ជាតិ
អ្នកជំនាញ៖ កម្មវិធីសម្រាប់ប្រជាជនខ្មែរ គួរប្រើភាសាជាតិ លើកលែងពាក្យ​បច្ចេក​ទេស
19, Mar 2024 , 7:59 pm        
រូបភាព
ភ្នំពេញ៖ ឃ្លីបវីដេអូក្នុងកម្មវិធីមួយ មានរយៈពេលជិត៣នាទីដែលមានវាគ្មិនជាជនជាតិខ្មែរ ហើយអ្នកសួរក៏ជាជនជាតិខ្មែរ កំពុងរងការរិះគន់ខ្លាំងពីសាធារណជន។ រងការរិះគន់ ដោយសារវាគ្មិន ជាពិសេសអ្នកសួរ បានប្រើប្រាស់ភាសាបរទេសច្រើនលើសលុប ជាងភាសាខ្មែរ។ អ្នកជំនាញផ្នែកអប់រំ វប្បធម៌ និងផ្នែកសង្គមសុទ្ធតែអះអាងដូចគ្នាថា បើកម្មវិធីធ្វើឡើង ដើម្បីជនជាតិខ្មែរ គួរតែប្រើភាសាខ្មែរឱ្យបានច្រើនបំផុត​។


 
លោក ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថាន ប្រជាធិបតេយ្យកម្ពុជាថាការប្រើភាសាកំណើត លាយជាមួយភាសាបរទេស នាំឱ្យអ្នកស្ដាប់ ពិបាកយល់អត្ថន័យ។ លោកសង្កត់ធ្ងន់ថាការណ៍នោះក៏បានបង្ហាញ ពីការមិនឱ្យតម្លៃភាសាកំណើតរបស់ខ្លួនដែរ។ បន្ថែមពីនោះអ្នកសកម្មក្នុងការតាមដាន ព្រឹត្តិការណ៍សង្គមរូបនេះ ថាការដែលនិយាយលាយភាសាបែបនេះគឺជាទម្លាប់មិនល្អ ដែលលោកណែនាំឱ្យយុវជន លុបបំបាត់ទម្លាប់នោះចោល។
  
លោក ប៉ា ចន្ទរឿន នាយកប្រតិបត្តិវិទ្យាស្ថាន ប្រជាធិបតេយ្យកម្ពុជា

លោក ចន្ទរឿន បន្ថែម៖«និយាយខ្មែរមួយម៉ាត់ អង់គ្លេសមួយម៉ាត់ស្ដាប់ទៅគួរឱ្យធុញ ខ្មែរមិនចំខ្មែរ អង់គ្លេសមិនចំអង់គ្លេស។ ខ្ញុំអាចនិយាយបានថាពួកគេគឺជាអ្នកដែលចេះភាសាស្ទើរភ្លើង។ ដូច្នេះយុវជនមួយចំនួន គួរតែកែទម្លាប់និយាយខ្មែរលាយអង់គ្លេសមួយម៉ាត់ៗហ្នឹងចេញ។ និយាយភាសាអ្វីមួយឱ្យច្បាស់ភាសានោះទើបធ្វើឱ្យគេងាយស្ដាប់បាន ហើយមានប្រសិទ្ធភាព។ បើបរទេសមកស្ដាប់យើងក៏គេមិន​ឱ្យតម្លៃយើងដែរ បើយើងនិយាយច្រឡូកចូលគ្នាយ៉ាងនេះនោះ។ គ្មានអ្នកណាយល់ទេខ្មែរក៏មិនយល់ អ្នកចេះអង់គ្លេសក៏គេ ពិបាកយល់ដែរ»។ 
 
បន្ថែមពីនោះ លោកផ្ដាំទៅអ្នករៀបចំ គ្រប់កម្មវិធីសាធារណៈផងដែរគួរ​ផ្ដល់តម្លៃឱ្យបានខ្លាំង ដល់ការប្រើភាសាជាតិ ទោះកម្មវិធីនោះតូច ឬធំឬក្នុងកម្រិតជាតិ ឬអន្តរជាតិក្ដី។ លោកថាការប្រើភាសាជាតិច្រើនគឺជាការបង្ហាញពីមោទនភាព ភាសាកំណើតរបស់ខ្លួន​។ ហើយប្រសិនកម្មវិធីនោះមានជនបរទេសចូលរួម គួរមានអ្នកបកប្រែម្នាក់ នៅចាំបកប្រែពីភាសាខ្មែរ ទៅភាសាបរទេស។
 
ដូចគ្នាដែរ លោក ជ័យ ចាប ទីប្រឹក្សាសមាគមអ្នកនិពន្ធខ្មែរដែលមានឯកទេសខាងអក្សរសាស្រ្ត និងអក្សរសិល្ប៍ ក៏បានលើកទឹកចិត្តឱ្យមានការប្រើភាសាខ្មែរ ឱ្យបានច្រើនជាអតិបរមាដែរ ក្នុងកម្មវិធីផ្សេងៗពិសេសក្នុងកម្មវិធីជាសាធារណៈ បើកម្មវិធីនោះធ្វើឡើង ដើម្បីជនជាតិខ្មែរ។ ទោះជាយ៉ាងណាពួកគេនៅតែអាច ប្រើភាសាបរទេសខ្លះៗ ដែលជាពាក្យបច្ចេសទេស។ ប៉ុន្តែក៏ត្រូវប្រែភាសានោះមកជាភាសាខ្មែរដែរ ដើម្បីឱ្យអ្នកស្ដាប់បានយល់ច្បាស់។ 

លោក ជ័យ ចាប ទីប្រឹក្សាសមាគមអ្នកនិពន្ធខ្មែរ ដែលមានឯកទេសខាងអក្សរសាស្រ្ត និងអក្សរសិល្ប៍

លោកណែនាំ អ្នកនិយាយភាសាបរទេស លាយភាសាខ្មែរទាំងឡាយ ត្រូវសួរខ្លួនឯងថាតើខ្លួននិយាយពីអ្វី និយាយឱ្យអ្នកណាស្ដាប់ ហើយនាំគេទៅណា?

សាស្ត្រាចារ្យផ្នែករចនាបថវិទ្យាខាងលើគូសបញ្ជាក់ថា ដ្បិតតែបច្ចុប្បន្ន ប្រជាជនខ្មែរ បានរៀនភាសាបរទេសច្រើនក៏ពិតមែនប៉ុន្តែបើគិតជាភាគរយនៅទូទាំងប្រទេស អ្នកចេះភាសាបរទេស នៅមានចំនួនតិចតួចនៅឡើយ។
 
ដូច្នេះដើម្បីឱ្យការធ្វើបទបង្ហាញនានា អាចផ្ដល់ប្រយោជន៍ច្រើន ដល់ប្រជាជនខ្លួនពួកគេគួរតែធ្វើជាភាសាខ្មែរ​។
 
លោកផ្ដាំដល់អ្នកដែលបានប្រើភាសាបរទេស លាយជាមួយភាសាខ្មែរទាំងឡាយគួរសួរខ្លួនឯងថា តើប្រជាជនខ្មែរប៉ុន្មានរូប បានរៀននិងបានចេះភាសាអង់គ្លេសដែលអាចស្ដាប់ និងប្រើការបាន?ហើយតើជនជាតិខ្មែរប៉ុន្មានរូប ដែលបានរៀនចប់ដល់ថ្នាក់ឧត្តមសិក្សា? «កម្មវិធីដែលខ្ញុំបានមើលនោះ
ខ្ញុំឃើញថាអ្នកនិយាយ ប្រើភាសាអង់គ្លេសច្រើនណាស់ ហើយមិនបកប្រែឱ្យទៀត។
 
ឬក៏អ្នកនិយាយចង់បង្ហាញពីសមត្ថភាព នៃការនិយាយភាសាបរទេស? ខ្ញុំគិតថាប្រហែលជាគាត់មានចេតនា ចង់បង្ហាញពីសមត្ថភាពនោះ។ បើក្នុងបំណងចែករំលែកពុទ្ធិចែករំលែកចំណេះដឹង ដល់យុវជនខ្មែរ ដល់ប្រជាពលរដ្ឋខ្មែរតែគាត់ប្រើភាសាបរទេសច្រើនហួសហេតុ សួរថាមានយុវជនខ្មែរយើង ប៉ុន្មាននាក់ដែលយល់?ស្រុកខ្មែរ មិនមែនស្រុកហ្វីលីពីន ឬសិង្ហបុរី ឯណា ដែលគេប្រើភាសា២ក្នុងប្រទេសរបស់គេនោះ»។ លោក ជ័យ ចាបសួរទៅអ្នកនិយាយខ្មែរលាយបរទេស។
 
លោកថា បើវាគ្មិន និយាយភាសាអង់គ្លេស ឬភាសាបារាំងច្រើន ក្នុងបទបង្ហាញរបស់ខ្លួននោះនឹងធ្វើឱ្យបទបង្ហាញនោះ មិនមានតម្លៃទៅវិញ។ សាស្ត្រាចារ្យខាងលើថានេះមិនមែនជាការបន្ទោសឡើយ ប៉ុន្តែគ្រាន់តែជាការផ្ដល់យោបល់លើចំណុចដែលខ្វះចន្លោះប៉ុណ្ណោះ។ លោកជឿថា បើលោកមិននិយាយ រូបភាពបែបនោះអាចមានកាន់តែច្រើនជាងនេះទៀតទៅថ្ងៃមុខ។ 
 
«ជួនកាលបំណងគាត់ល្អមិនមែនគាត់មិនឱ្យតម្លៃភាសាជាតិទេ ប៉ុន្តែវាហាក់ដូចជាគាត់មានអំនួតដែរចំពោះការនិយមប្រើភាសាអង់គ្លេសច្រើន។ ខ្ញុំធ្លាប់មកនៅភ្នំពេញ តាំងពីអាយុ៧-៨ឆ្នាំមកនៅជាមួយគ្រួសារអភិជន គេនិយាយបារាំងច្រើនជាងខ្មែរ។ ពិបាកបំផុតពេលគេប្រើឱ្យយើងធ្វើអ្វីមួយ យើងជាអ្នកមកពីស្រែ យើងធ្វើទាំងមិនយល់។
 
ទោះក្នុងករណីណាក៏ដោយចុះ ខ្ញុំមើលឃើញថា ការនិយាយភាសាបរទេសច្រើនវាហាក់ដូចជាបានមើលស្រាលភាសាខ្មែរ»។ នេះជាការយល់ឃើញរបស់លោក ជ័យ ចាប។
 
ចំណែកលោក ឈត ប៊ុនថង ប្រធានផ្នែកទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជាក៏បានណែនាំឱ្យអ្នកធ្វើកម្មវិធីណាមួយ គួរតែផ្ដោតលើអ្នកទស្សនា។ បើកម្មវិធីនោះធ្វើសម្រាប់ប្រជាជនខ្មែរ គួរតែនិយាយភាសាខ្មែរឱ្យបានច្រើនបំផុតដើម្បីឱ្យអ្នកទស្សនាអាចយល់បាន។ 
 
ទោះជាយ៉ាងណា អ្នកជំនាញអប់រំរូបនេះ ថាអាចមានហេតុផល៣យ៉ាងដែលនាំឱ្យអ្នកនិយាយ ក្នុងកម្មវិធីដែលទទួលរងការរិះគន់នោះចូលចិត្តប្រើភាសាអង់គ្លេសច្រើនជាងខ្មែរ។ លោកថាអាច ដោយសារតែពួកគេ រៀនភាសាបរទេសច្រើននិងតែងប្រើភាសាទាំងនោះផង ទើបធ្វើឱ្យពួកគេធ្លាប់និយាយបែបនោះ។ ហេតុផលទី២លោកថាអ្នកនិយាយនោះ អាចគិតថាការនិយាយលាយភាសា គឺជារឿងអស្ចារ្យ។ ចំណែកចំណុចទី៣លោកថាអ្នកស្ដាប់មួយចំនួន ក៏សរសើរនិងចូលចិត្ត ការនិយាយលាយភាសាបែបនោះដែរ។

លោក ឈត ប៊ុនថង ប្រធានផ្នែកទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍ នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា

យ៉ាងណាក៏ដោយ លោក ប៊ុនថង មិនសរសើរការនិយាយបែបនោះឡើយហើយលោកបញ្ជាក់ដូច្នេះ៖«សម្រាប់ខ្ញុំ ខ្ញុំមិនយល់ថាការនិយាយលាយភាសាបែបនោះ ជារឿងអស្ចារ្យទេ។ រឿងដែលអស្ចារ្យសម្រាប់ខ្ញុំគឺគំនិតដែលអ្នកអាន អ្នកស្ដាប់ ឬអ្នកទស្សនា គាត់អាចយល់ពីយើង។ ហើយគំនិតហ្នឹងវាសមហេតុផល ត្រឹមត្រូវ ដែលគេអាចយកទៅធ្វើជាប្រយោជន៍ នៅក្នុងការអនុវត្តិការងារក្នុងជីវិតបាន»។
 
បើទោះបីជាលោក ប៊ុនថង មិនសរសើរការនិយាយលាយភាសាក្នុងកម្មវិធីសាធារណៈក្ដី ប៉ុន្តែលោកក៏មិនលើកទឹកចិត្តឱ្យពលរដ្ឋខ្មែររិះគន់ចំពោះការនិយមប្រើភាសាបរទេស ជាទូទៅដែរ។ លោកប្រៀបធៀបថា  ភាសាបាលីនិងភាសាសំស្ក្រឹតក៏ជាភាសាបរទេស ប៉ុន្តែប្រជាជនខ្មែរ បានចាប់យកនិងប្រើប្រាស់ភាសាទាំង២នេះលាយជាមួយភាសាខ្មែរ ហើយប្រជាជនខ្មែរ ហាក់បានចាត់ទុកភាសាទាំង២នោះជាភាសាជាតិរបស់ខ្លួនទៅហើយ។ ប៉ុន្តែបច្ចុប្បន្ន សាធារណជន កំពុងផ្ទុះការរិះគន់អ្នកដែលប្រើភាសាអង់គ្លេស ភាសាបារាំង ឬភាសាចិន លាយជាមួយភាសាខ្មែរ ថាជារឿងមិនល្អ។
 
«វិលមកវិញ បើនិយាយឱ្យខ្មែរស្ដាប់និយាយខ្មែរទៅ។ ប៉ុន្តែបើមិនអាចជៀសបាន ចំពោះពាក្យគន្លឹះមួយចំនួន ក៏ប្រើខ្លះចុះប៉ុន្តែបកឱ្យគេខ្លះ។ ការនិយាយលាយភាសានោះ ពុំមែនថាមិនល្អទាំងស្រុងទេប៉ុន្តែគួរមើលកម្មវិធីដែរ ថាយើងនិយាយឱ្យអ្នកណាស្ដាប់»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ឈត ប៊ុនថង។
 
វិលមកលោក ប៉ា ចន្ទរឿន ដែលបានចូលរួមកម្មវិធី នៅក្រៅប្រទេសច្រើនពិសេសក្នុងវេទិការថ្នាក់ជាតិនិងអន្តរជាតិរបស់ប្រទេសទាំងនោះ លោកថាបរទេសគេឱ្យតម្លៃភាសាជាតិរបស់គេខ្លាំង ទោះបីពួកគេចេះភាសាបរទេស ស្ទាត់ជំនាញយ៉ាងណាក្ដីក៏ពួកគេតែងតែប្រើភាសាជាតិរបស់គេ ក្នុងកម្មវិធីផ្លូវការដែរ។ ការធ្វើបែបនេះត្រូវបានលោក ប៉ា ចន្ទរឿន កត់សម្គាល់ឃើញថាគឺជាការព្យាយាមបង្ហាញ ពីមោទនភាពនៃការប្រើភាសាជាតិ។
 
លោក ចន្ទរឿន ពន្យល់បន្ថែម៖«ខ្ញុំបានដើរក្រៅប្រទេសច្រើនដែរ​ខ្ញុំកម្រឃើញបរទេសណា គេនិយាយភាសាកំណើរគេមួយម៉ាត់ ភាសាបរទេសមួយម៉ាត់ដូចយុវជនខ្មែរយើងមួយចំនួន ក្នុងពេលបច្ចុប្បន្ននេះណាស់។
 
ខ្ញុំក៏ធ្លាប់បង្រៀនភាសាខ្មែរ ទៅមន្ត្រីទូតបរទេស គេរៀនរាប់ឆ្នាំគេមិនដែលភ្លេចភាសាដើមរបស់គេទេ។ យើងមើលថៃ ជប៉ុន កូរ៉េ អាល្លឺម៉ង់ជាដើមគេឱ្យតម្លៃភាសាជាតិគេខ្ពស់ណាស់។ សូម្បីតែសន្និសីទអន្តរជាតិអីហ្នឹងទោះគេចេះភាសាបរទេសស្ទាត់ជំនាញ ប៉ុន្តែគេស៊ូនិយាយភាសាជាតិគេ។ គេសុខចិត្តឱ្យមានអ្នកបកប្រែ បកទៅជាភាសាអង់គ្លេស។ គេចង់បង្ហាញពីភាសារបស់គេគេមានមោទនភាពជាតិគេណាស់។ គេមានស្មារតីជាតិគេខ្ពស់បែបនេះ ទើបបានជាសង្គមគេរីកចម្រើន»។
 
លោក ប៉ា ចន្ទរឿន ថាភាសាខ្មែរ គឺជាភាសាជាតិ និងជាភាសាផ្លូវការដូច្នេះការងារផ្លូវការ ក៏ដូចជាការប្រាស្រ័យទាក់ទងគ្នាប្រចាំថ្ងៃត្រូវតែប្រើភាសាខ្មែរ។ ទោះជាយ៉ាងណា លោកបានសង្កត់ធ្ងន់ថាពុំមែនលោកមិនលើកទឹកចិត្តឱ្យ​ប្រជាពលរដ្ឋ ជាពិសេសយុវជន មិនខំប្រឹងប្រែងរៀនភាសាបរទេសទេ។
 
លោកថា ការចេះភាសាទី២ឬភាសាបទេសច្រើន បានជួយឱ្យមនុស្សងាយស្រួលក្នុងការប្រាស្រ័យទាក់ទង ការធ្វើជំនួញជួញដូរ ឬងាយស្រួលធ្វើការជាមួយបរទេសដែលមិនចេះភាសាខ្មែរ។ ប៉ុន្តែលោកថា អ្វីដែលជាបញ្ហា សម្រាប់យុវជនខ្មែរមួយចំនួននៅពេលដែលពួកគេរៀន ឬចេះភាសាអង់គ្លេសច្រើន បែរជាពួកគេមិនចង់និយាយភាសាខ្មែរទៅវិញ។
 
លោក ចន្ទរឿន សំណូមពរ៖«ខ្ញុំលើកទឹកចិត្តឱ្យយុវជនយើងរៀនភាសាបរទេស ដូចជាភាសាអង់គ្លេសជាដើម។ ប៉ុន្តែខ្ញុំសុំឱ្យយុវជនខ្មែរយើងឱ្យតម្លៃភាសាជាតិយើងឱ្យបានច្រើនជាងភាសាអង់គ្លេស។ ពេលនិយាយគ្នា ប្រាស្រ័យទាក់ទងគ្នាក្នុងការរស់នៅប្រចាំថ្ងៃ ជាមួយខ្មែរនិងខ្មែរគ្នា គួរតែប្រើភាសាខ្មែរ។គេច្រើននិយាយថា បើភាសារលត់ ជាតិក៏ពិបាកនៅគង់វង់ដែរ៕

Tag:
 អក្សរសាស្ត្រ
  វប្បធម៌​
  ភាសា
© រក្សាសិទ្ធិដោយ thmeythmey.com