RFI
អន្តរជាតិ
ទីភ្នាក់ងាររដ្ឋ KCNA លើកតម្កើងកូនស្រីរបស់មេដឹកនាំកូរ៉េខាងជើងថា ជាឧត្តមមនុស្សនៃមគ្គទេសក៍
18, Mar 2024 , 7:29 pm        
រូបភាព
គីម ជុងអេ កូនស្រីរបស់មេដឹកនាំកូរ៉េខាងជើងតាមដានមើលលំហាត់សឹករបស់កងទ័ពឆ័ត្រយោងនៅថ្ងៃសៅរ៍ទី ១៦មីនា ២០២៤ ។ AFP
គីម ជុងអេ កូនស្រីរបស់មេដឹកនាំកូរ៉េខាងជើងតាមដានមើលលំហាត់សឹករបស់កងទ័ពឆ័ត្រយោងនៅថ្ងៃសៅរ៍ទី ១៦មីនា ២០២៤ ។ AFP
ដោយ៖ឈាង បុប្ផា/RFI ខេមរភាសា
 
បន្ទាប់ពីចេញមុខ​ជា​ញឹកញាប់​នៅក្នុងកម្មវិធីធំៗជាមួយ​ឪពុក ដូចជា​នៅ​ក្នុង​កម្មវិធីព្យុហយាត្រាកងទ័ព ឬ​នៅពេលបាញ់មីស៊ីល​បាលីស្ទិកជាដើម កូនស្រី​របស់​មេដឹកនាំ​កូរ៉េខាងជើង​ទើប​ត្រូវ​បាន​កាសែត​រដ្ឋKCNAប្រើពាក្យពិសេស​ដែល​គេលឺប្រើសម្រាប់តែ​អ្នកដឹកនាំនយោបាយជាន់ខ្ពស់​នៅ​កូរ៉េខាងជើង។ នៅក្នុង​ដំណើរអមលោកគីមជុងអ៊ុនជាឪពុក ទៅកន្លែងដាំបន្លែ​កាលពីថ្ងៃ​សៅរ៍ កូនស្រី​របស់​មេដឹកនាំកូរ៉េខាងជើង​ត្រូវ​អ្នកអានព័ត៌មាន​របស់​ទីភ្នាក់ងារព័ត៌មានKCNA​លើកតម្កើងជា​ឧត្តមមនុស្សនៃ​មគ្គទេសក៍។ សម្រាប់អ្នកជំនាញ ពាក្យពិសេសជា​សញ្ញាពន្លយឲ្យដឹងថា កូនស្រីរបស់គីម ជុងអ៊ុន​ជា​អនាគតមេដឹកនាំកូរ៉េខាងជើង ស្នងតំណែងពីឪពុក លោកគីម ជុងអ៊ុន។

 
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ​KCNAបង្ហាញមុខកូនស្រី​របស់​មេដឹកនាំកូរ៉េខាងជើង​ទៅកាន់ពិភពលោក​ លើកដំបូង នៅចុង​ឆ្នាំ ២០២២ នៅពេល​នាង​អមដំណើរឪពុក គឺ​លោកគីម ជុងអ៊ុន ចូលរួមតាមដានការបាញ់សាកល្បងមីស៊ីលបាលីស្ទិកអន្តរទ្វីប។ ចាប់តាំងពីពេលនោះមក ក្មេងស្រីមុខមូលក្រឡង់តែងបង្ហាញវត្តមានដើរជាប់លោកគីម ជុងអ៊ុន​នៅ​ជួរមុខគេ​នៅក្នុង​កម្មវិធីធំជាច្រើន ដូចជា​ពិធីព្យុហយាត្រា ដង្ហែរក្បួនកងទ័ព ​កម្មវិធីជួបជុំជាមួយ​មេទ័ព ឬកម្មវិធីសម្ពោធសំណង់ស៊ីវិល​ជាដើម។ គេ​វាយតម្លៃថា គិតចាប់តាំងពី​ចុងឆ្នាំ ២០២២ កូនស្រី​របស់គីម ជុងអ៊ុន ដែល​ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់​កូរ៉េខាងត្បូង​ដឹងថា មាន​ឈ្មោះ គីម ជូអេ បាន​បង្ហាញ​មុខ​នៅទីសាធារណៈ ក្បែរឪពុក​ដល់ទៅ​១៦ដង ដែលនៅក្នុងនោះ ១៤ដង​ក្នុងកម្មវិធីបង្ហាញ​សព្វាវុធ ឬ​ការបាញ់សាកល្បង​មីស៊ីលបាលិស្ទីក។
 
គ្រាន់តែ​ជា​លេចមុខឈរក្បែរ កាន់ដៃស្និទ្ធស្នាលជាមួយឪពុក ប៉ុន្តែ មិនដែល​​ទទួលបាន​ការហៅឈ្មោះអ្វីនោះទេ។
 
ទើបនៅថ្ងៃសៅរ៍ទី ១៦ មីនា នៅក្នុងពេល​ចុះ​ទៅត្រួតពិនិត្យកន្លែងដាំបន្លែ អ្នកអត្ថាធិប្បាយ​របស់​ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ​​​​KCNAបាន​ប្រើពាក្យហៅពិសេសសំដៅ​​កូនស្រីរបស់​លោកគីម ជុងអ៊ុន ដោយថា ឧត្តមមនុស្សនៃ​មគ្គទេសក៍ គឺ​លោក​គីម ជុងអ៊ុន និង​កូនស្រី​របស់​លោក កំពុងអមដំណើរដោយ​កម្មាភិបាល​របស់​បក្ស​ រដ្ឋាភិបាល និង​កងទ័ពដើម្បីចុះត្រួតមើល​កសិដ្ឋាន។
 
រូបភាពរបស់​ទីភ្នាក់ងារព័ត៌មាន​KCNAនៅបានបង្ហាញ​កូនស្រី​របស់​លោកគីម ជុងអ៊ុន​កាន់កែវយឺតឆ្លុះមើល​សកម្មភាពធ្វើសមយុទ្ធរបស់​ទាហានឆ័ត្រយោង​ ដែលកូរ៉េខាងជើង​រៀបចំឡើង​ដើម្បីឆ្លើយតប​នឹង​លំហាត់សឹក​របស់កងទ័ពជើងអាកាស​អាមេរិក និងកូរ៉េខាងត្បូងនាពេលថ្មីៗនេះ។
 
សម្រាប់អ្នកវិភាគ នេះជាលើកទី១ ដែល​គេ​បានលឺ​ប្រព័ន្ធផ្សព្វផ្សាយ​រដ្ឋកូរ៉េខាងជើង​ប្រើពាក្យ Hyangdo  ​សម្រាប់សំដៅកូនស្រី​របស់មេដឹកនាំ​កូរ៉េខាងជើង។ នៅរបបកុម្មុយនិស្ត​កូរ៉េខាងជើង ពាក្យ Hyangdo ឆាំងតូ ដែលមានន័យថា មគ្គទេសក៍​រមែងត្រូវគេប្រើ​សម្រាប់​សំគាល់​ថ្នាក់ដឹកនាំកំពូល ឬ​អ្នកស្នងតំណែងតែប៉ុណ្ណោះ។ លោក​ចឹង សឹងចាង ប្រធានមជ្ឈមណ្ឌល​សម្រាប់​យុទ្ធសាស្រ្ត​ឧបទ្វីបកូរ៉េ​នៃ​វិទ្យាសាស្រ្ត​សេអ៊ូល​បាន​មានប្រសាសន៍ថា ការដែលកាសែតរដ្ឋកូរ៉េខាងជើង​និយាយ​​លើកតម្កើង គីម ជូអេ ដែលមានអាយុ​ប្រមាណ ១២ ឬ​១៣ឆ្នាំ ឲ្យដល់​ឋានៈមួយដ៏ខ្ពង់ខ្ពស់បែបនេះ ជា​ការសបញ្ជាក់ថា កូនស្រីសំណព្វ​របស់​គីម ជុងអ៊ុន​នឹង​បន្ត​តំណែង​ពីឪពុក ដឹកនាំ​កូរ៉េខាងជើង​នៅ​ថ្ងៃខាងមុខ។
 
ជា​ចៅប្រុស​របស់​ស្ថាបនិកកូរ៉េខាងជើង គឺ សេនាប្រមុខគីម អ៊ីលស៊ុង គីម ជុងអ៊ុន​ដែលជា​កូនម្នាក់​របស់​លោកគីម ជុងអ៊ីលបាន​ចូលដឹកនាំកូរ៉េខាងជើង បន្តពី​ឪពុក​ដែល​ស្លាប់ដោយសារ​ជំងឺគាំងបេះដូង។ នៅ​ឆ្នាំ ២០០៩ គីម ជុងអ៊ុន​បាន​រៀបអាពាហ៍ពិពាហ៍ជាមួយ រី សុលជូ។ តាម​ចារកិច្ច​កូរ៉េខាងត្បូង មេដឹកនាំ​កូរ៉េខាងជើង​មាន​កូនប្រុស​ម្នាក់​ កើតនៅ​ឆ្នាំ​២០១០ ចំណែក កូនស្រីគីម ជូអេជា​កូនទី២។ ប៉ុន្តែ នៅ​ឆ្នាំមុន រដ្ឋមន្រ្តីក្រសួងបង្រួបបង្រួមកូរ៉េ នៅទីក្រុងសេអ៊ូល​អះអាងថា រដ្ឋាភិបាលមិនច្បាស់ទេថា មេដឹកនាំកូរ៉េខាងជើង​មាន​កូនប្រុស។
 
ដោយពិតទៅ នៅមុន​ការបង្ហាញមុខ​ជា​សាធារណៈ​របស់​កូនស្រី​របស់​មេដឹកនាំ​កូរ៉េខាងជើង នៅ​ឆ្នាំ ២០២២ ពិភពលោក​បាន​ដឹងខ្លះៗថា គីម ជុងអ៊ុន​មាន​កូនស្រី នៅពេល​កីឡាករបាល់បោះអាមេរិក លោកDennis Rodman​ ដែលជា​មិត្តជិតស្និទ្ធនឹង​លោក គីម ជុងអ៊ុន និយាយ​ប្រាប់​កាសែត​អាមេរិក​ថា លោក​បានឃើញកូនស្រីរបស់​មេដឹកនាំកូរ៉េខាងជើង នៅពេល​លោកត្រូវអញ្ជើញ​ឲ្យទៅលេងលោក​គីម ជុងអ៊ុន​នៅ​ព្យុងយ៉ាង​នៅ​ឆ្នាំ ២០១៣។
 
ចង់ ឬ​មិន​ចង់ ការបង្ហាញ​វត្តមាន​កូនស្រី និង​ការប្រើពាក្យ​គោរព​ខ្ពង់ខ្ពស់​សំដៅ​កូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង ជា​សារមួយ​របស់​កូរ៉េខាងជើង ដែលចង់បញ្ជាក់​យ៉ាងច្បាស់ថា របបព្យុងយ៉ាងបន្ត​ពង្រឹងអំណាចនយោបាយ​វង្សត្រកូលគីម ដែលនឹងនៅ​ស្ថិតស្ថេរជាដរាបដោយ​មានការការពារពីមីស៊ីលបាលិស្ទីក និងអាវុធនុយក្លេអ៊ែរ៕

© រក្សាសិទ្ធិដោយ thmeythmey.com