អន្តរជាតិ
លោកបៃឌិន ចាំទទួលមេដឹកនាំជប៉ុន និងហ្វីលីពីនក្នុងកិច្ចប្រជុំត្រីភាគីខែមេសា
19, Mar 2024 , 2:59 pm        
រូបភាព
ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន (ឆ្វេង), លោកគីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្រ្តីជប៉ុន (កណ្តាល) និងលោក Ferdinand Marcos Jr. ប្រធានាធិបតីហ្វីលីពីន។ រូបភាព AFP
ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន (ឆ្វេង), លោកគីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្រ្តីជប៉ុន (កណ្តាល) និងលោក Ferdinand Marcos Jr. ប្រធានាធិបតីហ្វីលីពីន។ រូបភាព AFP
ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន នឹងរៀបចំកិច្ចប្រជុំត្រីភាគីជាលើកដំបូងជាមួយប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. និងលោកគីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្រ្តីជប៉ុន នៅសេតវិមាន ក្នុងខែមេសាខាងមុខ។ កិច្ចប្រជុំនេះធ្វើឡើង ស្របពេលហ្វីលីពីន និងជប៉ុន កំពុងមានជម្លោះដែនទឹកជាមួយនឹងចិន។

 
តាមសេចក្តីប្រកាសរបស់សេតវិមាននៅថ្ងៃទី១៨ ខែមីនា ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន នឹងស្វាគមន៍កិច្ចប្រជុំត្រីភាគី ដោយមានសមភាគីហ្វីលីពីន លោក Ferdinand Marcos Jr. និងនាយករដ្ឋមន្រ្តីជប៉ុន លោកគីស៊ីដា ហ្វូមីអូ។ 
 
«មេដឹកនាំទាំងបី នឹងជំរុញភាពជាដៃគូត្រីភាគី ដែលត្រូវបានបង្កើតឡើងនៅលើទំនាក់ទំនងប្រវត្តិសាស្ត្រដ៏ស៊ីជម្រៅ និងមានចក្ខុវិស័យដូចគ្នាចំពោះឥណ្ឌូប៉ាស៊ីហ្វិក ដែលមានលក្ខណៈសេរីនិ ងបើកចំហ»។ លោកស្រី Karine Jean-Pierre អ្នកនាំពាក្យសេតវិមាន បានបញ្ជាក់បែបនេះ ដោយបន្តថា ក្រោយកិច្ចប្រជុំត្រីភាគី លោកបៃឌិន គ្រោងមានជំនួបដាច់ដោយឡែកមួយទៀតជាមួយលោក Marcos Jr.។ 
 
ជំនួបចុងក្រោយរបស់លោកប្រធានាធិបតីអាម៉េរិកនេះ នឹងបន្តស្វែងរកការពង្រឹងទំនាក់ទំនងរវាងសម្ព័ន្ធមិត្តក្រុងវ៉ាស៊ីនតោន និងក្រុងម៉ានីល។ 
 
ជំនួបត្រីភាគីខាងលើ ធ្វើឡើងស្របពេលហ្វីលីពីន និងជប៉ុន កំពុងមានជម្លោះដែនទឹកទាំងសមុទ្រចិនខាងត្បូង និងសមុទ្រចិនខាងកើត។ ចិន បានទាមទារសមុទ្រចិនខាងត្បូងស្ទើរតែប្រមាណ ៩០ភាគរយ ដោយផ្អែកលើព័ស្តុតាងប្រវត្តិសាស្រ្ត និងច្បាប់អន្តរជាតិ។ ជាញយៗ នាវាចិន និងហ្វីលីពីន តែងបង្ហាញវត្តមាននៅក្បែរគ្នា ហើយបង្កឱ្យមានភាពតានតឹងយ៉ាងខ្លាំង។ 
 
មុនកិច្ចប្រជុំខាងលើ ហ្វីលីពីន និងជប៉ុន ក៏បានស្វះស្វែងរកិច្ចសហប្រតិបត្តិការទ្វេភាគីផងដែរ។ កន្លងមក រដ្ឋាភិបាលក្រុងម៉ានីល និងក្រុងតូក្យូ បានពិភាក្សាពីកិច្ចព្រមព្រៀង ដែលអាចបញ្ជូនទ័ពទៅដែនដីរបស់ខ្លួនទៅវិញទៅមក ក្រោមហេតុផលមនុស្សធម៌ ឬជួយសង្រ្គោះមហន្តរាយ។ 
 
សូមបញ្ជាក់ថា លោកគីស៊ីដា នឹងក្លាយជាមេដឹកនាំជប៉ុនដំបូង ដែលបង្ហាញវត្តមាននៅសេតវិមាន បើគិតចាប់ពីឆ្នាំ២០១៧។ កន្លងមក អាម៉េរិក ក៏ធ្លាប់មានកិច្ចប្រជុំត្រីភាគីជាមួយជប៉ុន និងកូរ៉េខាងត្បូង នៅកន្លែងសម្រាកលំហែកាយប្រធានាធិបតីអាម៉េរិក Camp David ផងដែរ៕

Tag:
 អាម៉េរិក
  ជប៉ុន
  ហ្វីលីពីន
© រក្សាសិទ្ធិដោយ thmeythmey.com