ជាតិ
​​​ន​យោ​បាយ​ជាតិ​
រដ្ឋាភិបាល រៀបចំ E-Arrival និងពង្រីកបណ្ណព្រំដែន និងជើងហោះហើរគោលដៅ មកខេត្តសៀមរាប
16, Nov 2023 , 7:39 pm        
រូបភាព
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត មានផែនការមេក្នុងដៃជាច្រើន ក្នុងការអភិវឌ្ឍ និងរៀបចំខេត្តសៀមរាប ទៅជាគោលដៅទេសចរណ៍ និងវិនិយោគដ៏មានសក្ដានុពល។ សម្ដេច រំពឹងថា ខេត្តសៀមរាបនឹងទាញប្រយោជន៍សេដ្ឋកិច្ច សម្រាប់ប្រទេសជាតិ។



ដើម្បីផ្ដល់ភាពងាយស្រួលដល់ពលរដ្ឋ និងភ្ញៀវបរទេស ចូលមកខេត្តសៀមរាប តាមរយៈជើងហោះនោះ រដ្ឋាភិបាល បានរៀបចំប្រព័ន្ធឌីជីថល E-Arrival សម្រាប់ភ្ញៀវទាំងនោះ ដោយមិនចាំបាច់បំពេញឯកសារនានា លើក្រដាសដូចមុនទេ។
 
ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យដំណើការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នាព្រឹកថ្ងៃទី១៦ វិច្ឆិកា សម្ដេច ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួងទេសចរណ៍ និងរដ្ឋាលេខាធិការដ្ឋានអាកាសចរស៉ីវិល ពិភាក្សាជាមួយប្រទេសនានា ដើម្បីជំរុញការតភ្ជាប់ជើងហោះហើរត្រង់នេះ។
 
សម្ដេច ហ៊ុន ម៉ាណែត បានអះអាងថា សម្ដេច ធ្លាប់បានចរចាជាមួយមេដឹកនាំអាស៊ាន ដើម្បីតភ្ជាប់ជើងហោះហើរពីតំបន់ទេសចរណ៍នៃបណ្ដាប្រទេសអាស៊ាន ដូចជា តំបន់ដាណាង ប្រទេសវៀតណាម, តំបន់សេប៊ូ ប្រទេសហ្វីលីពីន និងតំបន់ភូកេត ប្រទេសថៃជាដើម ដើម្បីបង្កើនការហោះហើរត្រង់មកកាន់កម្ពុជា ។ សម្ដេច សង្ឃឹមថា នឹងសម្រេចនូវកិច្ចការតភ្ជាប់ជើងហោះហើរត្រង់នេះ។
 
ជាមួយគ្នានេះ ប្រមុខរដ្ឋាភិបាល ក៏ចង់ពង្រីកវិសាលភាពបណ្ណព្រំដែនជាមួយប្រទេសជិតខាងដែរ។ បើតាមសម្ដេច ហ៊ុន ម៉ាណែត ក្រសួងមហាផ្ទៃកំពុងពិភាក្សាជាមួយភាគីថៃ ដើម្បីជួយសម្រួលទេសចរនិងប្រជាពលរដ្ឋថៃ ដែលរស់នៅខេត្តជាប់ព្រំដែន អាចធ្វើដំណើរមកកាន់ខេត្តសៀមរាបបាន ដោយមិនចាំបាច់ប្រើប្រាស់លិខិតឆ្លងដែន។
 
ទន្ទឹមនឹងនេះ ប្រមុខរដ្ឋាភិបាល ក៏ដាក់ចេញផែនការទស្សនាសៀមរាប ឆ្នាំ២០២៤ , ឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូរទំនាក់ទំនងប្រជាជន កម្ពុជា-ចិន ជាដើម។ សម្ដេច ហ៊ុន ម៉ាណែត រំពឹងទទួលបានទេសចរចិនកាន់តែច្រើន នៅឆ្នាំក្រោយនេះ។ មិនតែប៉ុណ្ណោះលោកនាយករដ្ឋមន្រ្តី ក៏ជំរុញឱ្យយកខេត្តសៀមរាប ជាទីកន្លែងរៀបចំព្រឹត្តិការណ៍កីឡារត់ម៉ារ៉ាតុង ពិធីបុណ្យជាតិ និងកិច្ចប្រជុំកំពូលធំៗផងដែរ។ 
 
ដើម្បីសម្រេចគោលដៅទាំងនេះ សម្ដេច លើកទឹកចិត្តឱ្យអ្នកផ្ដល់សេវាទេសចរណ៍ទាំងអស់ រៀបចំកញ្ចប់ទេសចរណ៍សមរម្យ សម្រាប់ទាក់ទាញភ្ញៀវមកលេងកម្សាន្ត ក្នុងខេត្តសៀមរាប។
ក្រៅពីការផ្ដល់សេវា និងបដិសណ្ឋារកិច្ចល្អនោះ លោកនាយករដ្ឋមន្រ្តី ក៏ជំរុញឱ្យរៀបចំព្រលានយន្តហោះសៀមរាបអង្គរ ទៅជាកន្លែងទេសចរណ៍ផលិតផលទៀតផង។ បើតាមសម្ដេច ហ៊ុន ម៉ាណែត ប្រទេសលើពិភពលោក បានអភិវឌ្ឍន៍ព្រលានយន្តហោះ ទៅជាកន្លែងបង្ហាញផលិតផលក្នុងស្រុក និងក្រៅស្រុកអស់ហើយ។
 
អាកាសយានអន្តរជាតិសៀមរាបអង្គរ ស្ថិតលើផ្ទៃដី៧០០ហិកតា នៅក្នុងភូមិសាស្ត្រ ឃុំតាយ៉ែក ស្រុកសូទ្រនិគម និងឃុំគោកធ្លកលើ ស្រុកជីក្រែង។ ព្រលានអន្តរជាតិមួយនេះ មានចម្ងាយជាង ៤០គីឡូម៉ែត្រពីរមណីយដ្ឋានអង្គរ និងជាង៥០ គីឡូម៉ែត្រពីទីប្រជុំជនក្រុងសៀមរាប។ នេះជាសមិទ្ធផលមួយកើតចេញពីគោលនយោបាយនៃចំណងមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការត្បូងពេជ្រកម្ពុជា-ចិន ក្រោមក្របខណ្ឌនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI)៕
 

Tag:
 ហ៊ុន ម៉ាណែត
  នយោបាយ
  ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com