អន្តរជាតិ
លោកត្រាំថាបើលោកចាញ់ការបោះឆ្នោតជាថ្មី អាម៉េរិក​នឹងបាត់ប្រជាធិបតេយ្យ
17, Mar 2024 , 6:29 pm        
រូបភាព
អតីតប្រធានាធិបតីអាម៉េរិក លោកដូណាល់ ត្រាំ នៅក្នុងរដ្ឋ Ohio នៅថ្ងៃទី១៦ ខែមីនា។ រូបភាព AFP
អតីតប្រធានាធិបតីអាម៉េរិក លោកដូណាល់ ត្រាំ នៅក្នុងរដ្ឋ Ohio នៅថ្ងៃទី១៦ ខែមីនា។ រូបភាព AFP
លោកដូណាស់ ត្រាំ ដែលទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់ក្នុងការតែងតាំងជាបេក្ខជនប្រធានាធិបតីពីបក្សសាធារណរដ្ឋជាថ្មី បានលើកឡើងថា ប្រសិនបើលោកចាញ់ក្នុងការបោះឆ្នោតនៅខែវិច្ឆិកាជាថ្មី នោះហើយជាយុគបញ្ចប់ប្រជាធិបតេយ្យរបស់អាម៉េរិក។ ទាក់ទិននឹងបញ្ហានេះ លោកត្រាំថា ពេលនោះ អាម៉េរិកមិនគួរមានការបោះឆ្នោតជាថ្មីឡើយ។

 
ក្នុងការបោះឆ្នោតបឋមនៅតាមរដ្ឋមួយចំនួនកន្លងមក លោកដូណាស់ ត្រាំ បានទទួលសំឡេងគាំទ្រគ្រប់គ្រាន់ ដើម្បីឱ្យបក្សសាធារណរដ្ឋតែងតាំងជាបេក្ខជនប្រធានាធិបតីជាថ្មី ដើម្បីតទល់នឹងគូប្រជែងចាស់ លោកចូ បៃឌិន ប្រធានាធិបតីអាម៉េរិក មកពីបក្សប្រជាធិបតេយ្យ។ 
 
នៅចំពោះមុខអ្នកគាំទ្រក្នុងរដ្ឋ Ohio លោកត្រាំវាយតម្លៃថា បើលោកមិនឈ្នះការបោះឆ្នោត ដែលនឹងរៀបចំនៅខែវិច្ឆិកាខាងមុខជាថ្មីទេ ប្រជាធិបតេយ្យនៅអាម៉េរិក នឹងឈានដល់ទីបញ្ចប់។ 
 
«ប្រសិនបើយើងមិនឈ្នះការបោះឆ្នោត ខ្ញុំគិតថា យើងមិនគួររៀបចំការបោះឆ្នោតថ្មីនៅក្នុងប្រទេសមួយនេះទៀតឡើយ»។ អតីតប្រធានាធិតីអាម៉េរិក ដែលស្ថិតក្រោមការចោទប្រកាន់ពីបទព្យាយាមផ្លាស់ប្តូរលទ្ធផលឆ្នោតក្នុងឆ្នាំ២០២០ បានសង្កត់ធ្ងន់បែបនេះ នៅថ្ងៃទី១៦ ខែមីនា។ 
 
តាមការស្រង់មតិពីទីភ្នាក់ងារព័ត៌មាន Reuters​ នៅសប្តាហ៍មុន ការគាំទ្ររបស់លោកត្រាំ និងលោកបៃឌិន គឺមានសំឡេងប្រកៀកប្រកិតគ្នាខ្លាំង៕ 
 

Tag:
 អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com