ជាតិ
សេដ្ឋកិច្ច
ចូលឆ្នាំខ្មែរ៖ សម្ដេច ហ៊ុន ម៉ាណែត ឱ្យរៀបចំការសម្ដែងឆៃយ៉ាំ នៅព្រលានយន្តហោះ ទទួលភ្ញៀវទេសចរ
16, Mar 2024 , 7:48 pm        
រូបភាព
សម្ដេច ហ៊ុន ម៉ាណែត ប្រាប់ឱ្យរដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក សុខ សូកេន រៀបចំការសម្ដែងរបាំឆៃយ៉ាំ នៅព្រលានយន្តហោះ ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរ នាអំឡុងពេលចូលឆ្នាំនេះ។ សម្ដេចនាយករដ្ឋមន្រ្តី ថ្លែងបែបនេះ នៅក្នុងពិធីបុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ ក្រោមប្រធានបទ “ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ” នាទឹកដីសៀមរាប នៅថ្ងៃទី១៦ មីនានេះ។


 
នាឱកាសបើកពិធីបុណ្យទន្លេនេះ ក៏មានការរៀបចំសម្ដែងរបាំឆៃយ៉ាំ ទទួលស្វាគមន៍វត្តមានសម្ដេច ហ៊ុន ម៉ាណែត។ រូបភាពបែបនេះ បាននាំអារម្មណ៍ប្រមុខរដ្ឋាភិបាល ឱ្យកត់សម្គាល់ថា ការរៀបចំសម្ដែងរបាំឆៃយ៉ាំ ទទួលភ្ញៀវទេសចរ ក៏ជារូបភាពទាក់ទាញមួយ ដោយសាររបាំមួយនេះ មានលក្ខណៈបង្កការសប្បាយរីករាយ បំបាត់ភាពនឿយហត់។
 
«ពេលចូលឆ្នាំ៣ថ្ងៃ ឬមួយអាទិត្យ កុំភ្លេចរៀបចំឆៃយ៉ាំ ស្វាគមន៍ភ្ញៀវនៅព្រលានយន្តហោះ ឱ្យចុះមកឆៃយ៉ាំមុនគេ ជាកាដូដល់ភ្ញៀវទេសចរ»។ នេះបើតាមសម្ដេច ហ៊ុន ម៉ាណែត។
 
របាំឆៃយ៉ាំ គឺជារបាំបុរាណ ដែលអ្នកវាយស្គរ មានរូបរាងកំប្លែង ក្រមិចក្រមើម។ ការរាំ ត្រូវបានបង្ហាញពីសញ្ញានៃការហៅ និងការឆ្លើយតប ដោយមានអ្នកទះដៃ និងអ្នកវាយឃ្មោះ ។ អ្នករាំស្លៀកពាក់ សម្លៀកបំពាក់កំប្លែង គូរមុខមាត់។ តន្រ្តីឆៃយ៉ាំ គឺក្បួនហែនាំមុខគេ ដែលទាក់ទងទៅនឹងអ្នកកាន់ពុទ្ធសាសនាក្នុងការប្រារព្ឋ ពិធីដូចជា ពិធីចេញព្រះវស្សា បុណ្យកឋិនទាន បុណ្យផ្កា និងពិធីបុណ្យផ្សេងៗទៀត ដើម្បី បង្កើតភាពសប្បាយរីករាយទាំងអស់គ្នា។ ឆៃយ៉ាំ គឺជារបាំដែលមានប្រជាប្រិយភាព ដែលគេតែងឃើញវត្តមាននៅតាមជនបទ និងនៅទីក្រុង។ 
 
ជាមួយគ្នានេះ ប្រមុខរដ្ឋាភិបាល ក៏បានលើកពីប្រព័ន្ធ E Arrival ដែរ ដើម្បីផ្ដល់ភាពងាយស្រួលដល់ពលរដ្ឋ និងភ្ញៀវបរទេស ចូលមកខេត្តសៀមរាប តាមរយៈជើងហោះ។ បើតាមប្រមុខរដ្ឋាភិបាល ប្រព័ន្ធឌីជីថល E-Arrival សម្រាប់ភ្ញៀវទាំងនោះ ដោយមិនចាំបាច់បំពេញឯកសារនានា លើក្រដាសដូចមុនទេ។ ប៉ុន្តែការដាក់សាកល្បងនេះ សម្ដេច ហ៊ុន ម៉ាណែត បានកត់សម្គាល់ថា មិនទាន់ដំណើរការបានល្អទេ ដែលត្រូវការទាមទារយកចិត្តទុកដាក់បន្ថែមទៀត។
 
 
 

Tag:
 ហ៊ុន ម៉ាណែត
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com