆ្នោតក្លាយប្រធានាធិបតីបន្តទៀតដែលគ្រប់គ្រងរហូតដល់ឆ្នាំ២០៣០។

 
ចាប់ពីថ្ងៃទី១៥ ខែមីនា ការិយាល័យបោះឆ្នោតជ្រើសរើសប្រធានាធិបតីជាង ៩៤០០០កន្លែងនៅទូទាំងប្រទេសរុស្ស៊ីចាប់ដំណើរការចាប់ពីម៉ោង៨ព្រឹក ដល់៨យប់។ នេះជាលើកទីមួយហើយដែលរុស្ស៊ីរៀបចំការបោះឆ្នោតប្រធានាធិបតីក្នុងរយៈពេល៣ថ្ងៃ ជំនួសឱ្យ១ថ្ងៃដូចកាលពីមុន ព្រមទាំងបានអនុញ្ញាតឲ្យអ្នកបោះឆ្នោតអាចបោះឆ្នោតពីចម្ងាយបាន។
 
បេក្ខជនសម្រាប់ឈរឈ្មោះជាប្រធានាធិបតីសម្រាប់អណត្តិ ២០២៤-២០៣០ រួមមាន លោក វ្ល៉ាឌីមៀ ពូទីន ដែលកំពុងកាន់អំណាចនាពេលបច្ចុប្បន្នឈរឈ្មោះជាបេក្ខជនឯករាជ្យ។ ទន្ទឹមនេះ មានបេក្ខជន៣រូបទៀតគឺ មេដឹកនាំបក្សប្រជាធិបតេយ្យសេរីរុស្ស៊ី លោក Leonid Slutsky, សមាជិកសភា Vladislav Davankov និងសមាជិកសភាមួយរូបទៀតគឺលោក Nikolay Kharitonov ។ 
 
លោក ពូទីន ដែលមានអាយុ៧១ឆ្នាំ ដែលថ្មីៗនេះបានអំពាវនាវឱ្យប្រជាជនទាំងអស់ទៅចូលរួមបោះឆ្នោតឱ្យប្រធានាធិបតីរុស្ស៊ីដើម្បីបង្ហាញពីការស្នេហាជាតិ។ 
 
នេះ​ជា​លើក​ទី​៥​ហើយ​ដែល​លោក​ពូទីន​ឈរឈ្មោះ​ជា​ប្រធានាធិបតី​រុស្ស៊ី។ បច្ចុប្បន្ន​លោក​ទទួល​បាន​ការ​គាំទ្រ​ពី​អ្នក​បោះឆ្នោត​រុស្ស៊ី​ជិត ៩០ភាគរយ ហើយ​នឹងជាប់​ឆ្នោត​ឡើង​វិញ​សម្រាប់​អាណត្តិ ៦ឆ្នាំ​ទៀត។
 
លោក Nikolai Kharitonov មានអាយុ ៧៥ឆ្នាំ មកពីបក្សកុម្មុយនិស្តរុស្ស៊ី។ នៅក្នុងការបោះឆ្នោតប្រធានាធិបតីរុស្ស៊ីឆ្នាំ២០០៤ លោកឈ្នះសំឡេងត្រឹមតែ ១៣ភាគរយនៃសន្លឹកឆ្នោតសរុបប៉ុណ្ណោះ។ ទន្ទឹមនេះ លោក Leonid Slutsky ដែលមានអាយុ ៥៦ឆ្នាំ ជាអ្នកជាតិនិយមមកពីបក្សប្រជាធិបតេយ្យសេរី។ លោក​ធ្លាប់​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ប្រហារ​ជីវិត​អ្នក​ទោស​សង្គ្រាមនៅ​អ៊ុយក្រែន។
 
ជាមួយគ្នានេះ បេក្ខជនប្រធានាធិបតីចុងក្រោយគឺលោក Vladislav Davankov ដែលមានវ័យ ៤០ឆ្នាំមកពីបក្សប្រជាជនថ្មី។ លោកជាអ្នកនយោបាយដែលមិនគេពុំសូវស្គាល់មុខ។ យ៉ាងណាមិញ លោកធ្លាប់គាំទ្រជម្លោះប្រដាប់អាវុធជាមួយអ៊ុយក្រែន។
 
តាមការស្ទង់មតិនៅខែកុម្ភៈឆ្នាំ ២០២៤ របស់មជ្ឈមណ្ឌល Levada ប្រជាជនរុស្សីបានទុកចិត្តលើលោក​ពូទីន (៥២ភាគរយ), Slutsky (៣ភាគរយ), លោក Kharitonov និង Davankov ទទួលបានការទុកចិត្ត ១ភាគរយរៀងគ្នាជុំវិញការដឹកនាំប្រទេស។
 
តាមរដ្ឋធម្មនុញ្ញរុស្ស៊ីអាណត្តិប្រធានាធិបតីរបស់លោក ពូទីន ត្រូវបញ្ចប់នៅឆ្នាំ២០០៨  ដែលខ្លឹមសាររដ្ឋធម្មនុញ្ញនាពេលនោះ លោកពូទីន មិនអាចធ្វើជាប្រធានាធិបតីរុស្ស៊ីលើសពី២អាណត្តិជាប់គ្នា។ 
 
យ៉ាងណាក៏ដោយ លោកបានប្តូរតួនាទីជាមួយសហការីជិតស្និទ្ធរបស់លោក Dmitry Medvedev  ដើម្បីបន្តកាន់អំណាចនៅរុស្ស៊ី។ នៅពេលនោះ លោក ពូទីន បានក្លាយជានាយករដ្ឋមន្ត្រី ហើយលោក Medvedev បានឈរឈ្មោះ និងជាប់ឆ្នោតជាប្រធានាធិបតីរុស្ស៊ី។ ក្នុងឆ្នាំ២០១២ លោកពូទីន បានត្រឡប់មកឈរឈ្មោះជាប្រធានាធិបតីវិញ ហើយត្រូវបានជ្រើសរើសដោយបន្តធ្វើជាកាន់អំណាចនៅវិមានក្រឹមឡាំង។
 
នៅឆ្នាំ ២០២០ ប្រធានាធិបតីពូទីនបានធ្វើយុទ្ធនាការកែរដ្ឋធម្មនុញ្ញរុស្ស៊ីតាមរយៈការបោះឆ្នោតទូទាំងប្រទេស។ ជាលទ្ធផល ការរដ្ឋធម្មនុញ្ញតត្រូវបានកែ ហើយអនុញ្ញាតឱ្យរូបលោកឈរឈ្មោះយ៉ាងហោចណាស់២អាណត្តិទៀត (អាណត្តិនីមួយៗមានរយៈពេល៦ឆ្នាំ)។
 
កន្លងមក រុស្ស៊ីធ្លាប់មាន​មេដឹកនាំ​លេចធ្លោ​ពីរ​រូប​ដែល​ប្រឆាំង​ប្រធានាធិបតី​ពូទីន។ ប៉ុន្តែអ្នក​ទាំង​ពីររូបនេះ​បាន​ទទួល​មរណ​ភាព​ហើយ។ ទីមួយគឺលោក Boris Nemtsov ត្រូវបានបាញ់សម្លាប់នៅជិតវិមានក្រឹមឡាំងក្នុងឆ្នាំ ២០១៥។ ទីពីរគឺលោក Alexei Navalny ត្រូវបានបំពុលដោយជនមិនស្គាល់មុខនៅឆ្នាំ ២០២០ ប៉ុន្តែសំណាងបានរួចផុតពីសេចក្តីស្លាប់។ យ៉ាងណាក៏ដោយ នៅខែកុម្ភៈឆ្នាំ ២០២៤ Navalny បានស្លាប់យ៉ាងអាថ៌កំបាំងនៅក្នុងគុក។
 
ទន្ទឹមនេះ ក៏មានបេក្ខជនប្រឆាំងការបង្កសង្រ្គាម ២រូបនាក់ដែរ គឺលោកស្រី Yekaterina Duntsova និងលោក Boris Nadezhdin ត្រូវបានហាមឃាត់មិនឱ្យឈរឈ្មោះជាបេក្ខជនប្រធានាធិបតី បន្ទាប់ពីគណៈកម្មការរៀបចំបោះឆ្នោតរុស្ស៊ីបានរកឃើញកំហុសនៅក្នុងហត្ថលេខាដែលពួកគេត្រូវការដើម្បីទទួលបានសន្លឹកឆ្នោត។ គូប្រជែងដ៏ធំបំផុតរបស់លោកពូទីនក្នុងនយោបាយរុស្ស៊ីលែងមានទៀតហើយ។
 
វិមានក្រឹមឡាំងតែងបដិសេធយ៉ាងដាច់អហង្ការចំពោះការរិះគន់ដែលសំដៅលើការគ្រប់គ្រងអំណាចរបស់ខ្លួន។ ថ្មីៗនេះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា រុស្ស៊ីមិនដែលអត់ឱនចំពោះការរិះគន់បែបនេះឡើយដោយប្រកាសថា ៖« លទ្ធិប្រជាធិបតេយ្យរបស់យើងគឺល្អបំផុត ហើយយើងនឹងបន្តកសាងលទ្ធិប្រជាធិបតេយ្យបែបនេះ»៕ 

Tag:
 រុស្ស៊ី
  បោះឆ្នោត
  វ៉្លាឌីមៀ ពូទីន
© រក្សាសិទ្ធិដោយ thmeythmey.com