អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
សភាវៀតណាម កោះប្រជុំបន្ទាន់ជជែកពីបញ្ហាក្បាលម៉ាស៊ីនដឹកនាំរដ្ឋ
19, Mar 2024 , 10:59 am        
រូបភាព
អគ្គលេខាបក្ស ង្វៀន ហ្វ៊ូ ជុង (ឆ្វេង)  និងប្រធានរដ្ឋ វ៉ វ៉ាន់ ធឿង  នៅក្នុងរដ្ឋសភា។ រូបថត ៖ VGP
អគ្គលេខាបក្ស ង្វៀន ហ្វ៊ូ ជុង (ឆ្វេង) និងប្រធានរដ្ឋ វ៉ វ៉ាន់ ធឿង នៅក្នុងរដ្ឋសភា។ រូបថត ៖ VGP
រដ្ឋសភាវៀតណាម នឹងបើកកិច្ចប្រជុំវិសាមញ្ញនៅថ្ងៃទី២១ ខែមីនា ដើម្បីពិចារណានិងសម្រេចចិត្តលើកិច្ចការមន្រ្តីនយោបាយជាន់ខ្ពស់។ បើតាមសារព័ត៌មាន Reuters កិច្ចប្រជុំនេះ នឹងពិភាក្សាជុំវិញតំណែងប្រធានាធិបតី។

 
លិខិតចុះហត្ថលេខាដោយអគ្គលេខារដ្ឋសភា លោក ប៊ួយ វាន់ គឿង ផ្ញើជូនសមាជិកសភាវៀតណាមមានខ្លឹមសារថា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាសម្រេចរៀបចំសម័យប្រជុំវិសាមញ្ញលើកទី៦ នៃរដ្ឋសភានីតិកាលទី១៥ នៅថ្ងៃទី២១ ខែមីនា ដើម្បីពិចារណា និងសម្រេចកំណត់ការងារមន្រ្តីនយោបាយជាន់ខ្ពស់ស្ថិតក្រោមអំណាចរបស់រដ្ឋសភា​ជាតិ។ 
 
លិខិតនោះ មិនបានបញ្ជាក់ព័ត៌មានលម្អិតឡើយ។ កន្លងមក ការប្រើពាក្យពិចារណាលើមន្រ្តីរដ្ឋបែបនេះ ច្រើនតែជាការផ្លាស់ប្ដូរមន្រ្តីធំៗរបស់ប្រទេស។
 
បើតាមទីភ្នាក់ងាររព័ត៌មាន Reuters ដែលបានដកស្រង់សម្តីមន្ត្រី លទ្ធភាពនៃមន្រ្តីនយោបាយជាន់ខ្ពស់ដែលត្រូវបានពិភាក្សាដោយរដ្ឋសភានោះគឺជា ការលាលែងពីតំណែងរបស់ប្រធានាធិបតី វ៉ វាន់ ធឿង។
 
ជុំវិញរឿងនេះ នៅ​ថ្ងៃ​ទី១៤ ខែ​មីនា វៀតណាម​បាន​ស្នើ​សុំ​ពន្យារ​ពេល​ដំណើរ​ទស្សន​កិច្ច​ផ្លូវ​រដ្ឋ​របស់​ស្តេច​ហូឡង់ Willem-Alexander និង​ម្ចាស់ក្សត្រី Máxima តាម​ការ​អញ្ជើញ​របស់​ប្រធាន​ាធិបតី វ៉ វាន់ ធឿង ដោយ​ហេតុផល​ថា ត្រូវដោះស្រាយស្ថានភាព​ផ្ទៃក្នុង។
 
ស្តេច Willem-Alexander មានព្រះរាជបន្ទូលនៅថ្ងៃទី១៥ ខែមីនាថា ទ្រង់ភ្ញាក់ផ្អើល ហើយមិនបានដឹងពីមូលហេតុថា ហេតុអ្វីបានជាដំណើរទស្សនកិច្ចរបស់ទ្រង់ទៅកាន់វៀតណាមត្រូវបានពន្យារពេល។ នេះបើតាមសារព័ត៌មាន​ BBC ជាភាសាវៀតណាម។ 
 
យោងតាមកម្មវិធីចេញផ្សាយដោយរាជវង្សហូឡង់ នៅថ្ងៃទី១៩ ខែមីនា ព្រះមហាក្សត្រ និងម្ចាស់ក្សត្រីហូឡង់រំពឹងថា នឹងទទួលស្វាគមន៍ដោយប្រធានរដ្ឋ វ៉ វ៉ាន់ ធឿង និងភរិយា ហ្វាន ធិ ថាញ់ តឹម ជាមួយនឹងពិធីស្វាគមន៍នៅវិមានប្រធានរដ្ឋ។
 
តែកាលពីខែមករា ឆ្នាំ​២០២៣ រដ្ឋសភា​ក៏មាន​កិច្ចប្រជុំ​វិសាមញ្ញ​មួយ​ស្រដៀងគ្នានេះដែរ ដើម្បី​ពិចារណា​ការលាលែងពី​​ប្រធានរដ្ឋវៀតណាមលោក ង្វៀន សួនហ្វ៊ុក ។ លោក ហ្វ៊ុក បានលាលែងពីតំណែងក្រោមហេតុផលថា លោកបានទទួលខុសត្រូវផ្នែកនយោបាយរបស់មេដឹកនាំ នៅពេលដែលមន្ត្រីជាច្រើន រួមទាំងឧបនាយករដ្ឋមន្ត្រី២រូប និងរដ្ឋមន្ត្រី៣រូបបានប្រព្រឹត្តិល្មើសច្បាប់ ។ 
 
បន្ទាប់មក លោក វ៉ វ៉ាន់ ធឿង មានអាយុ ៥៣ឆ្នាំ ត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានាធិបតីជំនួសលោក ហ្វ៊ុក ចាប់ពីខែមីនា ឆ្នាំ២០២៣។ 
 
នៅវៀតណាម តំណែងប្រធានាធិបតី មិនមានអំណាចឡើយ ប៉ុន្តែជាមន្រ្តីចតុស្តម្ភជាមួយអគ្គលេខាធិការបក្ស នាយករដ្ឋមន្រ្តី និងប្រធានសភា៕

Tag:
 វៀតណាម
  វ៉ វាន់ ធឿង
© រក្សាសិទ្ធិដោយ thmeythmey.com