អន្តរជាតិ
លោក ពូទីន ឈ្នះការបោះឆ្នោតភ្លូកទឹកភ្លូកដី ដោយគ្មានសំឡេងប្រឆាំងសំខាន់
18, Mar 2024 , 11:44 am        
រូបភាព
លោកវ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី ក្នុងក្រុងមូស្គូ នៅថ្ងៃទី១៨ ខែមីនា។ រូបភាព AFP
លោកវ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី ក្នុងក្រុងមូស្គូ នៅថ្ងៃទី១៨ ខែមីនា។ រូបភាព AFP
ក្នុងសន្លឹកឆ្នោតគាំទ្ររហូតដល់៨៧,៣២ភាគរយ លោកវ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី ទទួលបានសំឡេងគាំទ្រដ៏ច្រើនលើសលុបលើសពីបេក្ខជនប្រធានាធិបតីផ្សេងទៀត ដែលមិនទទួលបានការគាំទ្រច្រើនជាង៥ភាគរយផងនៅក្នុងការបោះឆ្នោតប្រធានាធិបតី។ នេះបើតាមលទ្ធផលរបស់គណៈកម្មការរៀបចំការបោះឆ្នោតកណ្តាលរុស្ស៊ី ចេញនៅថ្ងៃទី១៨ ខែមីនា។

 
ការបោះឆ្នោតប្រធានាធិបតីរុស្ស៊ី បានរៀបចំឡើងរយៈពេល៣ថ្ងៃដោយផ្តើមពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមីនា។​ មិនមានបេក្ខជនណាអាចប្រជែងលោក វ្ល៉ាឌីមៀ ពូទីន បានឡើយ។ តាមសេចក្តីប្រកាសគណៈកម្មការរៀបចំការបោះឆ្នោតកណ្តាលរុស្ស៊ីដែលបានរាប់សន្លឹកឆ្នោតប្រមាណ ៩៥,០៨ភាគរយនៅថ្ងៃទី១៨ ខែមីនា លោក វ្ល៉ាឌីមៀ ពូទីន ដែលបានឈរឈ្មោះជាបេក្ខជនប្រធានាធិបតីឯករាជ្យ ទទួលបានសំឡេងគាំទ្រដាច់ពីបេក្ខជនផ្សេងទៀត ជាមួយការគាំទ្ររហូតដល់៨៧,៣២ភាគរយឯណោះ។ 
 
នេះជាសំឡេងគាំទ្រដ៏ច្រើនបំផុតនៅក្នុងការបោះឆ្នោតនៅរុស្ស៊ីក្រោយសហភាពសូវៀតដួលរលំ។ ចំណែកបេក្ខជនប្រធានាធិបតីផ្សេងទៀត មិនទទួលបានសំឡេងគាំទ្រលើសពី ៥ភាគរយឡើយ។ លោក Nikolay Kharitonov មកពីបក្សកុម្មុយនីស្ត ទទួលបានសំឡេង ៤,២៨ភាគរយ, លោក Vladislav Davankov​របស់បក្សប្រជាជនថ្មី ទទួលបាន ៣,៨៥ភាគរយ និងលោក Leonid Slutsky មកពីបក្ស LDPR ទទួលបានការគាំទ្រ ៣,១៥ភាគរយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Tass។ 
 
ក្រោយឈ្នះការបោះឆ្នោត លោក​ ពូទីន បានប្តេជ្ញានៅចំពោះមុខអ្នកគាំទ្រនឹងបន្តផ្តោតលើប្រតិបត្តិការយោធានៅអ៊ុយក្រែន ហើយថែមទាំងពង្រឹងកម្លាំងយោធា។ 
 
កន្លងមក បណ្តាប្រទេសលោកខាងលិច បានចាត់ទុកការបោះឆ្នោតនៅរុស្ស៊ី មិនសេរី និងមិនត្រឹមត្រូវ ដោយសារតែមានការរឹតត្បិត និងការដាក់អ្នកប្រឆាំងក្នុងពន្ធនាគារ។ ចំណែកលោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃទី១៧ ខែមីនា បានចាត់ទុកការបោះឆ្នោតខាងលើមិនស្របច្បាប់ឡើយ ហើយថាលោកពូទីនចង់កាន់អំណាចមួយជីវិត។ 
 
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានអាម៉េរិក លោកពូទីន បានចោទជាសំណួរឌឺដងដាក់អាម៉េរិក ថាការវាយប្រហារហើយបេក្ខជនម្ខាងទៀតតាមរយៈប្រព័ន្ធតុលាការ ជាប្រជាធិបតេយ្យឬយ៉ាងណា។  មេដឹកនាំរុស្ស៊ីចង់សំដៅដល់រឿងរ៉ាវតុលាការអាម៉េរិកចោទប្រកាន់លើលោកដូណាល់ ត្រាំ មកពីបក្សសាធារណរដ្ឋ។
 
ក្នុងពេលរៀបចំការបោះឆ្នោតនេះ ក្រុមអ្នកប្រឆាំងក៏បានបាតុកម្មនៅតាមមណ្ឌលបោះឆ្នោតដែរ ដើម្បីបង្ហាញពីការមិនពេញចិត្តលើប្រព័ន្ធបោះឆ្នោត ក្រោយមរណភាពរបស់លោក   Alexei Navalny។ ទាក់ទិននឹងបាតុកម្មនេះ រុស្ស៊ីបានចាប់ខ្លួនមនុស្សជាច្រើននាក់។ តាមទិន្នន័យ OVD-Info ដែលជាក្រុមឃ្លាំមើលការបង្រ្កាបនៅរុស្ស៊ី មនុស្សយ៉ាងហោចណាស់ ៧៤នាក់ ត្រូវបានចាប់ខ្លួននៅក្នុងថ្ងៃទី១៧ ខែមីនា ដែលជាថ្ងៃចុងក្រោយនៃការបោះឆ្នោត។
 
លោកពូទីន នឹងអាចកាន់តំណែងរហូតដល់ឆ្នាំ២០៣០។ ប្រសិនបើ អាចគ្រប់គ្រងប្រទេសរហូតដល់បញ្ចប់អាណត្តិក្រោយបានមែន មេដឹកនាំដ៏មានឥទ្ធិពលរូបនេះ នឹងកាន់អំណាចយូរជាងគេបំផុតនៅរុស្ស៊ី ក្នុងរយៈពេល ២០០ឆ្នាំចុងក្រោយ ពោលគឺវែងជាងលោក Josef Stalin ដែលជាអតីតមេដឹកនាំសហភាពសូវៀតទៅទៀត។ លោក Stalin ធ្វើជាមេដឹកនាំសហភាពសូវៀតពីឆ្នាំ១៩២៩ ដល់ឆ្នាំ១៩៥៣៕ 

Tag:
 រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com