អន្តរជាតិ
ប្រព័ន្ធបោះឆ្នោតតាមអេឡិចត្រូនិចរុស្ស៊ី រងការវាយប្រហារតាមអ៊ីនធឺណិត
18, Mar 2024 , 8:29 am        
រូបភាព
រូបភាព AFP
រូបភាព AFP
អាជ្ញាធររៀបចំការបោះឆ្នោតរុស្ស៊ី នៅថ្ងៃទី១៦ ខែមីនា បានអះអាងថា ការវាយប្រហារលើប្រព័ន្ធបោះឆ្នោតតាមអេឡិចត្រូនិចចំនួន ១៦ម៉ឺនករណី ត្រូវបានរាំងខ្ទប់។ បើតាមរុស្ស៊ី អ្នកវាយប្រហារលើប្រព័ន្ធបោះឆ្នោតរុស្ស៊ី មានទីតាំងនៅអាម៉េរិក ​និងអង់គ្លេស។

 
ក្នុងការបោះឆ្នោតប្រធានាធិបតីលើកទី៨ បានប្រព្រឹត្តទៅពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមីនា។ ក្នុងការបោះឆ្នោតលើកនេះ រុស្ស៊ីបានរៀបចំការបោះឆ្នោតតាមប្រព័ន្ធអេឡិចត្រូនិចជាលើកដំបូង ដោយលោកវ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី ក៏បានបោះឆ្នោតតាមប្រព័ន្ធថ្មីនេះដែរ។ 
 
តាមការបញ្ជាក់របស់លោក Ella Pamfilova ប្រមុខគណៈកម្មការបោះឆ្នោតកណ្តាល ការវាយប្រហារភាគច្រើន គឺផ្តោតលើប្រព័ន្ធបោះឆ្នោតតាមអ៊ីនធឺណិត ដោយ៣ម៉ឺនករណី បានវាយប្រហារលើប្រព័ន្ធតាមដានការបោះឆ្នោត។ 
 
ប្រមុខគណៈកម្មការរូបនេះ បានបន្ថែមថា ការវាយប្រហារតាមអ៊ីនធឺណិត បានកើតមានចាប់តាំងពីថ្ងៃទី១៥ ខែមីនា និងបានកើនឡើងយ៉ាងខ្លាំងនៅថ្ងៃទី១៦ ខែមីនា។ យ៉ាងណាមិញ បេសកកម្មរបស់អ្នកវាយប្រហារដែលមានវត្តមាននៅអាម៉េរិក និងអង់គ្លេសទាំងនោះ មិនទទួលជោគជ័យឡើយ។ 
 
កន្លងមក សេតវិមាន បានបញ្ជាក់រួចហើយថា ខ្លួននឹងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងការបោះឆ្នោតនៅរុស្ស៊ីឡើយ៕
 

Tag:
 រុស្ស៊ី
  អាម៉េរិក
  និងអង់គ្លេស
© រក្សាសិទ្ធិដោយ thmeythmey.com