អន្តរជាតិ
ចិនជូនដំណឹងពលរដ្ឋខ្លួនឱ្យចៀសពីការលេងល្បែងស៊ីសងនៅសិង្ហបុរី
19, Mar 2024 , 9:04 am        
រូបភាព
រូបភាព AFP
រូបភាព AFP
ស្ថានទូតចិនប្រចាំនៅសិង្ហបុរី នៅថ្ងៃទី ១៨ ខែមីនា បានចេញសេចក្តីថ្លែងការមួយដោយអំពាវនាវឱ្យជនជាតិខ្លួន ចៀសឆ្ងាយពីការលេងល្បែង។ ការចេញសារព្រមាននេះធ្វើឡើង ស្របពេលចិនបានពង្រឹងវិធានការយ៉ាងខ្លាំង ដើម្បីបង្រ្កាបលើល្បែងស៊ីសង។

 
តាមសេចក្តីថ្លែងការណ៍មួយចេញនៅថ្ងៃទី១៨ ខែមីនា ស្ថានទូតចិន ប្រចាំនៅសិង្ហបុរី បានជូនរម្លឹកដល់ប្រជាជនខ្លួននៅសិង្ហបុរីឱ្យមានការយល់ដឹងផ្នែកច្បាប់ និងចៀសឆ្ងាយពីល្បែងស៊ីសង។ សិង្ហបុរី មានកាស៊ីណូ បើកស្របច្បាប់ពីរកន្លែង ដោយមួយកន្លែងប្រតិបត្តិការដោយក្រុមហ៊ុន  Las Vegas Sands និងមួយកន្លែងទៀតដោយក្រុមហ៊ុន Genting Singapore។ 
 
«ទោះបីកាស៊ីណូនៅប្រទេសដទៃបើកស្របច្បាប់ក៏ពិតមែន ប្រជាជនចិនដែលលេងល្បែងឆ្លងព្រំដែនត្រូវសង្ស័យថា  បំពានច្បាប់របស់យើង»។ ស្ថានទូតចិន បានបញ្ជាក់បែបនេះ នៅថ្ងៃទី១៨ ខែមីនា។ 
 
សេចក្តីថ្លែងការណ៍ខាងលើ ធ្វើឡើងក្រោយរដ្ឋាភិបាលទីក្រុងប៉េកាំង ខិតខំបង្ក្រាបប្រជាជនចិនពីការលេងល្បែងស៊ីសង ជាពិសេសនៅតំបន់អាស៊ីអាគ្នេយ៍។ កាស៊ីណូនៅតំបន់នេះមានរហូតទៅដល់៣៤០ កន្លែងទូទាំងតំបន់។ 
 
ជាការពិត នេះមិនមែនជាលើកដំបូងដែលស្ថានទូតចិនប្រចាំប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ព្រមានប្រជាជនខ្លួនពីការលេងល្បែង។ នៅខែមុន ទីភ្នាក់ងារអនុវត្តច្បាប់ចិន និងហ្វីលីពីន បានសហការគ្នាបញ្ជូនជនជាតិចិនជាង ៤០ នាក់ដែលបានលេងល្បែងស៊ីសង មកប្រទេសមាតុភូមិវិញ។ 
 
លើសពីនេះ រដ្ឋមន្ត្រីក្រសួងសាធារណៈចិន និងវៀតណាម បានព្រមព្រៀងគ្នាបង្កើតកិច្ចសហប្រតិបត្តិការលើការអនុវត្តច្បាប់ និងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (Memorandum of Understanding) ស្តីពីការធ្វើការរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងល្បែងឆ្លងដែន។
 
ស្ថានទូតចិនប្រចាំប្រទេសសិង្ហបុរីបាននិយាយថា ក្រសួងសន្តិសុខសាធារណៈរបស់ប្រទេសចិន បានដាក់ចេញវិធានការរាយការណ៍មួយសម្រាប់ការប្រយុទ្ធប្រឆាំងនឹងការលេងល្បែងឆ្លងដែន និងអនឡាញ។ វិធាននេះអាចឱ្យពលរដ្ឋចិនអាចរាយការណ៍ពីតម្រុយ និងសកម្មភាពសង្ស័យផ្សេងៗទាក់ទងនឹងការលេងល្បែង។
 
គួរបញ្ជាក់ផងដែរថា រដ្ឋាភិបាលចិនតែងតែប្រឆាំងនឹងការលេងល្បែងគ្រប់ប្រភេទដូចជាល្បែងឆ្លងព្រំដែន និងតាមអ៊ីនធឺណិត។ ចិនក៏បានព្រមានពីភាពគ្រោះថ្នាក់ រួមមាន ការលួចបន្លំលុយ ការលាងលុយកខ្វក់ ការចាប់ជំរិត ការឃុំខ្លួន និងការជួញដូរផ្សេងៗ៕ 

Tag:
 ចិន សិង្ហបុរី
© រក្សាសិទ្ធិដោយ thmeythmey.com