ជាតិ
សុខភាព
ពេទ្យជាសេនាទេវតា នាយករដ្ឋមន្ត្រីសូមចិត្ត និស្សិតពេទ្យ «កុំសុំជាប់ដោយមិនប្រឡង»
20, Mar 2024 , 10:44 am        
រូបភាព
នាពិធីបិទសន្និបាតក្រសួងសុខាភិបាល កាលពីរសៀលថ្ងៃទី១៩ ខែមីនា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លើកឡើងពីគុណតម្លៃនៃការបណ្តុះបណ្តាលជំនាញសុខាភិបាល ដែលអាចឱ្យនិស្សិតរៀនចប់ មានសមត្ថភាពចូលបម្រើការងារក្នុងក្របខណ្ឌរដ្ឋ តាមប្រព័ន្ធជ្រើសរើសមន្ត្រី។

សម្តេចបានសង្កត់ធ្ងន់ពីការពង្រឹងគុណភាពនៃការអប់រំ និងគុណភាពសិស្ស ជាពិសេសត្រូវមានការតឹងរ៉ឹងចំពោះនិស្សិតរៀនជំនាញពេទ្យ។ «ខ្ញុំស្នើសុំឱ្យក្មួយៗ ប្អូនៗនិស្សិតពេទ្យកុំសុំជាប់ដោយមិនប្រឡងអី ព្រោះប្រឡងនេះជួយយើងនៅពេលដែលយើងទៅធ្វើការ ដូចខ្ញុំថា រៀនពេទ្យជាសេនាឱ្យទេវតា យើងត្រូវព្យាបាលមនុស្សឱ្យចំកុំឱ្យធ្វើអីខុសពីបំណងរបស់យើង ទាំងសមត្ថភាពយើងមាន»។

មិនថា តែជំនាញពេទ្យនោះឡើយ ជំនាញផ្សេងៗ ក៏ត្រូវមានភាពច្បាស់លាស់នោះដែរ។ នេះជាការបញ្ជាក់របស់ប្រមុខរដ្ឋាភិបាល ក្នុងនោះដូចជាកងទ័ពដែលមានជំនាញដោះមីន ត្រូវចេះឱ្យច្បាស់ បើពុំដូច្នោះទេ អាចផ្ទុះស្លាប់ខ្លួន។

«ពេទ្យដូចគ្នា ត្រូវការច្បាស់លាស់»។ សម្តេច ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់យ៉ាងដូច្នេះ ដោយសម្តេចមើលឃើញថា អ្នករៀនពេទ្យមាននិស្សិតពូកែៗជាច្រើន ប៉ុន្តែសម្តេចរំលឹកថា មិនត្រូវពូកែតែការទន្ទេញនោះឡើយ ដោយមានភាពច្បាស់លាស់លើការវាយតម្លៃស្ថានភាព៕




© រក្សាសិទ្ធិដោយ thmeythmey.com