ជាតិ
ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងដែនដី ផ្តួចផ្តើមរៀបចំ «បុរីជនបទ»
20, Mar 2024 , 4:25 pm        
រូបភាព
លោក ឆាយ ឫទ្ធីសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជន​បទ
លោក ឆាយ ឫទ្ធីសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជន​បទ
នាពិធីបិទសន្និបាតប្រចាំឆ្នាំរបស់ក្រសួងអភិវឌ្ឍន៍ជនបទ រសៀលថ្ងៃទី២០ ខែមីនា លោករដ្ឋមន្ត្រី ឆាយ ឫទ្ធីសែន បានលើកឡើងពីគម្រោងរៀបចំបុរីជនបទគំរូ ក្រោមគំនិតផ្តួចផ្តើមរួមគ្នាជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ របស់លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់។

បើតាមរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បុរីជនបទគំរូនេះ គឺធ្វើឡើងតាមរយៈការអភិវឌ្ឍន៍លំនៅដ្ឋាន បណ្តាញផ្លូវ ប្រព័ន្ធទឹក ភ្លើង និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈផ្សេងទៀតដើម្បីប្រែក្លាយ តំបន់ជនបទ ទៅជាតំបន់មានវិបុលភាព។

ធ្លាប់តែលឺបុរី១០០ខ្នង បុរីទន្លេបាសាក់ បន្តិចទៀត នឹងមានបុរីជនបទ ដែលមានកិច្ចសហការរៀបចំរវាងស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ថ្លែងនាពិធីបិទសន្និបាតនោះដែរ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា បុរីជនបទ គឺសំដៅលើរៀបចំភូមិឃុំរបស់ប្រជាពលរដ្ឋ ឱ្យសមរម្យសម្រាប់ប្រជាពលរដ្ឋរស់នៅ ទាំងជីវភាព ទាំងកិត្តិយស និងឱ្យសមរម្យរួមជាមួយនឹងលទ្ធភាព ដែលអាចធ្វើទៅបាន។

សម្តេច ហ៊ុន ម៉ាណែត បានបញ្ជាក់ពីគោលនយោបាយរបស់រដ្ឋាភិបាល ក្នុងការកាត់បន្ថយគម្លាតរវាងអ្នកក្រុង និងអ្នកជនបទ កុំឱ្យខុសគ្នាឆ្ងាយ ខណៈបច្ចុប្បន្ន ផ្លូវជនបទដែលជាហេដ្ឋារចនាសម្ព័ន្ធចម្បង មានប្រមាណ៥ម៉ឺនគីឡូម៉ែត្រ ដែលមាន៧៤ភាគរយគ្របដណ្តប់ទូទាំងប្រទេស៕




© រក្សាសិទ្ធិដោយ thmeythmey.com