អន្តរជាតិ
យូនីសេហ្វព្រមាន​​ការ​បាត់​បង់​ជីវិត​យ៉ាង​មហន្តរាយ​នៅ​ស៊ូដង់ ខណៈ​ទុរ្ភិក្ស​កើត​ឡើង
16, Mar 2024 , 9:39 pm        
រូបភាព
រូបភាព Reuters
រូបភាព Reuters
ទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិ ឬយូនីសេហ្វ (UNICEF) នៅថ្ងៃទី១៥ ខែមីនា បាន លើកឡើងអំពីការបាត់បង់ជីវិតដ៏មហន្តរាយដែលអាចកើតមាននៅក្នុងស៊ូដង់ ខណៈសង្រ្គាមស៊ីវិល និងភាពអត់ឃ្លានកាន់តែអាក្រក់ទៅៗ និងបានអំពាវនាវឱ្យមានការកៀងគរធនធានយ៉ាងច្រើន។

 
កងកម្លាំងគាំទ្ររហ័សរបស់ស៊ូដង់ (RSF) បន្តប្រយុទ្ធជាមួយកងទ័ពរបស់ស៊ូដង់ដើម្បីប្រជែង យកការគ្រប់គ្រងប្រទេសនៅក្នុងសង្គ្រាមដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ និងជម្លៀសមនុស្សរាប់លាននាក់នៅក្នុង និងក្រៅប្រទេស និងបង្កឱ្យមានការព្រមានអំពីគ្រោះទុរ្ភិក្សផងដែរ។
 
«សង្រ្គាមដ៏ឃោរឃៅនៅស៊ូដង់កំពុងរុញច្រានប្រទេសឆ្ពោះទៅរកគ្រោះទុរភិក្ស ហើយលុះត្រា តែមានឆន្ទៈនយោបាយ ការយកចិត្តទុកដាក់ និងធនធានគ្រប់គ្រាន់ដើម្បីឆ្លើយតបនៅពេល នេះ យើងកំពុងសម្លឹងមើលការបាត់បង់ជីវិតដ៏មហន្តរាយដែលអាចកើតមាន»។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ប្រធានប្រតិបត្តិការ និងគ្រាអាសន្នអង្គការ​យូនីសេហ្វ​នៅ​ស៊ូដង់​ លោកស្រី Jill Lawler នៅ​ក្នុង​សន្និសីទ​សង្ខេប​របស់​អង្គការ​សហប្រជាជាតិ​ (UN) ក្នុង​ទីក្រុង​ហ្សឺណែវ។
 
លោកស្រីបានចូលរួមជាផ្នែកមួយនៃបេសកកម្មUN លើកដំបូងក្នុងការត្រឡប់ទៅរដ្ឋធានីខាទុំ ចាប់តាំងពីការប្រយុទ្ធគ្នារវាងកងទ័ព និង RSF បានចាប់ផ្តើមក្នុងខែមេសា ឆ្នាំ ២០២៣។ បេសកកម្មនេះបានសម្គាល់ឃើញកុមារខ្វះអាហារូបត្ថម្ភរស់នៅក្នុងមន្ទីរពេទ្យដែលស្ថិតនៅ ភាពខ្មៅងងឹត ដោយសារតែម៉ាស៊ីនភ្លើងមិនដំណើរការ។
 
លោកស្រីរៀបរាប់ ពីស្ថានភាពបន្ថែមថា លើសពីនេះ ទារកអាយុ ៣ ខែម្នាក់ឈឺយ៉ាងខ្លាំង ដោយសារតែម្តាយដែលមិនមានលទ្ធភាពទិញទឹកដោះគោ និងបានជំនួសទឹកដោះពពែដែល នាំឱ្យទារកនោះរាគ។ ភាពអត់ឃ្លានគឺរីករាលដាល និងគឺជាកង្វល់ទី ១ របស់ប្រជាពលរដ្ឋ។
 
ទីភ្នាក់ងារ UN មួយនេះធ្លាប់បានព្រមានថា កុមាររហូតដល់ ៣,៧ លាននាក់ត្រូវបានគេ ព្យាករណ៍ថានឹងខ្វះខាតអាហារូបត្ថម្ភយ៉ាងធ្ងន់ធ្ងរនៅឆ្នាំនេះនៅស៊ូដង់ រួមទាំង ៧៣ ម៉ឺននាក់ ដែលត្រូវការការព្យាបាលសង្គ្រោះជីវិត។ នៅ​កន្លែង​មួយ​ផ្សេង​ទៀត អ្នក​ជំងឺ​រហូតដល់​ទៅ​បី​ សម្រាកព្យាបាលលើគ្រែតែមួយ៕

© រក្សាសិទ្ធិដោយ thmeythmey.com