អន្តរជាតិ
កូរ៉េខាងជើងបាញ់មីស៊ីលជាច្រើនគ្រាប់ ក្នុងថ្ងៃប្រមុខការទូតអាម៉េរិកទៅដល់កូរ៉េខាងត្បូង
18, Mar 2024 , 2:30 pm        
រូបភាព
រូបភាព KCNA
រូបភាព KCNA
កូរ៉េខាងជើង នៅថ្ងៃទី១៨ ខែមីនា បានបាញ់មីស៊ីលបាលីស្ទីកចម្ងាយខ្លីទៅក្នុងសមុទ្រខាងកើតជាច្រើនគ្រាប់។ នេះបើតាមការបញ្ជាក់របស់យោធាកូរ៉េខាងត្បូង។ ការបង្ហាញសាច់ដុំរបស់ក្រុងព្យុងយ៉ាង ធ្វើឡើងក្នុងថ្ងៃលោកអាន់តូនី ប្លីងខិន រដ្ឋមន្រ្តីការបរទេសអាម៉េរិក ទៅដល់កូរ៉េខាងត្បូង ដើម្បីចូលរួមកិច្ចប្រជុំប្រជាធិបតេយ្យ។

 
នៅចន្លោះម៉ោង ៧ និង៤៤នាទីព្រឹក ដល់ម៉ោង៨ និង២២នាទីព្រឹក (ម៉ោងនៅកូរ៉េខាងត្បូង) នៅថ្ងៃទី១៨ ខែមីនា កូរ៉េខាងជើង បានបាញ់មីស៊ីលជាច្រើនគ្រាប់ទៅក្នុងសមុទ្រខាងកើត ដោយហោះបានប្រមាណ ៣០០គីឡូម៉ែត្រ។ 
 
«កូរ៉េខាងជើង បានបាញ់មីស៊ីលយ៉ាងហោចណាស់ ៣គ្រាប់ ហើយគន្លងរបស់គ្រាប់មីស៊ីលគឺស្រដៀងនឹងមីស៊ីល KN-24»។ អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង (JCS) បានបញ្ជាក់បែបនេះ។ មីស៊ីល KN-24 ដែលមានទម្ងន់ប្រមាណ ៤០០ទៅ៥០០គីឡូក្រាម ត្រូវបានប្រើដោយឥន្ធនៈរាវ និងអាចហោះបានដល់ ៤១០គីឡូម៉ែត្រ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap។ 
 
ទន្ទឹមនឹងការចែករំលែកព័ត៌មានជាមួយសម្ព័ន្ធត្រីភាគីអាម៉េរិក និងជប៉ុន កូរ៉េខាងត្បូង ក៏បានរិះគន់កូរ៉េខាងជើងផងដែរ ដែលនៅតែបន្តបង្កអរិភាព និងគំរាមដល់សន្តិភាព និងស្ថិរភាពលើឧបទ្វីបកូរ៉េ។ 
 
ការបាញ់មីស៊ីលខាងលើ ធ្វើឡើងក្រោយពេលយោធាកូរ៉េខាងត្បូង និងអាម៉េរិកទើបតែបញ្ចប់ការអនុវត្តសមយុទ្ធប្រចាំឆ្នាំ Freedom Shield បានប៉ុន្មានថ្ងៃ និងក្នុងថ្ងៃលោក អាន់តូនី ប្លីងខិន រដ្ឋមន្រ្តីការបរទេសអាម៉េរិក ទៅដល់កូរ៉េខាងត្បូង ដើម្បីចូលរួមកិច្ចប្រជុំប្រជាធិបតេយ្យ ជាមួយបណ្តាប្រទេសជាច្រើនផ្សេងទៀត។ 
 
នៅចំពោះមុខរដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង និងអ្នកចូលរួមក្នុងកិច្ចប្រជុំប្រជាធិបតេយ្យលើកទី៣នេះ លោកប្លីងខិន បានលើកឡើងពីការដើរថយក្រោយនៃប្រជាធិបតេយ្យ ចាប់តាំងពីបញ្ចប់សង្រ្គាមត្រជាក់។ បើតាមលោកប្លីងខិន នៅតំបន់ជាច្រើន សេរីភាព និងសិទ្ធបោះឆ្នោត ត្រូវបានបំផ្លាញ និងរងការវាយប្រហារ ខណៈអំពើពុករលួយ បានបំផ្លាញក្តីសង្ឃឹមជាច្រើន។ 
 
ទាក់ទិននឹងបញ្ហានេះ ប្រមុខការទូតអាម៉េរិក បានប្តេជ្ញាជាមួយបណ្តាប្រទេសជាច្រើនទៀត ដើម្បីដាក់ចេញវិធានការជាក់លាក់ ក្នុងការពង្រឹងប្រជាធិបតេយ្យ និងដោះស្រាយបញ្ហាគំរាមរួមគ្នា៕
 

Tag:
 អាម៉េរិក
  កូរ៉េខាងជើង
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com