អន្តរជាតិ
ពលករខ្មែរ អាចត្រលប់ទៅថៃក្រោយចូលឆ្នាំថ្មីដោយមិនបាច់បង់លុយឡើយ
19, Mar 2024 , 7:59 am        
រូបភាព
លោកសេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ។ រូបភាព Twitter_Srettha Thavisin
លោកសេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ។ រូបភាព Twitter_Srettha Thavisin
ក្រសួងការងារថៃ នៅថ្ងៃទី១៦ ខែមីនា បានអះអាងថា ពលករកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា អាចត្រលប់ទៅថៃធ្វើការវិញ ក្រោយចប់ពិធីចូលឆ្នាំប្រពៃណី ដោយមិនតម្រូវឱ្យមានការបង់ប្រាក់សម្រាប់ការអនុញ្ញាតចូលវិញ (Re-entry permit) ដោយផ្តើមពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី១៥ ខែឧសភា។ យ៉ាងណាមិញ ការលើកចោលការបង់ប្រាក់សម្រាប់ការអនុញ្ញាតចូលវិញ ត្រូវរង់ចាំការផ្តល់ភ្លើងបៃតងពីគណៈរដ្ឋមន្រ្តីថៃជាមុនសិន។

 
ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែមេសា ថៃនឹងរៀបចំពិធីបុណ្យសង្រ្កាន្តពិភពលោករយៈពេល ២១ថ្ងៃនៅទូទាំងប្រទេស ដើម្បីអបអរការដាក់បញ្ជូលសង្រ្កាន្តទៅក្នុងបញ្ជីបេតិកភណ្ឌរបស់អង្គការយូណេស្កូ។ ចំណែកពិធីចូលឆ្នាំប្រពៃណី ថៃបានយកថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែមេសា។ ឡាវ កម្ពុជា និងមីយ៉ាន់ម៉ា ដែលមានពិធីបុណ្យចូលឆ្នាំ ក៏រៀបពិធីអំឡុងពេលនេះដែរ។
 
ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការចំណាយរបស់ពលករនៃប្រទេសជិតខាងដូចជាកម្ពុជា​ ឡាវ និងមីយ៉ានម៉ាដែលជាកម្លាំងសំខាន់ក្នុងសេដ្ឋកិច្ចថៃ អ្នកនាំពាក្យរងរបស់ក្រសួងការងារថៃ លោក Karom Phonphonklang បានអះអាងថា ថៃអាចលុបចោលការបង់ប្រាក់សម្រាប់ការអនុញ្ញាតចូលវិញចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី១៥ ខែឧសភា។ 
 
យ៉ាងណាមិញ ការលុបចោលនេះ ត្រូវរង់ចាំការអនុម័តពីគណៈរដ្ឋមន្រ្តីថៃជាមុនសិន ហើយនឹងជូននដំណឹងទៅពលករនៅពេលក្រោយ។ 
 
ចំណែកការលើកចោលការអនុញ្ញាតចូលវិញខាងលើ ធ្វើឡើងសម្រាប់ពលករកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ដែលកាន់លិខិតឆ្លងដែនជាមួយទិដ្ឋាការប្រភេទ non-L-A ប៉ុណ្ណោះ ដោយសារវាមានសុពលភាពលើសពីថ្ងៃទី១៥ ខែឧសភា។ ចំណែកកូនៗក្រោមអាយុ១៨ឆ្នាំរបស់ពលករ ដែលកាន់លិខិតឆ្លងដែនប្រភេទនេះ ក៏ត្រូវបានអនុវត្តផងដែរ។ 
 
តាមការពន្យល់អ្នកនាំពាក្យរងរបស់ក្រសួងការងារថៃពលករ ដែលចូលក្រោយថ្ងៃ១៥ ខែឧសភា ត្រូវការបោះត្រាដូចធម្មតា៕

Tag:
 ខែ្មរ
  ថៃ
  ឡាវ
  មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com