អន្តរជាតិ
លោកម៉ាក្រុងថាលទ្ធភាពប្រតិបត្តិការយោធាផ្លូវគោកនៅអ៊ុយក្រែន កើតមាននៅពេលណាមួយ
17, Mar 2024 , 10:19 pm        
រូបភាព
ប្រធានាធិបតីបារាំង លោកអេម៉ានុយអែល ម៉ាក្រុង
ប្រធានាធិបតីបារាំង លោកអេម៉ានុយអែល ម៉ាក្រុង
ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង នៅតែមិនបោះបង់ផែនការបញ្ជូនទ័ពទៅអ៊ុយក្រែន ដើម្បីជួយច្បាំងប្រឆាំងរុស្ស៊ី ដែលបន្តឈ្លានពាននោះទេ។ មេដឹកនាំប្រទេសអឺរ៉ុបមួយនេះ បានព្រមានថា ប្រតិបត្តិការយោធាផ្លូវគោក អាចកើតមាននៅពេលណាមួយ។

 
នៅពេលនេះ ការបញ្ជូនទ័ពរបស់ប្រទេសអឺរ៉ុប ទៅអ៊ុយក្រែន បានក្លាយជាប្រធានបទ ដែលត្រូវជជែកដេញដោលយ៉ាងខ្លាំង។ ទោះមេដឹកនាំអឺរ៉ុបមួយចំនួន និងអាម៉េរិកបានបដិសេធផែនការបញ្ជូនទ័ពជួយអ៊ុយក្រែ​នក៏ដោយ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង មិនបានបោះបង់ផែនការដ៏សំខាន់នេះឡើយ។ 
 
«ប្រតិបត្តិការផ្លូវគោករបស់ប្រទេសលោកខាងលិច នៅអ៊ុយក្រែន គឺចាំបាច់ក្នុងពេលណាមួយ»។ មេដឹកនាំបារាំង បានបញ្ជាក់បែបនេះ នៅក្នុងកិច្ចសម្ភាសន៍មួយចេញផ្សាយនៅថ្ងៃទី១៦ ខែមីនា។ ការបញ្ជាក់របស់លោកប្រធានាធិបតី ធ្វើឡើងក្រោយជំនួបជាមួយមេដឹកនាំអាល្លឺម៉ង់ និងប៉ូឡូញ។ 
 
ក្នុងកិច្ចសម្ភាសន៍មួយទៀតនៅថ្ងៃទី១៥ ខែមីនា ជាមួយកាសែត Le Parisien លោកម៉ាក្រុង បានអះអាងថា បារាំង ហើយប្រទេសលោកខាងលិច មិនបានផ្តើមគំនិតសម្រាប់សម្រាប់ប្រតិបត្តិការយោធាផ្លូវគោកនៅអ៊ុយក្រែនឡើយ ប៉ុន្តែវានឹងអាចកើតមាន ដើម្បីទប់នឹងការឈ្លានពានរបស់រុស្ស៊ី។ 
 
សូមបញ្ជាក់ថា មកទល់ពេលនេះ សង្រ្គាមនៅអ៊ុយក្រែន បានឈានចូលដល់ឆ្នាំទី៣ហើយ ដោយរុស្ស៊ីបន្តវាយប្រហារលើអ៊ុយក្រែនមិនបន្ធូរដៃ៕  
 

Tag:
 បារាំង
  អ៊ុយក្រែន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com