RFI
អន្តរជាតិ
កង​ទ័ព​​ជើង​ទឹក​​​ឥណ្ឌា​សង្រ្គោះ​កប៉ាល់​១​ពីចោរ​សមុទ្រ​សូម៉ាលី​ ក្រោយ​​តាម​​ដាន​​អស់​​ជា​ច្រើន​​ខែ
18, Mar 2024 , 4:14 pm        
រូបភាព
កងទ័ពជើងទឹកឥណ្ឌាសង្រ្គោះកប៉ាល់១ពីចោរសមុទ្រសូម៉ាលី ក្រោយតាមដានអស់ជាច្រើនខែ។ via REUTERS
កងទ័ពជើងទឹកឥណ្ឌាសង្រ្គោះកប៉ាល់១ពីចោរសមុទ្រសូម៉ាលី ក្រោយតាមដានអស់ជាច្រើនខែ។ via REUTERS
ដោយ៖ហេង ឧត្តម/RFI ខេមរភាសា
 
ទីបញ្ជាការ​កងទ័ព​ជើងទឹក​​ឥណ្ឌា ​ប្រកាស​ថា បានជួយ​សង្គ្រោះកប៉ាល់​ដឹកទំនិញ​១គ្រឿង​ពី​កណ្តាប់​ដៃ​ក្រុម​ចោរសមុទ្រ​សូម៉ាលី ហើយ​និងបានរំដោះអ្នក​បើកកប៉ាល់​និង​ក្រុម​បុគ្គលិក​នៅលើកប៉ាល់​នោះ ប្រកប​ដោយ​សុវត្ថិភាព។ ប្រទេស​ប៊ុលហ្ការី ដែល​មាន​ជនជាតិខ្លួន​ច្រើន​​នៅលើកប៉ាល់នោះ បាន​ថ្លែង​អំណរ​គុណ​ឥណ្ឌា និង​បាន​ចាត់ទុកថា ជា​ជោគជ័យ​មួយ​ដ៏ធំ​សម្រាប់​សហគម​ឈ្មួញ​ផ្លូវ​សមុទ្រ​។

​ ​
កប៉ាល់​ MV Ruen ជា​របស់​ក្រុមហ៊ុន​ប៊ុលហ្ការី ដឹកគ្រឿង​លោហៈ​ដែក តម្រង់​ឆ្ពោះ​ទៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​។ កប៉ាល់​នេះ ត្រូវ​ក្រុម​ចោរសមុទ្រ​សូម៉ាលី លួច​ឆ្មក់​វាយ​ដណ្តើម​​​យក​ នៅពាក់កណ្តាល​ខែ​ធ្នូ ឆ្នាំ២០២៣ ត្រង់​​ចំណុច​ក្បែរ​កោះ​យេម៉ែន​ ប្រហែល​៧០០គីឡូម៉ែត្រ ពីកោះ Socotra។ ការ​លួច​បាន​សម្រេច ពីសំណាក់​ពួក​ចោរសមុទ្រ​សូម៉ាលី​ មិន​ធ្លាប់​ប្រទះ​ទេ​ ក្នុងរយៈពេល​ ជាង១ទសវត្សរ៍​ចុងក្រោយ​នេះ។ ក៏​ប៉ុន្តែ ទីបំផុត ត្រូវ​បង្ក្រាប​បាន​ ក្រោម​ដៃឥណ្ឌា។​ ​​ឥណ្ឌា តាមរយៈ​ទីបញ្ជាការ​កងទ័ព​ជើងទឹក បាន​​បញ្ជាក់​ថា ប្រតិបត្តិការ​ស្ទាក់​ចាប់​កប៉ាល់​និងរំដោះចេញ​ពីកណ្តាប់​ដៃ​ចោរសមុទ្រ​សូម៉ាលី​នេះ ធ្វើឡើង​នា​​ចម្ងាយ​​ប្រមាណ​ ២ ៦០០ គីឡូម៉ែត្រ ពី​ឆ្នេរ​​​សមុទ្រ​ឥណ្ឌា​។
 
ប្រតិបត្តិ​ការ​ស្ទាក់​ចាប់ ប្រើពេល​មិន​ដល់​២ថ្ងៃទេ ផ្តើម​ពីថ្ងៃសុក្រ​និង​សម្រេច​រួចរាល់ដោយ​ជោគជ័យ ​នៅ​យប់​​​ថ្ងៃ​សៅរ៍ ទី​១៦មីនា​​ គ្មា​នអ្នក​របួស គ្មា​នអ្ន​កស្លាប់។ ​ដើម្បី​ឈានសម្រេច​បាន​ជោគជ័យ​នេះ ឥណ្ឌាត្រូវ​ចំណាយ​​ពេលវេលា​ជាច្រើនសប្តាហ៍ច្រើន​ខែ​​ដើម្បីសង្កេតតាមដាន​ដំណើរ​ទិស​ដៅ​របស់​​ពួក​ចោរ ​ និង​រៀប​ចំ​​យុទ្ធសាស្ត្រ​​។ ក្នុង​រយៈ​ពេ​លតាមដាននេះ ឥណ្ឌា​ប្រើមធ្យោបាយច្រើន​ តាំងពី​ចុង​ខែ​ធ្នូ​មក ដោយ​បណ្តែត​នាវា​ចម្បាំង​​ដល់ទៅ​ ៣ គ្រឿង​ និង យន្តហោះ​តាមដាន​កំណត់​ទីតាំង​ ព្រមទាំង​ ទូមិន​តិច​ជាង​ ១០ គ្រឿង​ឡើយ នៅសមុទ្រ​អារ៉ាប់ ប៉ែក​ខាង​ជើង និង​ខាងលិច។​ តម្រុយ​ដំបូង​បំផុត ដែល​នាំ​ឲ្យ​ឥណ្ឌា​ដឹងនិងងាយ​តាម​ដាន​​កប៉ាល់នេះ​ ក៏ព្រោះតែ​​ទាហាន​ជើងទឹក​ឥណ្ឌា បាន​ស្រង់​​មនុស្ស​ម្នាក់​របួស ដែល​ត្រូវ​ពួក​ចោរសមុទ្រ ​​បោះ​ទម្លាក់​ចោល​ក្នុងសមុទ្រ។
 
ប្រតិបត្តិ​រយៈ​ពេល​​​៤០ម៉ោង​ ឥណ្ឌា​បាន​ប្រើ​យន្តហោះដ្រូន យន្តហោះ​ប៊ូអ៊ីង​ P81 Poseidon កង​កុម្ម៉ង់​ដូ​ទ័ព​ជើង​ទឹក​ជាច្រើន ហើយ​និង​យន្តហោះ​ចម្បាំង​១ផង។ ទាហានជើងទឹក​​ឥណ្ឌា ​ចាប់​ឃាត់​ខ្លួន​ពួក​ចោរសមុទ្រសូម៉ាលី ចំនួន​៣៥នាក់​។ មាន​ការ​បាញ់​បោះ​គ្នា​ខ្លះដែរ​ តែ​មិន​របួស​ធ្ងន់​ធ្ងរឡើយ ដោយ​ពួក​ចោរ​សម្រេច​ស្មគ្រចិត្ត​ប្រគល់​ខ្លួន​។​ នេះបើតាម​​ទីបញ្ជាការ​កងទ័ព​ជើងទឹក​​ឥណ្ឌា និងដែល​បញ្ជាក់​ទៀត​ថា បាន​រំដោះ​ក្រុម​បុគ្គលិក​នៅលើ​កប៉ាល់​ទាំងអស់​ ១៧ នាក់ ដោយ​សុវត្ថិភាព។ អ្នក​ទាំងនោះ មាន​ជនជាតិ​ប៊ុលហ្ការី ៧នាក់ ជនជាតិ​ភូមា​ ៩នាក់ ហើយ​និង​ អង់គ្លេស ម្នាក់​ដែរ។ ម្ចាស់​កប៉ាល់​​ប៊ុលហ្ការី ​ MV Ruen បាន​ថ្លែង​សរសើរ​និងអរគុណ​ឥណ្ឌា ហើយ​ចាត់ទុកថា ​នេះជាជោគជ័យ​ដ៏ធំ​សម្បើម​ណាស់​សម្រាប់​ក្រុម​ឈ្មួញ​​ផ្លូ​វ​សមុទ្រ​អន្តរជាតិ។​
 
គួរ​ជ្រាបដែរថា ​ក្នុ​ងសប្តាហ៍នេះ​ ឥណ្ឌា​ក៏​បាន​សង្គ្រោះ​កប៉ាល់​ MV Abdullah ពីដៃ​ពួក​ចោរសមុទ្រ និង​បាន​​រំដោះបុគ្គលិក​លើ​កប៉ាល់​ ចំនួន​​២២នាក់។ សកម្មភាព​ចោរ​សមុទ្រ​បាន​កម្រើក​ច្រើន​ ចាប់តាំងពី​ផ្ទុះ​សង្គ្រាម​នៅ​ហ្កាហ្សា ជាង​៥ខែមកនេះ​ ដ្បិតថា ពួក​ឧទ្ទាម​ហ៊ួតទី​ ក៏​បាន​បង្កធ្វើ​ព្យុះ​ធ្វើភ្លៀង​នៅ​សមុទ្រ​ក្រហម​ ដែល​ជាច្រក​ចេញចូល​ដឹកនាំ​ទំនិញ​ដ៏សំខាន់លក្ខណៈ​អន្តរជាតិ​​៕​

© រក្សាសិទ្ធិដោយ thmeythmey.com