ជាតិ
សេដ្ឋកិច្ច
តើកម្ពុជាឈរទីតាំងណានៅក្នុងសន្ទស្សន៍ឱកាសវិនិយោគសកល ?
18, Mar 2024 , 6:59 pm        
រូបភាព
ដាណឺម៉ាកត្រូវចាត់ទុកថាជាគោលដៅទាក់ទាញបំផុតសម្រាប់អ្នកវិនិយោគពិភពលោកនៅឆ្នាំ២០២៤។ ក្នុង​ចំណោម​ប្រទេស​ដែល​មាន​សេដ្ឋកិច្ចកំពុង​រីក​ចម្រើន និង​កំពុង​អភិវឌ្ឍន៍​នៅ​អាស៊ី កម្ពុជា​ស្ថិត​ក្នុង​លំដាប់​កំពូល​ទាំង១០។ នេះបើតាមរបាយការណ៍របស់វិទ្យាស្ថាន Milken ។

 
យោងតាមរបាយការណ៍សន្ទស្សន៍ឱកាសវិនិយោគសកលឆ្នាំ២០២៤ (GOI) ដោយវិទ្យាស្ថាន Milken ក្នុងចំណោមគោលដៅទាក់ទាញអ្នកវិនិយោគកំពូលទាំង៥ មានប្រទេសដល់ទៅ៤ នៅអឺរ៉ុប។ ក្នុងចំណោមប្រទេសកំពុងរីកចម្រើន និងកំពុងអភិវឌ្ឍន៍កំពូលទាំង១០ នៅអាស៊ីរួមមាន ម៉ាឡេស៊ី (២៧), ថៃ (៣៧), ចិន (៣៩), ឥណ្ឌូណេស៊ី (៥៥), វៀតណាម (៦៥), ឥណ្ឌា (៧២), ម៉ុងហ្គោលី (៧៨), ស្រីលង្កា (៨២), ហ្វីលីពីន (៩១) និងកម្ពុជាឈរនៅលំដាប់លេខ ៩៣ក្នុងចំណោមប្រទេស និងដែនដីទាំង១៣០។ 
 
វិទ្យាស្ថាន Milken ជាអង្គការស្រាវជ្រាវដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ា អាម៉េរិក។ ការធ្វើចំណាត់ថ្នាក់របស់ Milken ផ្អែកលើការវាយតម្លៃកត្តា​ចំនួន៥ ដែលជះឥទ្ធិពលដល់ការទាក់ទាញវិនិយោគពីក្រៅប្រទេសរួមមាន ការយល់ដឹងអំពីអាជីវកម្ម,  មូលដ្ឋានសេដ្ឋកិច្ច, សេវាកម្មហិរញ្ញវត្ថុ, ក្របខ័ណ្ឌស្ថាប័ន, ស្តង់ដារអន្តរជាតិ និងគោលនយោបាយ។ ចំណាត់ថ្នាក់របស់ Milken បានវាយតម្លៃលើប្រទេស និងដែនដីចំនួន ១៣០ជុំវិញពិភពលោក។
 
កម្ពុជាជាប់ចំណាត់ថ្នាក់ទី៩៣ ជុំវិញការទាក់ទាញវិនិយោគពីក្រៅប្រទេស។ ក្នុងនោះកម្ពុជាទទួលចំណាត់ថ្នាក់ពុំសូវល្អជុំវិញការយល់ដឹងពីអាជីវកម្មឈរនៅលំដាប់ ១១៩ ខណៈក្របខ័ណ្ឌស្ថាប័នក្នុងការការពារក្រុមហ៊ុនស្ថិតនៅលេខ ១០៦។ យ៉ាងណាមិញ ប្រទេសនេះមានភាពល្អលើមូលដ្ឋានសេដ្ឋកិច្ចឈរនៅលេខ ៥៩, ការផ្តល់សេវាកម្មហិញ្ញវត្ថុនៅលេខរៀងទី៧៨ និងស្តង់ដារអន្តរជាតិជាមួយគោលនយោបាយស្ថិតនៅទីតាំង ៨៩ ក្នុងចំណោម១៣០ប្រទេស។  
 

ប្រទេសកំពុងអភិវឌ្ឍដែលទាក់ទាញអ្នកវិនយោគទាំង ១០នៅអាស៊ី ។ រូបភាព ៖ Milken 

ក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើន និងកំពុងអភិវឌ្ឍនៅអាស៊ី ម៉ាឡេស៊ីសម្រេចបានចំណាត់ថ្នាក់ខ្ពស់បំផុត។ ម៉ាឡេស៊ីឈរនៅចំណាត់ថ្នាក់ទី២៧ បើធៀបពិភពលោក។ ប្រទេសនេះមានលក្ខខណ្ឌនៃការវិនិយោគល្អបំផុតក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើន និងកំពុងអភិវឌ្ឍន៍ទាំងអស់នៅក្នុងពិភពលោក ហើយជាប់ចំណាត់ថ្នាក់ល្អនៅក្នុងពិភពលោក។ 
 
យោងតាមកាសែត New York Times បច្ចុប្បន្នម៉ាឡេស៊ីជាអ្នកនាំចេញបន្ទះឈីបធំជាងគេទី៦ នៅលើពិភពលោក ហើយបានរួមចំណែក ២៣ភាគរយនៃបន្ទះឈីបទាំងអស់ដែលផលិតដោយក្រុមហ៊ុនអាម៉េរិក។
 
ចិនដែលជាមហាអំណាចសេដ្ឋកិច្ចទី២ របស់ពិភពលោកគឺស្ថិតនៅលំដាប់ទី៣៩។ «ចិនមានចំនួនជាងពាក់កណ្តាលនៃទុនវិនិយោគសរុបដែលហូរចូលទៅក្នុងប្រទេសកំពុងរីកចម្រើន និងសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍នៅអាស៊ីក្នុងអំឡុងឆ្នាំ ២០១៨​-២០២២ ហើយការទាក់ទាញវិនិយោគរបស់ប្រទេសនេះបានថយចុះនាពេលថ្មីៗ ដែលអាចបណ្តាលមកពីភាពតានតឹងភូមិសាស្ត្រនយោបាយចិន និងអាមេរិកកើនឡើន»។ នេះបើតាមលោកស្រី Maggie Switek នាយកជាន់ខ្ពស់របស់ Milken បានប្រាប់ទូរទស្សន៍ CNBC។
 
ប្រទេសទាក់ទាញវិនិយោគកំពូលទាំង២០ ។ រូបភាព ៖ Milken 

ទន្ទឹមនេះនៅអាស៊ី សិង្ហបុរីជាប្រទេសដែលមានសេដ្ឋកិច្ចធំទាក់ទាញអ្នកវិនិយោគច្រើន ធ្វើឲ្យប្រទេសនេះឈរនៅតំណែងទី១៤ ទូទាំងពិភពលោក។ ហុងកុង និងជប៉ុនកាន់កាប់តំណែង១៥ និង១៦ ទូទាំងពិភពលោក និងឈរនៅលំដាប់ទី២ និងទី៣រៀងគ្នានៅក្នុងតំបន់។
 
ប្រទេសកំពូលទាំង៥ ដែលវិនិយោគិនចាត់ទុកថាជាគោលដៅទាក់ទាញបំផុតនៅលើពិភពលោកនាពេលបច្ចុប្បន្នរួមមាន ដាណឺម៉ាក ស៊ុយអែត ហ្វាំងឡង់ អាម៉េរិក និងអង់គ្លេស។ នេះបើតាមរបាយការណ៍ GOI របស់វិទ្យាស្ថាន Milken ចេញផ្សាយនៅថ្ងៃទី៥ ខែមីនា។ 
 
ដាណឺម៉ាកជាប់ចំណាត់ថ្នាក់លេខ១ ដោយទទួលបានពិន្ទុខ្ពស់បំផុតនៅក្នុងលក្ខណៈវិនិច្ឆ័យនៃការយល់ដឹងអំពីអាជីវកម្ម ដែលជារង្វាស់នៃភាពងាយស្រួលនៃការធ្វើអាជីវកម្មនៅក្នុងប្រទេសមួយ និងបច្ចេកទេសវាយតម្លៃមួយចំនួនទៀត។
 
ទន្ទឹមនេះ អាម៉េរិកដែលជាមហាអំណាចសេដ្ឋកិច្ចធំជាងគេលើពិភពលោកជាប់ចំណាត់ថ្នាក់ទី៤ ។ ប្រទេសនេះបានផ្តល់នូវការការពារស្ថាប័ន និងផ្តល់សិទ្ធឲ្យក្រុមហ៊ុនពេញលេញក្នុងការធ្វើអាជីវកម្ម។ អាម៉េរិក ក៏ផ្តល់ភាពងាយស្រួលដល់ក្រុមហ៊ុនចំពោះលទ្ធភាពទទួលបានហិរញ្ញវត្ថុដែរ៕ 

Tag:
 វិនិយោគ
  កម្ពុជា
  Milken
© រក្សាសិទ្ធិដោយ thmeythmey.com