ជាតិ
នាយករដ្ឋមន្ត្រីបញ្ជាឱ្យទប់ស្កាត់ការកែច្នៃស៊ីផ្លេ និងសកម្មភាពរាំតាមដងផ្លូវតាមចង្វាក់ស៊ីផ្លេ
18, Mar 2024 , 8:45 am        
រូបភាព
ដោយ: រួបរួម
Trending ដ៏គ្រោះថ្នាក់! សម្តេច ហ៊ុន ម៉ាណែត បានមើលឃើញសកម្មភាពអនាធិបតេយ្យនៅតាមដងផ្លូវ ដោយយុវជន និងកុមារមួយចំនួន នាំគ្នារាំលេងតាមដងផ្លូវតាមចង្វាក់ស៊ីផ្លេរថយន្តធំៗ ហើយម្ចាស់រថយន្តខ្លះក៏បានកែច្នៃស៊ីផ្លេ ដើម្បីទាក់ទាញផងដែរ។ ប្រមុខរដ្ឋាភិបាល ចេញបញ្ជាឱ្យទប់ស្កាត់បញ្ហានេះ។



«ខ្ញុំសូមប្រគល់ភារកិច្ចជូនគណៈបញ្ជាការឯកភាពរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ធ្វើការណែនាំ និងចាត់វិធានការឱ្យបានតឹងរ៉ឹង ដើម្បីទប់ស្កាត់សកម្មភាពអនាធិបតេយ្យដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់នៅតាមដងផ្លូវសាធារណៈ និងអាចបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋ»។ នេះជាបទបញ្ជារបស់សម្តេច ហ៊ុន ម៉ាណែត ក្រោយពេលសម្តេចឃើញមានការបង្ហោះតាមបណ្តាញសង្គមមួយចំនួន ពាក់ព័ន្ធនឹងសកម្មភាពរាំលេងតាមដងផ្លូវទៅតាមចង្វាក់ស៊ីផ្លេបែបភ្លេងរបស់រថយន្តធំៗ និងការដោះដូរស៊ីផ្លេខុសបច្ចេកទេស។

សម្តេចនាយករដ្ឋមន្ត្រី បានលើកឡើងតាមរយៈបណ្តាញសង្គមរបស់ខ្លួននាថ្ងៃព្រឹកថ្ងៃទី១៨ ខែមីនា ថា សកម្មភាពរាំលេងនេះធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់នៅតាមដងផ្លូវ ក៏ដូចជាបង្កហានិភ័យសម្រាប់ការធ្វើដំណើរ និងជាពិសេសអាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់អ្នកប្រព្រឹត្តតែម្តង។

សម្តេចបានបញ្ជាក់ថា កម្លាំងសមត្ថកិច្ចតាមបណ្តាខេត្តមួយចំនួន បានណែនាំឱ្យអ្នកបើកបររថយន្តធំដោះស៊ីផ្លេខុសលក្ខណៈបច្ចេកទេសចេញ និងធ្វើការផ្លាស់ប្តូរស៊ីផ្លេវិញ ព្រមទាំងណែនាំដល់យុវជនឱ្យបញ្ឈប់សកម្មភាពរាំតាមចង្វាក់ស៊ីផ្លេ ប៉ុន្តែវិធានការនេះ ហាក់នៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ។

ដើម្បីឱ្យការអនុវត្តកាន់តែមានប្រសិទ្ធភាព សម្តេច ហ៊ុន ម៉ាណែត បានណែនាំដល់ក្រសួងសាធារណការ និងដឹកជញ្ជូន អគ្គស្នងការដ្ឋាននគរបាលជាតិ អាជ្ញាធររាជធានី-ខេត្ត សហការគ្នា ត្រួតពិនិត្យ និងធ្វើការណែនាំពាក់ព័ន្ធនឹងលក្ខណៈបច្ចេកទេសស៊ីផ្លេរថយន្ត ដើម្បីទប់ស្កាត់ភាពអនាធិបតេយ្យតាមដងផ្លូវសាធារណៈ។

ជាមួយគ្នានេះ សម្តេចបានអំពាវនាវដល់ក្រុមហ៊ុនដឹកជញ្ជូន ព្រមអ្នកបើកបររថយន្តធំៗ ត្រូវដាក់ស៊ីផ្លេឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងជៀសវាងការប្រើប្រាស់ស៊ីផ្លេដែលនាំឱ្យមានការលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ជាពិសេសក្មួយៗ ធ្វើសកម្មភាពរាំលេងតាមដងផ្លូវ។

«សូមបញ្ឈប់សកម្មភាពរាំលេងតាមដងផ្លូវតាមចង្វាក់ស៊ីផ្លេភ្លេងរបស់រថយន្តធំៗ ជៀសវាងគ្រោះថ្នាក់ និងបង្កភាពអនាធិបតេយ្យតាមដងផ្លូវ។ ហើយក៏សូមអាណាព្យាបាលចូលរួមសហការ និងធ្វើការណែនាំដល់ក្មួយៗឱ្យបញ្ឈប់សកម្មភាពរាំលេងតាមដងផ្លូវ»។ នេះជាសារអំពាវនាវរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា៕



© រក្សាសិទ្ធិដោយ thmeythmey.com