ជាតិ
សេដ្ឋកិច្ច
កម្ពុជា សងបំណុលក្រៅប្រទេសបានជិត៥០០លានដុល្លារ ក្នុងឆ្នាំ២០២៣
18, Mar 2024 , 5:59 pm        
រូបភាព
លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ រូបថត៖ MEF
លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ រូបថត៖ MEF
កម្ពុជា ​បានបញ្ចេញ​ប្រាក់​អស់ជិត៥២០​លាន​ដុល្លារ ដើម្បី​​ទូទាត់លើ​សេវា​បំណុល​របស់ខ្លួន ​ ​ក្នុង​ឆ្នាំ​២០២៣  ក្នុងនោះ ការទូទាត់បំណុលក្រៅប្រទេសមានប្រមាណ ៤៩៥,២៦លានដុល្លារ។ នេះ​បើ​យោងតាម​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។

 
ឯកសារ​ព្រឹត្តិបត្រ​ស្ថិតិ​បំណុល​សាធារណៈ​កម្ពុជា​ (Cambodia Public Debt Statistical Bulletin)​ របស​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែលចេញផ្សាយនាពាក់កណ្តាលខែមីនានេះបានបង្ហាញថា ក្នុងឆ្នាំ២០២៣ ​រដ្ឋាភិបាលទូទាត់សេវាបំណុលរបស់ខ្លួនបានចំនួន ៥១៩,៧០លានដុល្លារ។​ 
 
ក្នុងចំណោមទំហំទឹកប្រាក់ទាំងនេះ គឺមាន៤៩៥,២៦លានដុល្លារ​ កម្ពុជាបានសងទៅម្ចាស់បំណុលនៅក្រៅប្រទេស។​ ឯកសារដដែលបានបញ្ជាក់ថា ក្នុងនោះមានប្រាក់ដើម៣៧៩,៦៧លានដុល្លារ និងប្រាក់ការរួមនឹងកម្រៃផ្សេងៗមាន១១៥,៦០លានដុល្លារ។ ជាមួយគ្នានេះ រដ្ឋាភិបាលក៏បានទូទាត់ឱ្យម្ចាស់បំណុលក្នុងស្រុកបានប្រមាណ ២៤,៤៤លានដុល្លារ ផងដែរ ដោយនៅក្នុងនោះ ប្រាក់ដើមមាន២៣,២៩លានដុល្លារ និងការប្រាក់មាន១,១៥លានដុល្លារ។ 
 
ប្រាក់​ដែល​រដ្ឋាភិបាល​បានសងគេក្នុង​ឆ្នាំ ​២០២៣ គឺ​កើន១២​ភាគរយ​ បើ​ធៀប​នឹង​ឆ្នាំ​ ២០២២​។​
 
ទន្ទឹមនឹង​ការទូទាត់​សេវា​បំណុល​ខាងលើនេះ រដ្ឋាភិបាល​ក៏បាន​ចុះ​កិច្ចព្រមព្រៀងលើ​ឥណទាន​សម្បទាន​ថ្មី​ជាមួយ​ដៃគូ​អភិ​វ​ឌ្ឍ​នានា​ដែលមានទំហំទឹកប្រាក់១,៨១​ពាន់​លាន​ដុល្លារ​ សមមូល ១ ៣៣៩,២២ ​លាន​អេស​ដេ​អ៊ែ ​ស្មើ​ប្រមាណ ៧៩​ភាគរយ​នៃ​ពិតាន​ដែល​ច្បាប់​អនុ​ញ្ញាត​ (១ ៧០០ ​លាន​អេស​ដេ​អ៊ែ​)។ ក្នុងនោះកម្ចី​ក្របខ័ណ្ឌ​ទ្វេភាគីមាន​ប្រមាណ ៥៧​ភាគរយ និង​ក្របខ័ណ្ឌ​ពហុភាគី មាន​ប្រមាណ ៤៣ ​ភាគរយ​។ ​ការចុះ​កិច្ចព្រមព្រៀង​ឥណទាន​ស​ម្ប​ទាន​ថ្មី​ក្នុង​ឆ្នាំ​២០២៣កន្លងមកនេះ បាន​ថយចុះ​ប្រមាណ ១៦ ភាគរយ​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ កាល​ឆ្នាំ ​២០២២។
 
​ក្រសួងសេដ្ឋកិច្ចបាន​បញ្ជាក់ថា​៖ «​ឥណទាន​ទាំងនេះ​សុទ្ធសឹង​ជា​ឥណទាន​មាន​កម្រិត​សម្បទាន​ខ្ពស់ ដោយមាន​ធាតុ​អំណោយ​ជា​មធ្យម​ប្រមាណ ៤៥​ ភាគ​រយ​។ គោលដៅ​ការចុះ​កិច្ចព្រមព្រៀង​ឥណទាន​ថ្មី​ទាំងនេះ ​គឺ​សម្រាប់​បំពេញតម្រូវការ​ហិរញ្ញប្បទាន​ក្នុង​វិស័យ​អាទិ​ភាព​របស់​រាជរដ្ឋាភិបាល ​ដើម្បី​សំដៅ​រួមចំណែក​ទ្រទ្រង់​ចីរភាព​នៃ​កំណើន​រយៈពេល​វែង និង​បង្កើត​ផលិតភាព​សេដ្ឋកិច្ច ឬ​ផលិតភាព​ផលិតកម្ម​»​។​
 
 តែយ៉ាងណាមិញ ទំហំកម្ចីនេះ​បានធ្វើឱ្យសន្និធិបំណុលសាធារណៈរបស់កម្ពុជា កើនដល់ជាង១១,២៤ពាន់លានដុល្លារ គិតត្រឹមដំណាច់ឆ្នាំ២០២៣។ ក្នុង​នោះមាន១១,១៩​ពាន់​លាន​ដុល្លារ(ស្មើនឹង៩៩,៥​ ភាគរយ)​ជា​បំណុល​​ក្រៅប្រទេស ​(​ក្របខ័ណ្ឌ​ទ្វេភាគី​ប្រមាណ៦៤​ភាគរយ និង​ក្របខ័ណ្ឌ​ពហុភាគី ៣៦​ ភាគរយ​)​។ រីឯ ៥២,៣៩​លាន​ដុល្លារទៀត(០,៥​ភាគរយ) ជា​បំណុល​សាធារណៈ​ក្នុងប្រទេស​។​
 
បើតាមក្រសួង​សេដ្ឋកិច្ច ស្ថានភាព​បំណុល​សា​ធា​រណៈ​បច្ចុប្បន្ន​របស់​កម្ពុជា ​នៅតែ​​ស្ថិតសភាព​អាច​គ្រប់គ្រង​បាន។  ពោលគឺ​នៅតែមាន «​ចី​រ​ភាព​» និង «​ហានិភ័យ​កម្រិត​ទាប​» ដដែល ទោះបី​សេដ្ឋកិច្ចកម្ពុជា​ទទួលរ​ង​នូវ​ផលប៉ះពាល់​ពី​ការរីក​រាលដាល​នៃ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ និង​ពី​កត្តា​ខាង​​ក្រៅ​ផ្សេងទៀត​ក្តី​។ 
 
ការរក្សាបាន​ចីរភាព​បំណុល​សាធារណៈ​នេះ គឺ​អាស្រ័យ​ដោយ​កម្ពុ​ជាមាន​ប្រព័ន្ធគ្រប់គ្រង​បំ​​ណុល​សាធារណៈ​មួយ​ដ៏​រឹងមាំ ដែលមាន​ជាអាទិ៍ ១. ក្របខ័ណ្ឌ​គតិយុត្ត​, ២. គោលនយោបាយ​, យុទ្ធសាស្ត្រ​, និង​នីតិវិធី​គ្រប់គ្រង​ប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​, ៣. សមត្ថភាព​ស្ថាប័ន និង​ធនធានមនុស្ស​គ្រប់គ្រាន់​, និង ៤. ប្រព័ន្ធ​ព័ត៌មានវិទ្យា​សម្រាប់​គ្រប់គ្រង​ប្រតិបត្តិការ និង​រក្សាទុក​ទិន្នន័យ​ដើម្បី​ជា​មូលដ្ឋាន​នៃ​ការវិភាគ និង​តាមដាន​ហានិភ័យ​បំណុល​។​ល​។​
 
​ក្រសួង​សេដ្ឋកិច្ចបញ្ជាក់នៅក្នុងឯកសារ​ព្រឹត្តិបត្រ​ស្ថិតិ​បំណុល​សាធារណៈ​កម្ពុជា​ ថា ការគ្រប់គ្រង​បំណុល​សាធារណៈ​ប្រកបដោយ​ចី​រ​ភាព​, ប្រសិទ្ធភាព និង​ស័ក្តិសិទ្ធិ​ភាព បានរួម​ចំណែក​យ៉ាងសំខាន់​ក្នុងការ​សម្រេចបាន​នូវ​កំណើនសេដ្ឋកិច្ច​ខ្ពស់​គួរ​ជាទី​មោទនៈ ក្នុង​រយៈកាល​ជាង​ ២​ ទសវត្សរ៍​កន្លងមក។ លើសពីនេះ កម្ពុជា​មាន​សមត្ថភាព​កៀរគរ​ឥណទាន​សម្បទាន​បាន​ច្រើនជាង​មុន សម្រាប់​បំពេញតម្រូវការ​ហិរញ្ញប្បទាន​លើ​វិស័យ​អាទិភាព​ចំពោះមុខ​នានា សំដៅ​រួមចំណែក​ក្នុងការ​ដោះស្រាយ​វិបត្តិ​ជំងឺ​កូ​វីដ-១៩ និង​អនុវត្ត ​«​ក្រប​ខ័​ណ្ឌ​យុទ្ធសាស្ត្រ និង​កម្មវិធី​ស្តារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងការ​រស់នៅ​ជាមួយ​កូ​វីដ​ ១៩ តាម​គន្លង​ប្រក្រតីភាព​ថ្មី​សម្រាប់​ឆ្នាំ​ ២០២១-២០២៣​​៕ 

Tag:
 បំណុលសាធារណៈ​
© រក្សាសិទ្ធិដោយ thmeythmey.com