កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករ​បាល់ទាត់​ស្រឡាញ់ភេទដូចគ្នានៅលីគកំពូលអូស្ត្រាលី សារភាពស្នេហ៍​លើ​ទីលាន
18, Mar 2024 , 9:29 pm        
រូបភាព
Josh Cavallo កីឡាករបាល់ទាត់ស្រឡាញ់ភេទដូចគ្នារបស់អូស្ត្រាលី សារភាពស្នេហ៍ទៅដៃគូរបស់ខ្លួននៅលើទីលានក្លិប Adelaide United នៃលីគកំពូលអូស្ត្រាលី A-League។ Cavallo អរគុណសមាជិកក្រុម ក្លិប ដែលគាំទ្រ និងផ្តល់ទីតាំងក្នុងតារាងបាល់ទាត់សម្រាប់ពិធីរបស់ខ្លួន។



កាលពីឆ្នាំ ២០២១ Cavallo ជាកីឡាករបាល់ទាត់ដំបូងគេ ដែលហ៊ានសារភាពថា ខ្លួនជាអ្នកស្រឡាញ់ភេទដូចគ្នា។ ខ្សែបម្រើសញ្ជាតិអូស្ត្រាលីរបស់ក្រុម Adelaide United ក៏ជាកីឡាករបាល់ទាត់ស្រឡាញ់ភេទដូចគ្នាម្នាក់គត់ដែលប្រកបអាជីពនៅលីគកំពូលអូស្ត្រាលី។
 
ក្រោយបើកចំហររឿងរ៉ាវរបស់ខ្លួន មានមិត្តរួមក្រុម និងក្លិបកីឡាបាល់ទាត់ល្បីៗលំដាប់ពិភពលោកដូចជា Sunderland, Athletic Bilbao, Liverpool, Chelsea, Juventus និងក្របខណ្ឌ Premier League ជាដើម ចេញមុខគាំទ្រសារទរ និងគាំទ្រ Cavallo ពេញទំហឹង។
 
ថ្មីៗនេះ Cavallo បានបង្ហាញខ្លួនក្នុងកីឡដ្ឋាន Hindmarsh របស់ក្លិប Adelaide United ដើម្បីសារភាពស្នេហ៍ទៅកាន់ដៃគូរបស់គេ។ តាមរយៈរូបភាពដែល AFP បានផ្សាយ ខ្សែបមម្រើវ័យ២៤ឆ្នាំ បានលុតជង្គង់ម្ខាងនៅលើទីលាន ហើយប្រគល់ប្រអប់ជញ្ជៀនទៅឱ្យដៃគូ Leighton Morrell ដើម្បីជាការសារភាពស្នេហ៍។ រូបភាពនេះ បានបង្ហោះពាសពេញលើប្រព័ន្ធផ្សព្វផ្សាយសង្គមផងដែរ។
 
Cavallo ដែលជាប់ជាអ្នកតស៊ូមតិសម្រាប់សិទ្ធិស្រឡាញ់ភេទដូចគ្នាតាំងពីឆ្នាំ ២០២១ នោះមកបាននិយាយអរគុណចំពោះក្លិបថា៖«សូមអរគុណ Adelaide United ដែលបានជួយបង្កើតការភ្ញាក់ផ្អើលនេះ។ ការគាំទ្រគ្មានទីបញ្ចប់របស់អ្នកមានន័យខ្លាំងណាស់សម្រាប់ខ្ញុំ។ អ្នកបានផ្តល់កន្លែងសុវត្ថិភាពក្នុងបាល់ទាត់ឱ្យខ្ញុំ ជាកន្លែងមួយដែលខ្ញុំមិនធ្លាប់គិតក្នុងសុបិនថាអាចទៅរួច។ អរគុណសម្រាប់ការលើកទឹកចិត្តខ្ញុំឱ្យរឹងមាំយ៉ាងពិតប្រាកដដល់សព្វថ្ងៃ»។
 
ក្រោយ Cavallo សារភាព មានកីឡាករអាជីពនៅលីគកំពូលមួយចំនួនបានបើកចំហថាពួកគេជាខ្ទើយជាបន្តបន្ទាប់ ក្នុងនោះរួមទាំង Jake Daniels នៅក្លិបអង់គ្លេស Blackpool, កីឡាករអន្តរជាតិឆែក Jakub Jankto របស់ក្លិប Cagliari នៃលីគកំពូលអ៊ីតាលី Serie A។ ពួកគេ ជាកីឡាករបាល់ទាត់បុរសស្រលាញ់ភេទដូចគ្នាដែលមានទម្រង់ខ្ពស់ជាងគេផងដែរ។
 
ទោះយ៉ាងណាក៏ដោយ នៅតែមានកីឡាករស្រឡាញ់ភេទដូចគ្នាមួយចំនួនគ្មានភាពក្លាហានបើកចំហ បើទោះជាមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់កីឡាបាល់ទាត់នៅទូទាំងពិភពលោកក៏ដោយ។ មានកីឡាករបាល់ទាត់មួយចំនួនប៉ុណ្ណោះចេញមុខសារភាព បន្ទាប់ពីពួកគេបានចូលនិវត្តន៍ពីអាជីពនេះ ដ្បិតពួកគេបារម្ភអំពីការមើលងាយពីមជ្ឈដ្ឋានខាងក្រៅ៕
 

Tag:
 Josh Cavallo
  អ្នកស្រឡាញ់ភេទដូចគ្នា
© រក្សាសិទ្ធិដោយ thmeythmey.com